ភ្នំពេញ ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានចេញសេចក្តីថ្លែងការណ៍ ស្តីពីស្ថានការណ៍នយោបាយកម្ពុជា ដោយបានលើកឡើងថា នៅសល់រយៈពេលមិនដល់១០ខែទៀតទេ ប្រទេសកម្ពុជា នឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦។
សេចក្តីថ្លែងការណ៍ ដែលធ្វើឡើងកាលពីថ្ងៃទី១៣ខែតុលាឆ្នាំ២០១៧នេះ បានបញ្ជាក់ថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបរិយាកាសនយោបាយកម្ពុជាបច្ចុប្បន្ន ដែលជះឥទ្ធិពលអវិជ្ជមានដល់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅឆ្នាំ២០១៨ ដែលអាចធ្វើឱ្យការបោះឆ្នោតនេះមិនមានភាពសេរី យុត្តិធម៌ និងភាពទទួលយកបានដោយទូលំទូលាយពីសហគមន៍ជាតិ និងអន្តរជាតិ។
លក្ខខណ្ឌសំខាន់មួយនៃការបោះឆ្នោតប្រកបដោយសេរី និងយុត្តិធម៌ គឺគណបក្សនយោបាយទាំងអស់ រួមទាំងគណបក្សសង្គ្រោះជាតិ មានឱកាស និងសេរីភាពចូលរួមប្រកួតប្រជែងដូចៗគ្នា។
ក្នុងន័យនេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទាមទារឱ្យមានការដោះលែងអ្នកដឹកនាំគណបក្សនយោបាយទាំងអស់ ដើម្បីឲ្យពួកគាត់អាចដឹកនាំគណបក្សនយោបាយចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិនាឆ្នាំ២០១៨ ខាងមុខ ដោយស្មើភាព និងយុត្តិធម៌៕ ដោយ៖ជាលី