ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានធ្វើការណែនាំឲ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដាំស្មៅ ជួសដើមឈើដែលងាប់ និងដាំផ្កានៅតាមចិញ្ចើមផ្លូវទាំងអស់ នៅក្នុងបរិវេនវិមានឈ្នះឈ្នះ ជាមួយនិងការណែនាំឲ្យសន្តិសុខសណ្តាប់ធ្នាប់ប្រាប់ទៅប្រជាពលរដ្ឋ ដែលទៅដើរលេងកម្សាន្តនៅទីក្នុងវិមាននេះ ទុកដាក់សំរាមឲ្យបានល្អផងដែរ។
ការណែនាំបែបនេះរបស់លោកឃួង ស្រេង បែបនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២០នេះ ខណៈដែរលោកឃួង ស្រេង ដឹកនាំអាជ្ញាធរនិងមន្ទីរពាក់ព័ន្ធមួយចំនួន ចុះត្រួតពិនិត្យមើលវិមានឈ្នះឈ្នះ និងតាមបណ្ដោយវិថីមហាវិថីឈ្នះឈ្នះនេះ ដើម្បីធ្វើយ៉ាងណាឱ្យបរិវេនវិមានឈ្នះឈ្នះ និងនៅតាមបណ្តោយផ្លូវនេះ មានសណ្តាប់ធ្នាប់សោភ័ណភាព បរិស្ថាន និងអនាម័យល្អប្រសើរ ។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា នៅក្នុងបរិវេនវិមានឈ្នះឈ្នះនេះ ក្នុងមួយថ្ងៃៗមានប្រជាពលរដ្ឋ មកដើរលេងកម្សាន្តរាប់ពាន់នាក់ ។ កម្លាំងសន្តិសុខ សណ្តាប់ធ្នាប់របស់យើងត្រូវណែនាំពួកគាត់ឲ្យទុកដាក់សំរាមឲ្យបានល្អ ដើម្បីឲ្យពួកគាត់មានទម្លាប់ល្អ។ បន្ថែមពីនេះ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវដាំស្មៅ ជួសដើមឈើដែលងាប់និងដាំផ្កា នៅតាមចិញ្ចើមផ្លូវទាំងអស់ នៅក្នុងបរិវេនវិមានឈ្នះឈ្នះនេះ ឲ្យបានល្អស្អាតបន្ថែមទៀត។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៣ ខែសីហាកន្លងមកនេះ លោកអភិបាលរាជធានីភ្នំពេញបានដឹកនាំអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធមួយចំនួន ចុះត្រួតពិនិត្យមើលវិមានឈ្នះឈ្នះ និងតាមបណ្ដោយវិថីមហាវិថីឈ្នះឈ្នះម្តងរួចមកហើយ ហើយកាលណោះលោក អភិបាលបានណែនាំដល់មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការសម្អាតធូលីដី ភក់នៅលើបណ្ដោយផ្លូវនេះឱ្យបានស្អាត ជាមួយនឹងការប្រើគ្រឿងចក្រកៀទឹកដក់ នៅតាមបណ្តោយផ្លូវនេះបញ្ចូលទៅក្នុងលូ។ ក្រោយពីមានការណែនាំបែបនេះ មកដល់ថ្ងៃនេះ ឃើញថាទាំងបរិវេណវិមានឈ្នះឈ្នះ និងតាមបណ្ដោយវិថីមហាវិថីឈ្នះឈ្នះ មានសោភ័ណភាព បរិស្ថានល្អប្រសើរហើយ ។ ដោយឡែកនៅតាមបណ្តោយផ្លូវនេះ ក៏មានសណ្តាប់ធ្នាប់ល្អប្រសើរហើយដែរ៕
ដោយ៖កូឡាប