Wednesday, March 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ពញា​ចក្រី ជំរុញ​ឲ្យ​ប្រទេស​ថៃ ជួយ​គាំពារ​ពលករ​ខ្មែរ​

​នៅពេល​ជួប​ពិភាក្សា​ការងារ​ជាមួយ លោក​សាស្ត្រ​ចារ្យ ផន​ពេជ្រ វិចិត​ឆុល​ឆ័យ (Pornpetch Wichitcholchai) ប្រធានសភា​នីតិប្បញ្ញត្តិ​ថៃ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ជំរុញ​ឲ្យ​ប្រទេស​ថៃ​ជួយ​គាំពារ​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើការ​នៅក្នុង​ប្រទេស​នេះ​។​

​សម្តេច​បាន​លើកឡើង​ថា កម្ពុជា​សូម​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​ថៃ ក៏ដូចជា​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​របស់​ថៃ ដែល​បាន​បង្ក​លក្ខណៈ ងាយស្រួល ទាំង​លក្ខខណ្ឌ​ការងារ ក៏ដូចជា​កិច្ចការពារ ចំពោះ​ពលករ​កម្ពុជា ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ​។ ទាំងនេះ​គឺជា​យុទ្ធសាស្ត្រ ឈ្នះ ឈ្នះ ទាំងអស់គ្នា ផ្តល់​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក ព្រោះថា​ប្រទេស​ថៃ​ត្រូវការ​កម្លាំង​ពលកម្ម ហើយ​ពលករ​កម្ពុជា​ក៏​ត្រូវការ​ប្រាក់​ចំណូល ដើម្បី​រួម ចំណែក​អភិវឌ្ឍន៍​ទាំងអស់គ្នា​។​

​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋ​សភា​កម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ និង​មិត្តភាព នៅ​ព្រះរាជាណាចក្រ​ថៃ រយៈពេល​បី​ថ្ងៃ ដែល​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ តប​តាម​ការអញ្ជើញ​របស់ ឯកឧត្តម​សាស្ត្រាចារ្យ ផន​ពេជ្រ វិចិត​ឆុល​ឆ័យ (Pornpetch Wichitcholchai) ប្រធានសភា​នីតិប្បញ្ញត្តិ​ថៃ។​

​ដំណើរ​ទស្សនកិច្ច​នេះ ក្នុង​គោលបំណង​ពូន​ជ្រុំ លើកកម្ពស់​ទំនាក់ទំនង​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស និង​ប្រជាជាតិ​ទាំងពីរ កម្ពុជា​-​ថៃ ឲ្យ​កាន់តែ​រឹងមាំ​ខ្លាំងក្លា​ទ្វេ​ដង​ទៀត ជាពិសេស​ពង្រីក​កិច្ចសហប្រតិបត្តិការ រវាង​ស្ថាប័ន​នីតិប្បញ្ញតិ​យើង​ទាំងពីរ ឲ្យ​កាន់តែ​ជិតស្និត និង ស៊ីជម្រៅ​ទៀត​។​

​ក្នុង​ជំនួប​ដែល​ធ្វើ​នៅ​វិមាន​រដ្ឋ​សភា​ថៃ លោក​សាស្ត្រាចារ្យ ផន​ពេជ្រ វិចិត​ឆុល​ឆ័យ ប្រធានសភា​នីតិប្បញ្ញត្តិ​របស់​ប្រទេស​ថៃ បាន​ស្វាគមន៍​យ៉ាង កក់ក្តៅ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ប្រធានរដ្ឋសភា និង​គណៈប្រតិភូ​។ លោក​បាន​លើកឡើង​ថា កាលពី​៨​ឆ្នាំមុន​សម្តេច​ធ្លាប់បាន​អញ្ជើញ មក​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ​ម្តង ហើយ​ពេលនេះ លោក​មាន​កិត្តិយស​យ៉ាង​ក្រៃលែង ដែល​បាន​ជួបពិភាក្សា​ផ្ទាល់​ជាមួយ​សម្តេច នៅក្នុង​ការពង្រឹង ពង្រីក​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​រឹងមាំ​ឡើង​រវាង​ប្រទេស​ទាំង​ពីរ ពិសេស​ស្ថាប័ន​នីតិប្បញ្ញត្តិ​។​

