ខេត្តកំពត ៖ ឯកឧត្តមជាវ តាយអភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំស្ដីពីបញ្ហាដីធ្លី ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិក្នុង ភូមិសាស្ត្រនៃខេត្តកំពត ដែលនៅសេសសល់មិនទាន់ដោះស្រាយរួច ដែលកិច្ចប្រជុំនេះ មានការចូលរួមពី អភិបាលរងខេត្ត អាជ្ញាធរ ក្រុង ស្រុក មន្ទីរ អង្គភាព និងទីចាត់ការពាក់ព័ន្ធមួយចំនួនចំណុះសាលាខេត្តនៅរសៀលថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០ នាសាលប្រជុំសាលាខេត្តកំពត។
មានប្រសាសន៍ក្នុងកិច្ចប្រជុំឯកឧត្តម ជាវ តាយអភិបាលខេត្ត បានបញ្ជាក់ថា ការងារកាត់ឆ្វៀលដីពាក់ព័ន្ធក្នុងតំបន់ការពារធម្មជាតិ គឺជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុន សែនប្រមុខរាជរដ្ឋាភិបាល ក្នុងគោលបំណងជំរុញលើកកម្ពស់ដល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឲ្យបានស្របច្បាប់ដើម្បីកំណើនសេដ្ឋកិច្ចនិងកាត់បន្ថយភាពក្រីក្រ។
ឯកឧត្តមអភិបាលខេត្តក៏បានសំណូមពរ ដល់អាជ្ញាធរក្រុង ស្រុក និងមន្ត្រីនៃមន្ទីរ អង្គភាពពាក់ព័ន្ធ សូមយកចិត្តទុកដាក់ ក្នុងដំណើរការចុះអនុវត្តសកម្មភាពវាស់វែងឆ្វៀលដីជូនប្រជាពលរដ្ឋ ដែលបាននឹងកំពុងកាន់កាប់និងអាស្រ័យផលជាក់ស្តែងយូរឆ្នាំ នៅលើទីតាំងដីដែលស្ថិតក្នុងដែនតំបន់ការពារធម្មជាតិឬគម្របព្រៃឈើក្នុងខេត្ត ឲ្យមានការប្រុងប្រយ័ត្ននិងឱ្យបានលឿនឆាប់រហ័ស ដោយកំណត់ក្នុងការប្រមូលទិន្នន័យនិងកសាងឯកសារមន្ទីរបរិស្ថានខេត្តនិងរដ្ឋបាលព្រៃឈើខេត្តឲ្យបានហើយនៅក្នុងចុងខែសីហាឆ្នាំ ២០២០នេះ។
ជាមួយនឹងការអនុវត្តសកម្មភាពការងារនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំ ត្រូវមានការយកចិត្តទុកដាក់ ប្រកបដោយ តម្លាភាព ប្រសិទ្ធភាព នឹងទទួលលទ្ធផលបានល្អប្រសើរឆ្លើយតបទៅ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏ដូចជាសំណើរបស់ក្រសួងបរិស្ថាន និងសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃឱ្យ មានប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថា យោងតាមទិន្នន័យរបស់មន្ទីរបរិស្ថានខេត្តកំពត មានតំបន់ការពារធម្មជាតិចំនួន២ នៅក្នុងខេត្តកំពត គឺទី១-តំបន់ការពារទេសភាពអន្លង់ព្រីងក្នុងស្រុកកំពង់ត្រាច មិនមានជាប់ពាក់ព័ន្ធ បញ្ហាសេសសល់ដីប្រជាពលរដ្ឋអាស្រ័យផលទេ ដោយសារតំបន់នោះជាតំបន់បឹង និងមានបង្គោលព្រំ ច្បាស់លាស់។ទី២-ឧទ្យានជាតិព្រះមុនីវង្សបូកគោ ស្ថិតនៅក្នុងភូមិសាស្ត្រ ក្រុងនិងស្រុកចំនួន៣ គឺក្រុងកំពត ស្រុកទឹកឈូនិងស្រុកឈូក។ ក្នុងស្រុកទាំងបីនៃតំបន់ការពារធម្មជាតិនេះ គឺនៅក្នុងស្រុកទឹកឈូ ដែលមានបញ្ហាដីធ្លីនៅសេសសល់ មិនទាន់ចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅឡើយ ៕ ដោយ៖កូឡាប