ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានប្រកាសថា ស្ថានទូតកម្ពុជា បានអន្តរាគមន៍ជួយពលរដ្ឋខ្មែរ១៣នាក់ ដែលធ្វើការដោយខុសច្បាប់ប្រទេសម៉ាឡេស៊ី ប្រទេសវៀតណាម និងប្រទេសចិន ក្រោយចាញ់បោកមេខ្យល់។
បើតាមលោកជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ម៉ាឡេស៊ី ដោះស្រាយបញ្ហានិងរៀបចំមាតុភូមិវត្តន៍របស់ពលករ-ពលការិនីខ្មែរ៧នាក់ ដែលបានទៅធ្វើការដោយខុសច្បាប់នៅប្រទេសម៉ាឡេស៊ី ។ ពលករទាំង៧នាក់ បានមកដល់កម្ពុជាជាបន្តបន្ទាប់ នៅថ្ងៃទី២១ ទី២៥ និងទី២៨ ខែមករាឆ្នាំ២០១៨។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម បានសហការជាមួយអាជ្ញាធរវៀតណាម ជួយសង្គ្រោះស្ត្រីខ្មែរ២នាក់ ដែលត្រូវបានមេខ្យល់បោកបញ្ឆោតចម្រុងនាំទៅរៀបការជាមួយបុរសជនជាតិចិន។ ស្ត្រីទាំង២នាក់មកពីខេត្តកណ្តាល បានធ្វើដំណើរចេញពីភ្នំពេញ តាមយន្តហោះទៅដល់ក្រុងហាណូយ កាលពីថ្ងៃទី២៦ខែមករាឆ្នាំ២០១៨ រួចបន្តដំណើរដោយម៉ូតូឆ្លងកាត់ទីក្រុងហាណូយ ឆ្ពោះទៅព្រំដែនឡាំងសឺនវៀតណាមចិន ប៉ុន្តែបានលោតចេញពីម៉ូតូ និងរត់សំដៅទៅការិយាល័យនគរបាលវៀតណាម ដើម្បីសុំកិច្ចអន្តរាគមន៍។ស្ថានទូត បានសហការជាមួយការិយាល័យអន្តោប្រវេសន៍ទីក្រុងហាណូយ នាំស្ត្រីរងគ្រោះទាំងពីរនាក់ទៅស្នាក់នៅបណ្តោះអាសន្ន ក្នុងមជ្ឈមណ្ឌលគាំពារសង្គម និងបានបញ្ជូនពួកគេតាមយន្តហោះ មកដល់កម្ពុជាវិញ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ ។
ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាម បានទទួលពលរដ្ឋខ្មែរ៣នាក់ ដែលបានអនុវត្តទោសជាប់ពន្ធនាគាររយៈពេល២ឆ្នាំ (១៧មករា២០១៦ដល់១៧មករា២០១៨) ពីបទរៀបចំលេងល្បែងស៊ីសង និងបានចេញលិខិតធ្វើដំណើរជូនពួកគេត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី១៧ខែមករាឆ្នាំ២០១៨ដោយមានសាច់ញាតិរង់ចាំទទួលយកពីស្ថានអគ្គកុងស៊ុល។
តាមការណែនាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយយោងតាមពាក្យបណ្តឹងពីសាច់ញាតិជនរងគ្រោះ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ ប្រទេសចិន បានជួយសង្គ្រោះស្ត្រីខ្មែរម្នាក់ ដែលត្រូវបានមេខ្យល់បញ្ចុះបញ្ចូលនាំទៅរៀបការជាមួយបុរសជនជាតិចិន អំឡុងឆ្នាំ២០១២ ។ ស្ថានអគ្គកុងស៊ុលបានរកឃើញស្ត្រីរងគ្រោះនៅទីក្រុងវ៉េនស៊ូ ខេត្តជឺជាំង និងបានជូននាងមកដល់ស្ថានអគ្គកុងស៊ុលនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ដោយមានកិច្ចសហការពីនគរបាលទីក្រុងសៀងហៃ។ ស្ត្រីរងគ្រោះនឹងត្រឡប់មកកម្ពុជាវិញក្នុងពេលឆ្នាំៗនេះ ក្រោយទទួលបានលិខិតធ្វើដំណើរពីស្ថានអគ្គកុងស៊ុល និងទិដ្ឋាការពីអាជ្ញាធរចិន៕ ដោយ៖បញ្ញាស័ក្តិ