ខេត្តមណ្ឌលគិរី៖ ជនល្មើសទាំង៦នាក់ ពាក់ព័ន្ធការបាញ់សម្លាប់មនុស្ស៣នាក់ នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ត្រូវបានសមត្ថកិច្ចបញ្ជូន ទៅសាលាដំបូងខេត្តមណ្ឌលគិរី ។
ក្រោមការចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅវេលាម៉ោង ១៥ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ បេសកកម្មរបស់ក្រុមការងារថ្នាក់ជាតិ ដឹកនាំដោយលោក ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធាន និងលោក ឈ រតនៈ តំណាងក្រសួងបរិស្ថាន លោកឧត្តមសេនីយ៍ទោ ប៉ុល រតនា តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងសហការី បានបញ្ចប់ដោយជោគជ័យ ក្នុងការស្រាវជ្រាវដើម្បីរកយុត្តិធម៌ដល់ជនរងគ្រោះ។
ឧត្តមសេនីយ៍ឯក ហុង វិណុល បានបញ្ជាក់ថា ជនសង្ស័យចំនួន ៦នាក់ដែលឃុបឃិតជាមួយ ជនបរទេស (ជនជាតិវៀតណាម) បើកដៃឱ្យជនបរទេសចូលមកបោះជំរុំ កាប់ព្រៃឈើ និងបំផ្លិចបំផ្លាញធនធានធម្មជាតិ ជាហេតុនាំឲ្យកើតមានបទល្មើស ឃាតកម្មគិតទុកជាមុន និងបានបាញ់សម្លាប់មនុស្សចំនួន ៣នាក់ (មន្ត្រីរដ្ឋ២នាក់ និងបុគ្គលិកអង្គការអភិរក្សសត្វព្រៃម្នាក់) ជនរងគ្រោះរួមមាន៖១.ឈ្មោះ សេក វឌ្ឍនា នាយអាវុធហត្ថលើផ្ទៃប្រទេស ២.ឈ្មោះ តើន សុខណៃ មន្ត្រីឧទ្យាណនុរក្សដែនជម្រកសត្វព្រៃកែវសីមា ៣.ឈ្មោះ ធុល ខ្នា បុគ្គលិកអង្គការ សមាគមអភិរក្សសត្វព្រៃ (wcs) នៅចំណុចភូមិពូហ្យាម ឃុំសែន មនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ហើយបានចាប់ខ្លួនជនសង្ស័យចំនួន៦នាក់ ១.ឈ្មោះ ផល ពេញ មេប៉ុស្តិ៍នគរបាលអូរលែ វរៈនគរបាលការពារព្រំដែន៦២១ ។ ២.ឈ្មោះ កើត វេហា មេប៉ុស្តិ៍យោធាដាក់ការ វរៈយោធាការពារព្រំដែន១០៣។ ៣.ឈ្មោះ កើត វេត្តា វរៈយោធាការពារព្រំដែន១០៣។ ៤ ឈ្មោះ ទន ធារ៉ា នគរបាលប៉ុស្តិ៍អូរលែ ។ ៥.ឈ្មោះ ឡាយ សាវី វរៈយោធាការពារព្រំដែន១០៣ និង៦. ឈ្មោះ ឈាង វ៉ាន់និត ជាជនស៊ីវិល ត្រូវជាប្អូនរបស់ ផល ពេញ។
គួរបញ្ជាក់ផងដែរថា រហូតដល់ថ្ងៃនេះ សំណុំរឿងបានបញ្ជូនដល់តុលាការ ខេត្តមណ្ឌលគិរី ដើម្បីផ្តន្ទាទោសតាមច្បាប់ និងដើម្បីរកយុត្តិធម៌ឲ្យជនរងគ្រោះដែលបានស្លាប់ក្នុងពេលបំពេញភារកិច្ច៕ ដោយ៖បញ្ញាស័ក្តិ