ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានធ្វើការណែនាំ ដល់មន្ទីរជំនាញ ត្រូវលុបបំបាត់កន្លែងលក់ហ្គាសបែបអាណាធិបតេយ្យឲ្យអស់ ពីក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។
លោកឃួង ស្រេង បានណែនាំថា មន្ទីរជំនាញពាក់ព័ន្ធត្រូវសហការគ្នា ជាមួយនឹងអាជ្ញាធរខណ្ឌទាំង ១៤ ដើម្បីចុះត្រួតពិនិត្យកន្លែងលក់ហ្គាសនានា ស្វែងយល់ពីទិដ្ឋភាពច្បាប់ សម្ភារបច្ចេកទេសស្តង់ដារ និងឧបករណ៍ការពារ ដើម្បីធានាថាអាជីវកម្មនេះគ្មានផលរំខាន ឬបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនិងបរិស្ថាន។
លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះ នៅរាជធានីភ្នំពេញ មានកន្លែងលក់ហ្គាសនិងបញ្ជូលហ្គាស ជាច្រើន ហើយកន្លែងខ្លះគ្មានស្តង់ដារបច្ចេកទេស បើប្រាស់ធុងហ្គាសចាស់ៗគ្មានគុណភាព ឬធុងស្តើង ដែលងាយបង្កហានិភ័យគ្រោះថ្នាក់ទាំង អ្នកបញ្ជូលនិងអ្នកប្រើប្រាស់។
លោកអភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ក្រុមអាជីវករលក់ហ្គាសទាំងអស់ ត្រូវបញ្ឈប់ការទិញធុងហ្គាសចាស់ៗពីប្រទេសដទៃ ហើយយកមកបាញ់ថ្នាំដើម្បីប្រើប្រាស់បន្ត ដែលនេះគឺជាហានិភ័យគ្រោះថ្នាក់ខ្ពស់ អាចបង្កឲ្យផ្ទុះធុងហ្គាសនិងអគ្គិភ័យឆាប់ឆេះផ្ទះសម្បែងជាដើម។
លោកឃួង ស្រេង បញ្ជាក់ទៀតថា នៅរាជធានីភ្នំពេញសព្វថ្ងៃនេះ កន្លែងលក់ហ្គាសពុំមែនតែកន្លែងលក់ហ្គាសទេ គឺមានទាំងផលិតហ្គាសថែមទៀត ព្រោះពេលចុះទៅកន្លែងផ្ទុះហ្គាស គឺឃើញថ្មស្អុយដែលជាសារធាតុ ផលិតហ្គាស។ កិច្ចការងារនេះ គឺជាសន្តិសុខសុវត្ថិភាពប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយបើកាលណាបង្ក អោយមានកន្លែងលក់ហ្គាសអាណាធិបតេយ្យកាន់តែច្រើន ហានិភ័យកាន់តែខ្ពស់ចំពោះយើង ហើយយើង ពិបាកឡានដែលរត់ទៅសង្គ្រោះ ក៏មានការចង្អៀតដោយសារបញ្ហាចរាចរណ៍ ដែលចំណុចនេះត្រូវតែយក ចិត្តទុកដាក់ឲ្យបានខ្ពស់។
លោក ឃួង ស្រេង បានធ្វើការណែនាំបែបនេះ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែសីហានេះ នៅសាលារាជធានីភ្នំពេញ។
លោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានមានប្រសាសន៍ថា បញ្ហាហ្គាស ឬការលក់សាំងដប នៅតាមចិញ្ចើមផ្លូវ ឬផ្ទះលក់ដូរគ្រឿងទេស ជាបញ្ហាប្រឈមផ្នែកសុវត្ថិភាព ដោយត្រូវ បង្កើនការយកចិត្តទុកដាក់លុបបំបាត់ឲ្យខាងតែបាន ខណៈដែលអគ្គិភ័យនានា ដែលកើតឡើងនៅរាជធានីភ្នំពេញកន្លងមកនេះ ភាគច្រើនបណ្តាលមកពីការផ្ទុះធុងហ្គាស ដែលគ្មានបច្ចេកទេសនេះឯង។
សូមបញ្ជាក់ថា មនុស្សចំនួន ៤នាក់ បានស្លាប់ក្នុងភ្នក់ភ្លើង ក្នុងហេតុការណ៍គ្រោះអគ្គិភ័យមួយកើតឡើង ផ្តើមចេញពីផ្ទុះធុងហ្គាស លក់ខ្យល់អីដ្រូសែននិងថ្មស្អុយ សម្រាប់កែច្នៃផ្សេងៗ ស្ថិតនៅផ្ទះលេខ៣៦ ផ្លូវលេខ៦៣ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាធានីភ្នំពេញ នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០៕
ដោយ៖កូឡាប