ភ្នំពេញ៖ គម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងនោះរួមមាន ផ្លូវក្រវាត់ក្រុងទី១ ទី២ ទី៣ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ស្ពានស្ទឹងត្រង់ ស្ពានខេត្តក្រចេះ កំពង់ផែពហុបំណងខេត្តព្រះសីហនុ និងកំពង់ផែសមុទ្រទឹកជ្រៅ ជាដើម។
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា បាននឹងកំពុងពង្រីក និងពង្រឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ជាច្រើននៅទូទាំងប្រទេស ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងសង្គមជាតិ តាមរយៈការកាត់បន្ថយថ្លៃដើម និងជំរុញការដឹកជញ្ជូនឱ្យបានរហ័ស និងទាន់ពេល។
បើតាមអ្នកនាំពាក្យក្រសួងសាធារណៈការ និងជញ្ជូន បានឱ្យដឹងថា រដ្ឋាភិបាលបាននឹងកំពុងស្តារ និងភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងប្រទេស ឱ្យកាន់តែមានល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយប្រែក្លាយពីផ្លូវពីបេតុង ទៅផ្លូវAC និងលើកកម្ពស់បច្ចេកវិទ្យាថ្មីៗ ក្នុងកសាងផ្លូវតបតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងធ្វើឱ្យផ្លូវមានគុណភាពខ្ពស់។
មន្ត្រីអ្នកនាំពាក្យ បានអះអាងថា កម្ពុជាបានស្តាផ្លូវផ្លូវដែកឡើងវិញ កសាងកំពង់ផែ និងកំពុងស្ថាបនាផ្លូវល្បឿនលឿន ដែលមានបំពាក់ភ្លើងបំភ្លឺផ្លូវ ដាក់កាមេរ៉ាសុវត្ថិភាព ក្នុងន័យធ្វើយ៉ាងណាឱ្យវាទំនើប និងមានសុវត្ថិភាពខ្ពស់ ដូចនៅបណ្តាប្រទេសអភិវឌ្ឍន៍នានា នៅក្នុងពិភពលោក។
គួរបញ្ជាក់ថា ការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើននៅកម្ពុជា គឺជាយុទ្ធសាស្ត្រសំខាន់មួយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ទ្រទ្រង់កំណើនក្នុងវិស័យផលិតកម្ម និង តម្រូវការប្រើប្រាស់របស់កម្ពុជា៕
ដោយ៖CEN