កំពត ៖ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំពិភាក្សាលើការបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសបុណ្យអុំទូក អកអំបុក សំពះព្រះខែ នាពេលខាងមុខនេះ ដោយទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសចំនួន៤៥នាក់ ហើយឯកឧត្តម ក៏បានស្នើឲ្យពិចារណា បន្ធូរបន្ថយទោស ឬលើកលែងទោសដល់អ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀន កម្រិតតិចតួច ដើម្បីបន្ធូរបន្ថយការចំណាយរបស់រដ្ឋ និងកាត់បន្ថយការណែនចង្អៀតក្នុងពន្ធនាគារ។
នៅព្រឹកថ្ងៃ ពុធ ទី៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំពិភាក្សាលើការបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសបុណ្យអុំទូក អកអំបុក សំពះព្រះខែ នាពេលខាងមុខនេះ។ សមាសភាពអញ្ជើញចូលរួម៖ ឯកឧត្តម អភិបាលរងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កងកម្លាំង អង្គភាពពន្ធនាគារខេត្ត មន្ត្រីជំនាញចំណុះសាលាខេត្ត សរុប ១៤នាក់។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា ទណ្ឌិត ដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសចំនួន៤៥នាក់ ស្រី១នាក់រួមមាន៖ -ស្នើសុំបន្ធូរបន្ថយទោសរយ:ពេល ៦ខែ មានចំនួន ២២នាក់ ស្រី១នាក់។ -ស្នើសុំបន្ធូរបន្ថយទោសរយ:ពេល ៩ខែ មានចំនួន ៩នាក់ ។ -ស្នើសុំបន្ធូរបន្ថយទោសរយ:ពេល ១២ខែ មានចំនួន ៣នាក់ ។ -ស្នើសុំលើកលែងទោស មានចំនួ១១នាក់។
ថ្លែងក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ជាវ តាយ ស្នើឲ្យសមាជិក សមាជិកាអង្គប្រជុំ ត្រូវតែពិនិត្យពិចារណាឲ្យល្អិតល្អន់ ថាតើទណ្ឌិតទាំងអស់នេះ ស័ក្តិសមនឹងបន្ធូរបន្ថយទោស ឬមិនគួរ ដោយផ្អែកទៅលើប្រភេទបទល្មើស រយៈពេលនៃការអនុវត្តទោស និងការកែខ្លួនរបស់ទណ្ឌិត ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ក៏ដូចជាទណ្ឌិតដែលមានការកែប្រែខ្លួន។
ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើឲ្យពិចារណា បន្ធូរបន្ថយទោស ឬលើកលែងទោសដល់អ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀន កម្រិតតិចតួច ដើម្បីបន្ធូរបន្ថយការចំណាយរបស់រដ្ឋ ក៏ដូចជាការកាត់បន្ថយការណែនចង្អៀតក្នុងពន្ធនាគារ៕
ដោយ៖កូឡាប