ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មាន ពីករណីជាសះស្បើយ ៨នាក់ កូវីដ-១៩ នៅកម្ពុជា។
បើតាមស្ថានភាពជំងឺកូវីដ-១៩ នៅទូទាំងប្រទេស ៖ គិតត្រឹមម៉ោង ០៧និង០០ព្រឹក ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីង-១៩ នៅកម្ពុជា មាន៖ ចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២១០នាក់ (ស្មើនឹង ៨៦,៤២% ធៀបនឹងចំនួនអ្នកមានវីរុសកូវីដ-១៩ទាំងអស់ នៅក្នុងចំនួននេះ មានស្រី ៤៦នាក់ និងបុរស១៦៤នាក់ ។ អ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៤៣នាក់ (ស្ត្រី ៤៧នាក់ និងបុរស ១៩៦នាក់)។ អ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួនសរុប ៣៣នាក់៖
នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ០១នាក់ (ស្ត្រី) ។ នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញមានចំនួន ២៦នាក់ (បុរស ) នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺមានចំនួន ៦នាក់ ជាបុរស។
ករណីជាសះស្បើយ ចំនួន ០៨នាក់ គឺក្រុមទាហានមួកខៀវអង្គការសហប្រជាជាតិរបស់កម្ពុជា ចំនួន ៣នាក់ គឺបុរសជនជាតិខ្មែរអាយុ ៤៩ឆ្នាំ មានអាស័យដ្ឋាននៅភូមិគោកព្រិច ឃុំកំពុងប្រណាក់ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ បុរសជនជាតិខ្មែរអាយុ ៤៣ឆ្នាំ មានអាសយដ្ឋាននៅភូមិក្រសាំងក្រោម ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត ។ បុរសជនជាតិខ្មែរអាយុ ៤៧ឆ្នាំ មានអាសយដ្ឋាននៅភូមិកំបូល ឃុំកំបូល ស្រុកអង្គស្នួល ខេត្តកណ្តាល ។ បុរសទាំង ០៣នាក់ខាងលើ ជាក្រុមទាហានមួកខៀវអង្គការសហប្រជាជាតិរបស់កម្ពុជា ដែលបានវិលត្រឡប់ មកពីប្រទេសម៉ាលី ត្រូវបានព្យាបាល ជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
បុរសជនជនជាតិខ្មែរមកពីប្រទេសឥណ្ឌូណេស៊ី ចំនួន ០២នាក់គឺ បុរសអាយុ ២៧ឆ្នាំ មានអាសយដ្ឋាននៅភូមិជំនឹក ឃុំជំនឹក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ បុរសជនអាយុ ៣៦ឆ្នាំ មានអាសយដ្ឋាននៅភូមិជីរកែវ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ បុរសទាំង ២នាក់ខាងលើ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី តាមជើងហោះហើរ មកកម្ពុជា ត្រូវបានព្យាបាល ជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ ស្ត្រីជនជាតិឥណ្ឌូណេស៊ី អាយុ ៥៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅបណ្តោះអាសន្ននៅសណ្ឋាគារមួយ។
ជនបរទេស ចំនួន ៣នាក់ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី បន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ីមកកម្ពុជា ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមាន វីរុសកូវីដ -១៩ ចំនួន ២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាព-ខ្មែរសូវៀត។ បុរសជនជាតិឥណ្ឌា អាយុ៣២ឆ្នាំ មានអាសយដ្ឋានស្នាក់បណ្តោះអាសន្នក្នុងរាជធានីភ្នំពេញ បានធ្វើ ដំណើរចេញពីប្រទេសឥណ្ឌា ឆ្លងកាត់តាមប្រទេសម៉ាឡេស៊ី និងបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូងមកកម្ពុជា ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាព-ខ្មែរសូវៀត។ បុរសជនជាតិអាមេរិកកាំង ជាមន្ត្រីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិកកាន់វីសាប្រភេទ A មានអាសយដ្ឋាន ស្នាក់នៅក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា រាជធានីភ្នំពេញ។ គាត់បានធ្វើដំណើរពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកប្រទេសកម្ពុជា ត្រូវបានរាយការណ៍ដោយស្ថានទូតអាមេរិកប្រចាំកម្ពុជាថា បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ២ដង ដែលគ្រប់គ្រងដោយស្ថានទូតអាមេរិកប្រចាំកម្ពុជា។
ក្រសួងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី -បុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់ នៅទូទាំងប្រទេស ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរបំផុត ក្នុងការជួយពិនិត្យសុខភាព និងស្រាវជ្រាវរកករណីកូវីដ-១៩ ព្រមទាំងអ្នកប៉ះពាល់ទាំងអស់កន្លងមក រួមទាំងការដាក់វិធានការនានា ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា៕ដោយ៖កូឡាប