ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានកំណត់យកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០នេះ ដើម្បីប្រារព្ធកម្មវិធីដ៏ធំមួយស្តីពីការប្រកាសពានរង្វាន់ជូនជ័យលាភីស្លាកសញ្ញា-និមិត្តសញ្ញា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និង អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ និងពិធីរាប់ថយក្រោយចំនួន ១០០០ថ្ងៃ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានCAMSOC នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
បើតាមលោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានគូសបញ្ជាក់ថា តាមការគ្រោងទុកពិធីនេះនឹងត្រូវធ្វើឡើង នាវេលាម៉ោង៥ល្ងាច ថ្ងៃទី៧ សីហា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC។
ចំពោះរបៀបវារៈសំខាន់ៗរួមមាន៖ ការគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា, របាំជូនពរ, សន្ទរកថាស្វាគមន៍ដោយលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC, មតិសំណេះសំណាល និងការផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់, ពិធីប្រកាសបេក្ខជន បេក្ខនារី ដែលជាម្ចាស់ជ័យលាភី ស្លាកសញ្ញា-និមិត្តសញ្ញា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងជូនរង្វាន់លើកទឹកចិត្ត។ ចំណាប់អារម្មណ៍របស់ជ័យលាភី ការសម្តែងសិល្បៈ និងពិធីរាប់ថយក្រោយ ១០០០ថ្ងៃ សន្ធឹកស្គរជ័យ។ ចំពោះបាវចនារបស់សីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺ «កីឡារស់ក្នុងសន្តិភាព-SPORT LIVE IN PEACE»។
សូមបញ្ជាក់ថា ដំណើរឆ្ពោះទៅរៀបចំ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយចាប់រាប់ពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ តទៅរហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃពិធីបើកជាផ្លូវការ មានចំនួន១០០០ថ្ងៃគត់។ រីឯការទទួលរៀបចំធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម (កីឡាជនពិការ) លើកទី១២ ឆ្នាំ២០២៣ បន្ទាប់ពីបញ្ចប់ស៊ីហ្គេម លើកទី៣២ រយៈពេលជាង១០ថ្ងៃ ដែលមានកាលបរិច្ឆេទពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣៕ ដោយ៖កូឡាប