​លោក​សាស្ត្រាចារ្យ ផន​ពេជ្រ វិចិត​ឆុល​ឆ័យ បាន​លើកឡើង​បន្ត​ថា លោក​ធ្លាប់បាន​ដឹកនាំ​គណៈប្រតិភូ​សភា​ថៃ មក​ចូលរួម​ប្រជុំ​ក្រុមប្រឹក្សា​ប្រតិបត្តិ​លើក​ទី​១ នៃ​មហាសន្និបាត​លើក​ទី​១០​របស់​សភា​តំបន់​អាស៊ី​(APA) ដែល​សភា​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​កាលពី​ឆ្នាំ​២០១៧​។ និយាយ​ជា​រួម​សភា ប្រទេស​កម្ពុជា និង​សភា​ប្រទេស​ថៃ បាន​រួមសហការ​ជាមួយ​គ្នា​យ៉ាងច្រើន​នា​ពេលកន្លងមក ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​លើកឡើង​ថា កម្ពុជា​-​ថៃ ជា​ប្រទេស​ភូមិ​ផង​របង​ជាមួយ ហើយ​ប្រជាជន​ប្រទេស​ទាំង​ពីរ មាន​ទំនាក់ទំនង យ៉ាង​ជិតស្និទ្ធ​ជាមួយ​គ្នា​តាំងពី​បូ​រម្យ​បូរាណ មាន​ប្រពៃណី សិល្បៈ វប្បធម៌​ស្រដៀង​គ្នា ដែល​អាច​និយាយបាន​ថា ជា​ប្រទេស​បងប្អូន​ជាមួយគ្នា​។​

“​ខ្ញុំ​ពិតជា​មោទនភាព​បំផុត ដោយ​សង្កេត​ឃើញ​ពី​វឌ្ឍនភាព នៃ​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​រដ្ឋាភិបាល​នៃ​ប្រទេស​យើង​ទាំងពីរ កម្ពុជា​-​ថៃ មាន​ការរីកចម្រើន​ជា​លំដាប់​លើ​គ្រប់​វិស័យ គ្រប់​កំរិត ក្នុង​ស្មារតី​ភាតរ​ភាពស្និទ្ធស្នាល​ក្នុង​ភាព​ជា​ដៃគូរ ហើយ​កិច្ចសហប្រតិបត្តិការ​នេះ​បាន​គ្របដណ្តប់​លើ​គ្រប់​វិស័យ ដែល​បាន​ផ្តល់​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក ដើម្បី​ឧត្តមភាព​ទាំងសងខាង​” នេះ​ជា​ការគូសបញ្ជាក់​របស់​សម្តេច ប្រធានរដ្ឋសភា​។​

​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ស្ថាប័ន​នីតិប្បញ្ញត្តិ នៃ​ប្រទេស​ទាំងពីរ​វិញ សម្តេច​អគ្គ​មហា​ពញា​ចក្រី បាន​លើកឡើង​ថា សភា​ប្រទេស ទាំងពីរ គួរ​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្នា​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែម​ទៀត​។ កិច្ចសហប្រតិបត្តិការ​នេះ គួរតែ​ធ្វើ​នៅ​គ្រប់​កំរិត កំរិត​ថ្នាក​ដឹកនាំ ជាន់ខ្ពស់ ក្រុម​មិត្តភាព​សភា​ទាំងពីរ គណៈកម្មការ​ជំនាញ​នានា​នៃ​រដ្ឋសភា រហូត​ដល់​អគ្គលេខាធិកា​រដ្ឋា​ន​រដ្ឋសភា​ផង​ដែរ​។ សម្តេច​បន្តថា អគ្គលេខា​- ធិ​ការ​រដ្ឋ​សភា​កម្ពុជា និង​ថៃ គួរ​ពិនិត្យ​កែលម្អ​ចំណុច​ខ្វះខាត​នៃ​អនុស្សរណៈ​នៃ​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់ សំដៅ​ធ្វើឲ្យ​កិច្ចសហប្រតិបត្តិកា​រកាន់​តែ​រលូន និង​ស៊ីជម្រៅ​។​

