ខេត្តកំពង់ឆ្នាំង ប្រទេសកម្ពុជា ៖ ចម្ងាយពីផ្ទះ ទៅសាលារៀនរបស់ប្អូនស្រី ថា គន្ធា ដែលស្ថិតនៅតំបន់ជនបទនៅប្រទេសកម្ពុជា តម្រូវឱ្យនាងជិះកង់តែមួយភ្លែតប៉ុណ្ណោះ។ ប៉ុន្តែ វាជាការធ្វើដំណើរដែលនាងត្រូវត្រៀមរៀបចំយ៉ាងប្រុងប្រយ័ត្ន ជារៀងរាល់ព្រឹក។ នាងពន្យល់ថា “មុនពេលខ្ញុំចាប់ផ្តើមជិះកង់ ខ្ញុំត្រូវប្រាប់ខ្លួនឯងថា ខ្ញុំត្រូវចងចាំពីច្បាប់ចរាចរណ៍” ដូចជា ជិះកង់ប្រកាន់ខាងស្តាំ និងជិះឱ្យឆ្ងាយពីផ្លូវរថយន្ត ដើម្បីកុំឱ្យចូលទៅក្នុងផ្លូវរបស់រថយន្ត។
មិនយូរមុននេះប៉ុន្មាន ផ្លូវនេះគឺជាផ្លូវដែលពុំមានក្រាលកៅស៊ូ និងជាផ្លូវប្រកបដោយគ្រោះថ្នាក់។ ម៉ូតូជិះធ្លាក់គ្រលុកធំៗ ហើយរថយន្តដឹកទំនិញបំភាយធូលីក្រាស់ឃ្មឹក។ ក្នុងវ័យ ១១ ឆ្នាំ គន្ធា និងមិត្តភក្តិរបស់នាង មិនដែលខ្វល់ថា ត្រូវជិះកង់នៅខាងណាផ្លូវនោះឡើយ ហើយក៏មិនខ្វល់ពេលដែលឡានមកកៀកនឹងពួកគេនោះដែរ។
ផ្លូវទៅសាលាបឋមសិក្សាត្រពាំងថ្ម ក្នុងខេត្តកំពង់ឆ្នាំង ទើបតែត្រូវបានក្រាលកៅស៊ូកាលពីពេលថ្មីៗនេះ ជាផ្នែកមួយនៃកម្មវិធីកែលំអផ្លូវថ្នល់ដែលរៀបចំឡើង ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ អាចធ្វើដំណើរពេញមួយឆ្នាំ ទៅផ្សារ ទៅកន្លែងធ្វើការ និងរកសេវានានានៅទីរួមខេត្ត និងតំបន់បង្កបង្កើនផលនានា។ ជាធម្មតា ផ្លូវជនបទនៅកម្ពុជា គឺជាផ្លូវលំដែលពុំមានក្រាលកៅស៊ូ និងតូចចង្អៀត ដែលធ្វើឱ្យផ្លូវទាំងនេះងាយទទួលរងការខូចខាតដោយសារទឹកជំនន់នៅរដូវវស្សា។ ការធ្វើដំណើរអាចត្រូវការចំណាយពេលយូរ និងប្រកបដោយគ្រោះថ្នាក់។
សេដ្ឋកិច្ចកាន់តែមានការរីកចម្រើន ផ្លូវកាន់តែពិបាកខណៈពេលដែលសេដ្ឋកិច្ចមានការរីកចម្រើន ផ្លូវទាំងនេះកាន់តែខូចខាតខ្លាំងឡើងៗ។ ចរាចរណ៍តាមផ្លូវថ្នល់នៅជុំវិញទន្លេសាប ដែលស្ថិតនៅភាគកណ្តាលនៃប្រទេសកម្ពុជា ត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់ ១២% ជារៀងរាល់ឆ្នាំ នៅពេលដែលប្រជាពលរដ្ឋទិញរថយន្តកាន់តែច្រើន និងទោចក្រយានយន្តមកប្រើប្រាស់ សម្រាប់ការធើ្វដំណើររបស់ពួកគេ។ រថយន្តដឹកលើសចំណុះ បង្កឱ្យមានការខូចខាតបន្ថែមទៀត និងបង្កគ្រោះថ្នាក់មិនត្រឹមតែចំពោះអ្នកបើកបរតែប៉ុណ្ណោះទេ ថែមទាំងចំពោះ អ្នកថ្មើរជើង និងអ្នកជិះកង់ផងដែរ។
ច្បាប់ចរាចរណ៍ថ្មីមួយ ត្រូវបានដាក់ឱ្យអនុវត្តកាលពីឆ្នាំមុននេះ ប៉ុន្តែមានប្រជាជនជាច្រើននាក់ ពុំបានដឹងពីច្បាប់ចរាចរណ៍នេះឡើយ ហើយក៏មិនយល់ពីផ្លាកសញ្ញាចរាចរណ៍នោះដែរ។
ការក្រាលកៅស៊ូផ្លូវលំជនបទ នាំឱ្យមានការកែលំអជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងច្រើន។ ផ្លូវក្រាលកៅស៊ូធ្វើឱ្យប្រជាពលរដ្ឋកាន់តែងាយស្រួលធ្វើដំណើរទៅទីក្រុង ដើម្បីលក់ទំនិញ ស្វែងរកការងារធ្វើ និងស្វែងរកសេវាថែទាំសុខភាព។ ផ្លូវក្រាលកៅស៊ូទាំងនេះ ក៏ធ្វើឱ្យការធ្វើដំណើរកាន់តែមានសុវត្ថិភាពផងដែរ។
