ភ្នំពេញ៖ លោក សេង សុជាតិ អធិការដ្ឋាននគរបាលស្រុកស្អាង បានរងការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រព្រឹត្តមិនប្រក្រតីក្នុងការអនុវត្តតួនាទីភារកិច្ច លើការបញ្ហាមួយចំនួនដូចជាយកប្រាក់ប្រចាំខែក្នុងវង់ល្បែង និងការលក់ដីប៉ុស្តិ៍នគរបាលអូរចារជាដើម។
បើតាមយោងតាមលិខិតផ្លូវការរបស់អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា អង្គភាព បានទទួលពាក្យប្តឹងចោទប្រកាន់ថាលោកសេង សុជាតិ អធិការនៃអធិការដ្ឋាននគរបាលស្រុកស្អាង ពាក់ព័ន្ធនឹងភាពមិនប្រក្រតីក្នុងការអនុវត្តតួនាទីភារកិច្ចរួមមាន ការលក់ដីប៉ុស្តិ៍នគរបាលអូរចារ ការយកប្រាក់ប្រចាំខែពីល្បែងស៊ីសងខុសច្បាប់ និងការធ្វើទារុណកម្មទៅលើប្រជាពលរដ្ឋពីររូបនៅក្នុងប៉ុស្តិ៍នគរបាលត្រើយស្លា។
ពាក់ព័ន្ធនឹងករណី អង្គភាពប្រឆាំងអំពើពុករលួយ បានទទួលការបំភ្លឺរបស់លោក សេង សុជាតិ អធិការ នៃអធិការដ្ឋាននគរបាលស្រុកស្អាង ពាក់ព័ន្ធនឹងភាពមិនប្រក្រតីក្នុងការអនុវត្តតួនាទីភារកិច្ច៖ ១)ករណីលក់ដីប៉ុស្តិ៍នគរបាល លោកបានបំភ្លឺថា ដីនោះជាកម្មសិទ្ធិរបស់លោក ដែលសុំបានពីឈ្មោះសូ វ៉េន ជាអាជីវករលក់មាសនៅក្រុងតាខ្មៅ កាលលោកនៅជាអធិការរង។ ក្រោយមកលោក សេង សុជាតិ បានឲ្យខ្ចីដីនោះធ្វើជាទីតាំងប៉ុស្តិ៍នគរបាលអូរចារ។ ប៉ុន្តែដោយសារខ្វះខាតថវិកាក្នុងការកសាងអគារសាលប្រជុំនៅអធិការដ្ឋាន គាត់ក៏បានលក់ដីនោះឲ្យទៅឈ្មោះប៉េង ចាន់ថន ក្នុងតម្លៃ ៦.០០០ដុល្លារ។ ២)លោកសេង សុជាតិ បដិសេធករណីយប្រាក់ប្រចាំខែពីល្បែងស៊ីសងខុសច្បាប់ (កន្ទុយលេខ ជល់មាន់) លោកតែងតែចុះផ្សព្វផ្សាយច្បាប់ និងចុះបង្ក្រាបជាញឹកញាប់ តែនៅមានសេសសល់តិចតួច ដែលលោកអះអាងថា បើកក្នុងទ្រង់ទ្រាយតូច សម្រាប់ដោះស្រាយជីវភាពក្នុងក្រុមគ្រួសារ។ ៣) បដិសេធករណីធ្វើទារុណកម្ម រួចជម្រិតទារប្រាក់ចំនួន៣០០ដុល្លារ ជាថ្នូរនឹងការដោះលែង ។ លោកបានបកស្រាយថា ករណីនេះជាករណីបង្ក្រាបក្មេងទំនើងស្រវឹងស្រា បើកបរប៉ះទង្គិចជាមួយសមត្ថកិច្ច។ ក្រោយមក លោកបានទៅសម្របសម្រួលជាមួយអាណាព្យាបាលរបស់ក្មេងទំនើងទាំងពីររូបនោះ នឹងឧបត្ថម្ភទឹកប្រាក់ចំនួន២លានរៀល៕ ដោយ៖បញ្ញាស័ក្តិ