ភ្នំពេញ-បេក្ខនារី កញ្ញា សោភា ទេពី បន្ទាប់ពីបានឆ្លងផុតដំណាក់ស្វិតស្វាញជាច្រើនលើកច្រើនសារ ក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៣ កាលពីរាត្រីថ្ងៃសុក្រ ទី២ កុម្ភៈ បេក្ខនារី រូបនេះ បានឆ្លងផុតទៅកាន់វគ្គ Live Show ហើយ ដែលធ្វើឲ្យនាងទប់ទឹកភ្នែកមិនបានរលីងរលោងតែម្តង។
បេក្ខនារីស្រស់ស្អាត ព្រមទាំងទឹកដមសំលេងខ្លាំងល្អផងនោះ នាងត្រូវបានគេចាប់អារម្មណ៍នឹងសមត្ថិភាពចាប់តាំងពីពេលដែលនាងត្រូវបានជ្រើសរើសដំបូងម្លេះ។ ដូច្នេះហើយ សោភា ទេពី បានឆ្លងផុតដំណាក់កាលលំបាកៗ ពីរ-បី ដំណាក់កាល។
ប៉ុន្តែក្នុងវគ្គ Green Miles ដ៏គួរអោយចាប់អារម្មណ៍នោះ គេឃើញបេក្ខជនបេក្ខនារីដែលបានឆ្លងផុតពីវគ្គ Theater Round ជុំទី២បង្ហាញសមត្ថភាពកាន់តែល្អក្នុងការបកស្រាយបទចម្រៀង។ ក្នុងចំណោមបេក្ខជនបេក្ខនារីដែលបានរំលេចទឹកដមសំឡេង នៅក្នុងយប់ជម្រុះចុងក្រោយមុនចូលកម្មវិធីបន្តផ្ទាល់នោះ គេនៅតែមើលឃើញថា បេក្ខនារីមកពីរាជធានីភ្នំពេញ សោភា ទេពី ច្រៀងបានល្អទាំងការលើកដាក់សំឡេង និងការស្រែកខ្ពស់ ធ្វើអោយគណកម្មការទាំង៤រូបពេញចិត្ត។
នាងត្រូវបានគេកត់សម្គាល់ថា ជាបេក្ខនារីមួយរូប ដែលនៅតែរក្សាប្រជាប្រិយភាពបានខ្លាំង ប៉ុន្តែក៏ធ្វើឲ្យអ្នកតាមដានជាអ្នកគាំទ្ររបស់នាងបុកពោះណាស់ណាស់ មុនពេលមានការប្រកាសថានាងត្រូវបានជាប់ឆ្ពោះទៅកាន់វគ្គ Live Show ។
យោងតាមការប្រកាស មានតែបេក្ខជនបេក្ខនារីតែ១២រូបប៉ុណ្ណោះ បានឆ្លងទៅដល់វគ្គ Live Show ខណៈដែលបេក្ខនារីរូបនេះ ត្រូវបានគេរំពឹងខ្ពស់ថា ក៏មានឱកាសកាន់ពានប្រចាំកម្មវិធីផងដែរ ដោយសារតែនាងមានសមត្ថភាពខ្ពស់ និងអាចច្រៀងបានគ្រប់ប្រភេទបទទាំងបុរាណ និងសម័យ ហើយសមត្ថភាពរបស់នាងពីមួយវគ្គទៅមួយវគ្គ ក៏ពិបាកអោយបេក្ខជន និងបេក្ខនារីផ្សេងងាយបំបាក់។ យ៉ាងណាមិញគេនៅមិនទាន់ដឹងថា តើនាងនឹងបន្តឆ្លងដល់សប្ដាហ៍ទីប៉ុន្មានក្នុងវគ្គ Live Show នោះទេ ក្នុងពេលដែលគូប្រកួតរបស់នាងក៏សុទ្ធតែមានសមត្ថភាពពិបាកស្មាន៕ ដោយ-គីមស្រីរ័ត្ន