សៀមរាប ៖ កម្មវិធីសម្រាកសៀមរាប បានរៀបចំកម្មវិធីជិះកង់ចំនួន៣លើក ក្រោមប្រធានបទ ជិះកង់សប្បុរសធម៌ដើម្បីចលនាកាកបាទក្រហមកម្ពុជា ដោយមានអ្នកចូលរួមប្រមាណ ៤០០នាក់ចូលរួម ដោយចែកចេញជា ៣ក្រុម ក្នុងនោះរួមមានក្នុងនោះជិះកង់ចម្ងាយ៣១គីឡូម៉ែត្រ, ២១គីឡូម៉ែត្រ និង ក្រុមអ្នកជិះកង់កមស្សាន្តធម្មតាផងដែរនៅតាមតំបន់រមណីយដ្ឋានអង្គរ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០នេះ នៅទីធ្លាចំណតរថយន្តមុខគ្រឹះស្ថានអង្គរនៃក្រុងសៀមរាប។
ក្នុងការជួបជុំជាលើកទី២ របស់កម្មវិធីជិះកង់ក្រោមប្រធានបទ ជិះកង់សប្បុរសធម៌ ដើម្បីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដែលជាផ្នែកមួយនៃកម្មវិធីកំសាន្ត សម្រាកសៀមរាប ក្រោមការរៀបចំរបស់អាជ្ញាធរខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និង សហការដោយអាជ្ញាធរជាតិអប្សរា ក្រោមអធិបតីភាពឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ដោយមានវត្តមានអញ្ជើញចូលរួមរបស់ឯកឧត្តម ហង់ ជួនណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និង កីឡា ព្រមទាំងឯកឧត្តម លោកឧកញ៉ា លោកជំទាវ ជាសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត មន្ត្រីរាជការ យុវជនកាកបាទក្រហមកម្ពុជា រួមទាំងបងប្អូនជាកីឡាករ កីឡាការនី ជាច្រើននាក់ចូលរួមផងដែរ ។
លោកជំទាវ ទាង អេង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានធ្វើការបញ្ជាក់ពីគោលបំណង ការរៀបចំឲ្យមានព្រឹត្តិការណ៍ ជិះកង់មនុស្សធម៌នេះឡើង ស្ថិតក្នុងកម្មវិធីព្រឹត្តិការណ៍ សម្រាកសៀមរាប ដើម្បីធ្វើការកៀរគរថវិកា ដើម្បីទ្រទ្រង់ចលនាកាកបាទក្រហមកម្ពុជា និង ការជួយឧបត្ថម្ភដល់មន្ទីរពេទ្យ និង ជួយសង្គ្រោះ ដល់ជនរងគ្រោះ ដោយគ្រោះធម្មជាតិទៀតផង ។
ឯកឧត្តម ទៀ សីហា បានធ្វើការវាយតម្លៃខ្ពស់ ចំពោះក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និង ក្រុមការងារអនុគណៈកម្មការនានា នៃគណៈកម្មការរៀបចំកម្មវិធី «សម្រាកសៀមរាប» ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានសហការរៀបចំកម្មវិធីនេះឡើង ដើម្បីគៀងគរថវិកាជួយដល់សាខាកាទក្រហមកម្ពុជាខេត្តសៀមរាប ក្នុងការជួយសង្គ្រោះ ដល់ជន រងគ្រោះ ដោយគ្រោះធម្មជាតិផ្សេងៗ ក៏ដូចជាចាស់ជរាក្រីក្រគ្មានទីពឹង ក្នុងភូមិសាស្ត្រខេត្តសៀមរាប ។
ឯកឧត្តមក៏សូមថ្លែងនូវអំណរអរគុណ យ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនដែលតែងតែបានឧបត្ថម្ភគាំទ្រ ដល់ការងារមនុស្សធម៌សម្រាប់មនុស្សជាទីស្រឡាញ់ដែលជួបនូវការលំបាក ក្នុងខេត្តសៀមរាប នាពេលកន្លងមក ។ ជាសក្ខីភាពស្រាប់ នាថ្ងៃនេះយើង បាន និងកំពុងរៀបចំកម្មវិធីនេះឡើង គឺដើម្បីប្រមូលនូវថវិកា ដើម្បីជួយ សង្គ្រោះនូវទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋយើង គឺជាការបរិច្ចាគដ៏ធំធេងមិនអាចកាត់ថ្លៃបាន ។
ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប មានប្រសាសន៍យ៉ាងខ្លីថា ជានិមិត្តរូបនៃការបើកឲ្យដំណើរការអាជីវកម្មជាច្រើនវិស័យ ច្រើនសេវា ជាពិសេសវិស័យទេសចរណ៍ វិស័យពាណិជ្ជកម្ម និងអាជីវកម្មដទៃមួយចំនួនទៀតក្នុងខេត្ត ដែលមិនសូវមានផលប៉ះពាល់ការឆ្លងជំងឺកូវីដ-១៩ ដើម្បីធ្វើឲ្យប្រសើរឡើងផ្នែករកប្រាក់ចំណូល ក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញ។
ឯកឧត្តម បានបន្តទៀតថា ការជិះកង់មនុស្សធម៌នេះគឺជាការរួមចំណែកប្រមូលមូលនិធិមនុស្សធម៌កាកបាទក្រហម ដើម្បីជួយដល់មន្ទីរពេទ្យនានាក្នុងខេត្ត ជាពិសេសមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា(ជ័យវរ្ម័នទី៧) ដែលបច្ចុប្បន្នមានកុមារ និងស្ត្រី ចូលមកទទួលសេវាជាច្រើនរយនាក់ផងនោះ។
ផ្សារភ្ជាប់នឹងព្រឹត្តិការណ៍នេះ ឯកឧត្តមអភិបាលខេត្ត ក៏មិនភ្លេចទេអំពីការការពារការបង្ការ ទប់ស្កាត់ នៃការរីករាលជំងឺកូវីដ-១៩ ដោយបានមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាទេភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ កីឡាករ កីឡាការិនីទាំងអស់ មានការប្រុងប្រយ័ត្ន និងត្រូវគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលនូវគម្លាតសុវត្ថិភាព ការពាក់ម៉ាស់ ការលាងដៃនឹងសាប៊ូ បាញ់អាល់កុល ឬជែល សម្លាប់មេរោគ ដើម្បីចៀសវាងការឆ្លងជំងឺកូវីត-១៩ឱ្យបាន ហើយនាំមកនូវសេចក្តីសុខក្សេមក្សាន្តជូនបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏ដូចជាក្រុមការងារសូមស្នើដល់បងប្អូនដែលអញ្ជើញចូលរួមទាំងអស់បន្តសហការជាមួយក្រុមការងារ ក៏ដូចជាចូលរួមអនុវត្តតាមគោលការណែនាំរបស់ក្រសួងសុខាភិបាល និងសូមកុំភ្លេច និងត្រូវចងចាំនូវ ៣ចំណុច ដូចខាងក្រោម ដើម្បីការពារ និងចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ៖ ១.កុំភ្លេច ត្រៀមម៉ាស់ ឬក្រម៉ា ២.កុំភ្លេច ជែល ឬអាល់កុលលាងដៃ (យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ) ៣.កុំភ្លេច រក្សាគម្លាតសុវត្ថិភាពសង្គម (ចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ-១៩)៕
ដោយ៖កូឡាប