​នៅក្នុង​ឱកាស​នោះ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ក៏បាន​លើកឡើង​ពី​ស្ថានការណ៍​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​ជម្រាប​ជូន​ភាគី​ថៃ ផងដែរ​។ សម្តេច​បាន​គូសបញ្ជាក់ថា សភាពការណ៍​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន មាន​លក្ខណៈ​កាន់តែ​ល្អប្រសើរ បន្ទាប់​ពី​រាជរដ្ឋាភិបាល​កម្ពុជា​បាន ទប់ស្កាត់​ទាន់ពេលវេលា​នូវ​ឧបាយកល​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ តាមរយៈ​ការ​បំផុស​ធ្វើ​បដិវត្តន៍​ពណ៌​របស់​បក្សប្រឆាំង ដោយ​មាន​ការ ជួយ​ជ្រោមជ្រែង​ពី​ខាងក្រៅ​។ កន្លង​មក​បក្ស​នេះ​តែងតែ​បំពាន ញុះញង់ បង្ក​ឲ្យមាន​អស្ថិរភាព អសន្តិសុខ រំលោភបំពាន​ច្បាប់រដ្ឋធម្មនុញ្ញ ដែល​បង្ខំ​ឲ្យ​តុលាការ​កំពូល​ចាត់ការ​តាម​នីតិវិធី​ច្បាប់​រំលាយ​គណបក្ស​នេះ និង​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​។ ហើយ​ប្រធាន​បក្ស​ប្រឆាំង ត្រូវបាន ចាប់ខ្លួន ពី​បទ​ធ្វើ​សន្ទិដ្ឋិ​ភាព​ជា​មួយ​បរទេស ដែល​ជា​បទល្មើស​ក្បត់ជាតិ​។​

​សម្តេច​ប្រធានរដ្ឋសភា បាន​គូសបញ្ជាក់ថា កម្ពុជា​ខិតខំ​រក្សា​បាន​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច រយៈពេ​លវែ​ង ព្រមទាំង​ធ្វើ​កិច្ចសហការ​ល្អ​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​សកលលោក ដើម្បី​ធ្វើ​ការអភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​កាន់តែ​ថ្កុំថ្កើង​ឡើង​។ ជា​ចុងក្រោយ សម្តេច​បាន​អញ្ជើញ លោក​សាស្ត្រាចារ្យ មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ក្នុង​ពេលវេលា​សមស្រប​ណាមួយ​។​

​លោក​សាស្ត្រាចារ្យ ផន​ពេជ្រ វិចិត​ឆុល​ឆ័យ បាន​ទទួលយក​ការអញ្ជើញ​របស់​សម្តេច និង​បាន​គាំទ្រ​ការលើកឡើង​របស់​សម្តេច ពី​វិធានការ​របស់ រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការរក្សា​សុខសន្តិភាព ស្ថិរភាព​នយោបាយ​នៅក្នុង​ប្រទេស​។ លោក​ប្រធាន​សភា​នីតិប្បញ្ញត្តិ​របស់​ប្រទេស​ថៃ បាន​មាន ប្រសាសន៍ថា ជាធម្មតា​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ គឺ​រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ថែរក្សា​សុខសន្តិភាព ស្ថិរភាព​សង្គម​ជូនព​ល​រដ្ឋ និង​ប្រទេសជាតិ​៕ ដោយ ៖ បញ្ញា​ស័ក្តិ​