ភ្នំពេញ៖ ពាក់ព័ន្ធនឹងបញ្ហាការរីករាលដាលនៃជំងឺកូវីដ១៩ អភិបាលរាជធានី បានណែនាំឲ្យអភិបាលខណ្ឌទាំង១៤ មើលរាល់ក្លឹបកម្សាន្ត ដែលបានកែប្រែទៅជាភោជនីយដ្ឋាន ដោយមានតន្ត្រីកំដរ ការរក្សាគម្លាតសង្គម តើបានអនុវត្តតាមការណែនាំរបស់ក្រសួងដែរឬទេ? ហើយបើរកឃើញថា នៅក្នុងខណ្ឌណាមួយមានការបើកឌីស្កូថេក ឬ បើកកន្លែងជួបជុំគ្នាពពាក់ពពូន អភិបាលខណ្ឌនោះ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។
អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានជំរុញឱ្យមន្ទីរសុខាភិបាល ស្ថាប័នពាក់ព័ន្ធ និងថ្នាក់ដឹកនាំខណ្ឌទាំង១៤ បង្កើនការយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងក្លា លើការបង្ការទប់ស្កាត់ និងផ្សព្វផ្សាយ អប់រំ នូវវិធានទាំងឡាយរបស់ក្រសួងសុខាភិបាល នៅតាមមូលដ្ឋានរបស់ខ្លួនឱ្យបានផុសផុស ស្របពេលដែលប្រទេសជិតខាងមួយចំនួន កំពុងមានការកើនឡើងនៃអ្នកឆ្លង និងអ្នកស្លាប់ជាបន្តបន្ទាប់។
នៅក្នុងប្រជុំជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ និង ថ្នាក់ដឹកនាំខណ្ឌទាំងអស់ នារសៀលថ្ងៃទី១២ ខែ សីហា ឆ្នាំ២០២០នេះ ឯកឧត្តម ឃួង ស្រេង បានជំរុញឱ្យអ្នកពាក់ព័ន្ធទាំងអស់ ក្នុងរាជធានីភ្នំពេញបន្តយកចិត្តទុកដាក់បន្ថែមទៀត និងមានចំណាត់ការដោយការទទួលខុសត្រូវ ចំពោះការចូលរួមយុទ្ធនាការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បើទោះជាមានប្រទេសមហាអំណាចមួយចំនួន បានបង្ហាញពីការរកឃើញវ៉ាក់សាំងព្យាបាលកូវីដ១៩ហើយក្តី ប៉ុន្តែសម្រាប់កម្ពុជាយើង គឺមិនអាចធ្វេសប្រហែសបានឡើយ ដូចដែលប្រមុខរាជរដ្ឋាភិបាល តែងតែលើកឡើងជាញឹកញាប់ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ មិនថាកាលៈទេសៈណានោះទេ គឺអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវតែបន្តអប់រំ ផ្សព្វផ្សាយ នូវវិធាននានាដែលក្រសួងសុខភិបាលបានដាក់ចេញ ជាពិសេសប្រជាពលរដ្ឋត្រូវតែមានការប្រុងប្រយ័ត្នដោយខ្លួនឯងគ្រប់ពេលវេលា។
ឯកឧត្តម អភិបាល បានថ្លែងផងដែរ អំពីយន្តការ នៃការតាមដានចំពោះអ្នកមកពីបរទេស តាមរយៈការធ្វើចត្តាឡីស័ក បើទោះពួកគាត់មកតាមមធ្យោបាយណាក៏ដោយ ត្រូវតែដឹងគ្រប់មូលដ្ឋាន ដើម្បីបន្តធ្វើចត្តាឡីស័ក អ្នកទាំងនោះឱ្យបានត្រឹមត្រូវនឹងប្រាកដថា ពួកគាត់ពិតជាអវិជ្ជមានកូវីដ១៩។
ឯកឧត្តម ឃួង ស្រេង បញ្ជាក់ថា អភិបាលខណ្ឌទាំង១៤ ត្រូវមើលរាល់ក្លឹបកម្សាន្ត ដែលបានកែប្រែទៅជាភោជនីយដ្ឋាន ដោយមានតន្ត្រីកំដរ តើបានអនុវត្តតាមការណែនាំរបស់ក្រសួងដែរឬទេ ជាពិសេស ការរក្សាគម្លាតសង្គម។ ហើយបើរកឃើញថា នៅក្នុងខណ្ឌណាមួយមានការបើកឌីស្កូថេក ឬ បើកកន្លែងជួបជុំគ្នាពពាក់ពពូននោះ អភិបាលខណ្ឌត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។
ពាក់ព័ន្ធនឹងបញ្ហានេះសម្តេចតេជោនាយករដ្ឋមន្ត្រីធ្លាប់បានលើកឡើងហើយថា ក្នុងនាមអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ពាក់ព័ន្ធនឹងកូវីត–១៩នេះ យើងកុំហ៊ានពេក ហើយក៏កុំខ្លាចពេកដែរ ដែលធ្វើឲ្យបាត់បង់ម្ចាស់ការ។
” បើក្លឹបនិងខារ៉ាអូខេខាងទាំងនោះ មិនបានប្រែក្លាយទៅជាភោជនីយដ្ឋានទេតែបែរជា លួចបើកជាក្លឹប ខារ៉ាអូខេ ហើយត្រូវបានកម្លាំងមានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការ បង្ក្រាបបានជាក់ស្តែងនោះ នោះអាជ្ញាធរខណ្ឌនោះ នឹងមានបញ្ហាប្រឈមមុខជាមួយនឹងក្រសួងមហាផ្ទៃនិងរាជរដ្ឋាភិបាលហើយ” អភិបាលរាជធានីភ្នំពេញបញ្ជាក់បន្ថែមយ៉ាងដូច្នេះ។
ឯកឧត្តមបញ្ជាក់ទៀតថា “យើងអាចភ្លេចកូវីដ១៩ ប៉ុន្តែកូវីដ១៩ មិនភ្លេចយើងគ្រប់គ្នាទេ តែហ៊ានធ្វេសប្រហែសនិងមានហានិភ័យជាកើតឡើងជាមិនខាន” ជាពិសេសនៅតាមផ្សារនានា ត្រូវតែរៀបចំធ្វើអនាម័យ និងបាញ់អាល់កុលជាប្រចាំ ដើម្បីការពារកុំឱ្យមានការរីករាលដាល នៅក្នុងសហគមន៍របស់យើង ដោយផ្តើមការទទួលខុសត្រូវចេញពីយើងគ្រប់គ្នា សហគមន៍យើង និងការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរមូលដ្ឋាន៕ដោយ៖កូឡាប