Saturday, October 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផលិតផល​ត្រី ផលិតផល​ស្វាយ កំពុង​ត្រូវការ​ទីផ្សារ​នាំចេញ ក្រុមហ៊ុន​ចិន នឹង​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន ១០​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ​

​ភ្នំពេញ ​៖ ​ស្របពេល​ដែល​ផលិតផល​ត្រី ផលិតផល​ស្វាយ របស់​ប្រជាកសិករ ត្រូវការ​ទីផ្សារ​នាំចេញ ហើយក៏​ជា​ឱកាស សម្រាប់​ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន​ទទួល បាន​ការងារ​ធ្វើ មាន​ប្រាក់​ចំណូល​ក្នុង​គ្រួសារ តាមរយៈ​ក្រសួង​កសិកម្ម ក្រុមហ៊ុន Hunty នឹង​នាំ​ចេញ​សាច់​ត្រី​ប្រា​ក្លាស្សេ (​ហ្វី​ឡេ​) និង​ផលិតផល​ស្វាយ ទៅកាន់​ប្រទេស​ចិន ឲ្យបាន​១០​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ​។​

​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មាន​រៀបចំ​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា រវាង​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជាមួយ​ក្រុមហ៊ុន Hunty Co., Ltd ។ អនុស្សរណៈ​នេះ គឺ​មាន​គោលបំណង ពង្រឹង​កិច្ច​សហការ លើ​ការអនុវត្ត​ផែនការ​សកម្មភាព នៃ​គម្រោង នាំចេញ​សាច់​ត្រី​ប្រា​ក្លាស្សេ (​ហ្វី​ឡេ​) និង​ផលិតផល​ស្វាយ​ទៅកាន់​ប្រទេស​ចិន ឲ្យបាន ១០​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ​នាពេល​អនាគត​។​

លោក​រដ្ឋមន្ត្រី បាន​ថ្លែងថា លទ្ធផល​នា​ថ្ងៃនេះ គឺ​បានមកពី​ការខិតខំ​ប្រឹងប្រែង របស់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេជោ ជា​នាយករដ្ឋមន្ត្រី ដែល​ដឹកនាំ​ប្រទេស​ប្រកបដោយ​ឆន្ទៈ និង​គតិបណ្ឌិត ដែល​មាន​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ជា​សេនាធិការ​ផ្ទាល់ ក្នុង​ការខិតខំ​ប្រឹងប្រែង​ទាំង​កម្លាំងកាយ ចិត្ត ពុះពារ​បាន​នូវ​រាល់​បញ្ហា ធ្វើយ៉ាងណា​នាំយក​កសិផល​កម្ពុជា ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​។​

​លោក​បន្តថា សមិទ្ធផល​នា​ថ្ងៃ​នេះ​ទៀត​សោធន៍ ក៏​បាន​មក​ពី​ការជឿជាក់ ទុកចិត្ត​លើ​ការដឹកនាំ​ដ៏​ត្រឹមត្រូវ របស់​រាជរដ្ឋាភិបាល ហេតុផល​នេះ ក្រុមហ៊ុន​បាន​ចុះ​ទុនវិនិយោគ ចំ​ពេល​ដែល​ផលិតផល​ត្រី ក៏ដូចជា ផលិតផល​ស្វាយ របស់​ប្រជាកសិករ ត្រូវការ​ទីផ្សារ​នាំចេញ ហើយក៏​ជា​ឱកាស​យ៉ាង​ប្រពៃ សម្រាប់​ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន​ទទួល បាន​ការងារ​ធ្វើ មាន​ប្រាក់​ចំណូល​ក្នុង​គ្រួសារ ឈប់​ធ្វើ​ចំណាកស្រុក និង​កាត់បន្ថយ​ភាពក្រីក្រ សមស្រប​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

×