ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានប្រគល់ថវិកាមួយចំនួនធំ ជាអំណោយរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចកត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ដើម្បីសាងសង់អគារសម្រាកព្យាបាលនិងរបងក្លោងទ្វាជូនកងពលតូចអន្ដរាគមន៍ លេខ ១២៨ តំបន់អូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលកំពុងការពារបន្ទាត់ព្រំដែនកម្ពុជា ឡាវ ។
ពិធីប្រគល់នេះបានធ្វើឡើងកាលពីល្ងាចថ្ងៃទី០១ កុម្ភៈនៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ត្រី មៀច សាមុត មេបញ្ជាការកងពលតូចអន្ដរាគមន៍លេខ១២៨ នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។
លោក ឃួង ស្រេង បានអោយដឹងថា អគារសម្រាប់ធ្វើការ អគារសម្រាកព្យាបាលនិងរបងក្លោងទ្វាជូនកងពលតូចអន្ដរាគមន៍លេខ១២៨ តំបន់អូរអាឡៃនេះ គ្រោងនឹងសាងសង់ឡើងអស់ទឹកប្រាក់ជាង៧ម៉ឺនដុល្លារ ជាអំណោយរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចកត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ហើយថវិកាទាំងនេះ យើងនឹងផ្តល់ជាតំណាក់កាល មានន័យថា សម្រាប់ការប្រគល់លើនេះ គឺរដ្ឋបាលរាជធានីភ្នំពេញ ប្រគល់ចំនួន២ម៉ឺនដុល្លារសិន ហើយនៅពេលក្រោយរដ្ឋបាលរាជធានីភ្នំពេញនឹងបន្តប្រគល់ជូនជាបន្តបន្ទាប់ទៀតរហូតអគារខាងលើសាងសង់រួច៕ ដោយ៖កូឡាប