ខេត្តស្វាយរៀង៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ត្រូវបានរាជរដ្ឋាភិបាលប្រកាសដាក់ចេញជាលើកដំបូងនៅឆ្នាំ២០១៧ និងត្រូវបានអនុវត្តប្រកបដោយលទ្ធផលជោគជ័យ និងទទួលបានការសាទរពីគ្រប់មជ្ឈដ្ឋាន ហើយមកដល់បច្ចុប្បន្ន យុទ្ធនាការដ៏មានសារៈសំខាន់នេះ ត្រូវបានអនុវត្តជាបន្តបន្ទាប់ បានចំនួន ៥លើករួចមកហើយ។
គិតត្រឹមរយៈពេល ៨ខែ ដើមឆ្នាំ២០២០ នេះ មានបទល្មើសគ្រឿងញៀនសរុបចំនួន ៣២,២០៥ ករណីត្រូវបានបង្ក្រាប ក្នុងនោះជនសង្ស័យចំនួនជាង ៦ម៉ឺន ៧ពាន់ នាក់ ត្រូវបានឃាត់ខ្លួន និងគ្រឿងញៀនគ្រប់ប្រភេទសរុបជាង ២,៣០០ គីឡូក្រាម ត្រូវបានដកហូត។
នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ នេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីដុតបំផ្លាញគ្រឿងញៀនដែលបានប្រារព្ធធ្វើឡើងនៅលើទឹកដីខេត្តស្វាយរៀង ឯកឧត្តមរដ្ឋមន្ត្រី ក៏បានក្រើនរំលឹកដល់មន្ត្រីអនុវត្តច្បាប់ និងអ្នកពាក់ព័ន្ធទាំងអស់ ឱ្យប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបន្តអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ និងដើម្បីជាឧត្តមប្រយោជន៍ដល់សង្គមជាតិយើងទាំងមូល។
បន្ថែមពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកជូនអង្គពិធីនូវខ្លឹមសារនៃសារលិខិតមួយច្បាប់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ផ្ញើជូនជនរួមជាតិនៅក្នុងឱកាសនៃការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នៅកម្ពុជា ដែលក្នុងនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «អ្នកញៀនគ្រឿងញៀនដែលជាជនរងគ្រោះពិតប្រាកដ ត្រូវបានយកចិត្តទុកដាក់ ដោះស្រាយ និងជួយសង្គ្រោះឱ្យបានសមស្រប ប៉ុន្តែឧក្រិដ្ឋជន និងជនលើ្មសពាក់ព័ន្ធនឹងការផលិត ការកែច្នៃ ការរក្សាទុក ការជួញដូរ និងការចរាចរគ្រឿងញៀនខុសច្បាប់ គឺត្រូវតែបានផ្តទ្ទាទោសយ៉ាងតឹងរឹងទៅតាមនីតិវិធីនៃច្បាប់»៕ ដោយ៖កូឡាប