ប៉ុន្តែ ដំបូងឡើយ ការទើបតែមានផ្លូវក្រាលកៅស៊ូរលោងបែបនេះ បង្កជាគ្រោះថ្នាក់មួយប្រភេទផ្សេងទៀតនៅតាមដងផ្លូវ ដោយសារអ្នកបើកបរច្រើនបង្កើនល្បឿន ពេលខ្លះ ក្រោយពេលផឹកគ្រឿងស្រវឹងរួច។ នេះបង្កឱ្យមានហានិភ័យធំៗដល់សហគមន៍នៅតំបន់ជនបទ ជាពិសេសនៅតំបន់ដែលមានមនុស្សច្រើនដូចជា សាលារៀន និងផ្សារជាដើម។
លោក Shihiru Date អ្នកឯកទេសជាន់ខ្ពស់ផ្នែកគមនាគមន៍/ដឹកជញ្ជូន ដែលបានដឹកនាំគម្រោងកែលំអផ្លូវលំជនបទនៅកម្ពុជាចំនួនពីរ ក្រោមការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងរយៈពេល ៩ ឆ្នាំ មានប្រសាសន៍ថា “ស្ថានភាពផ្លូវកាន់តែធ្ងន់ធ្ងរទៅៗ ហើយខ្ញុំដឹងថាចាំបាច់ត្រូវតែធ្វើអ្វីម្យ៉ាង។ ប្រជាពលរដ្ឋទាំងនេះ ពុំដែលធ្លាប់មានផ្លូវក្រាលកៅស៊ូ កន្លងមកឡើយ ហើយពួកគេមានការព្រួយបារម្ភថា ពួកគេនឹងបើកបរក្នុងល្បឿនមួយលឿន នៅពេលដែលពួកគេទទួលបានផ្លូវក្រាលកៅស៊ូបែបនេះ។ យើងមិនចង់បង្កើតនូវបរិយាកាស ដែលអាចបង្កគ្រោះថ្នាក់មួយផ្សេងទៀត ដល់ប្រជាពលរដ្ឋថ្មើរជើង និងអ្នកជិះកង់នោះឡើយ”។
ការរៀបចំកម្មវិធីសុវត្ថិភាពផ្លូវថ្នល់តាមសហគមន៍៖ចន្លោះពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០១៤ ករណីបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ជារៀងរាល់ឆ្នាំកើនឡើងទ្វេដង រហូតដល់ ១៤ នាក់ក្នុងប្រជាជន ១០០.០០០ នាក់ ខណៈពេលដែលចំនួនយានយន្តដែលចុះបញ្ជីមានការកើនឡើង ៥ ដង។ បើទោះបីជាគ្រោះថ្នាក់ចរាចរណ៍មានការថយចុះបន្តិចបន្តួចក្នុងឆ្នាំ ២០១៦ យ៉ាងណាក៏ដោយ វានៅតែជាមូលហេតុនាំមុខគេ ដែលធ្វើឱ្យមានការបាត់បង់ជីវិតនៅក្នុងប្រទេសនេះ។
យានយន្តដែលធ្វើចរាចរណ៍នៅតាមផ្លូវ ៨០% ជាទោចក្រយានយន្ត។ គ្រោះថ្នាក់ចរាចរណ៍ភាគច្រើននៅតាមផ្លូវរបស់គម្រោងនេះ គឺបង្កឡើងដោយទោចក្រយានយន្ត។ លោក Date ប្តេជ្ញាចិត្តបង្កើនអត្ថប្រយោជន៍ដែលទទួលបានពីគម្រោងនេះឱ្យដល់កម្រិតអតិបរមា តាមរយៈការកាត់បន្ថយឱ្យនៅតិចបំផុតនូវហានិភ័យផ្នែកសុវត្ថិភាពនៅលើផ្លូវត្រូវបានកែលំអ ដែលមានចម្ងាយជាង ៥៤០ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន ៧។
ក្នុងរយៈពេល ៤ ឆ្នាំ លោកបានធ្វើការងារយ៉ាងជិតស្និទជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីបង្កើតកម្មវិធីសុវត្ថិភាពផ្លូវថ្នល់តាមសហគមន៍ សំដៅផ្តល់នូវបរិយាកាសប្រកបដោយសុវត្ថិភាពដល់អ្នកប្រើប្រាស់ផ្លូវ និងប្រជាពលរដ្ឋ ក្នុងរយៈពេលវែង។ កម្មវិធីនេះផ្តោតលើការផ្លាស់ប្តូរឥរិយាបទអ្នកប្រើប្រាស់ផ្លូវ ដែលជាមូលហេតុចំបងមួយ ដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតមានឡើង សូម្បីតែនៅក្នុងប្រទេសអភិវឌ្ឍន៍។
គំរូសម្រាប់កម្មវិធីសុវត្ថិភាពនាពេលអនាគតកម្មវិធីនេះប្រើប្រាស់វិធីសាស្ត្រចំនួន ៣៖ ការប្រមូល និងវិភាគទិន្នន័យតំបន់សុវត្ថិភាពនៅជុំវិញសាលារៀន និងការពង្រឹងឥរិយាបទក្នុងសង្គម។ គោលបំណងជារួមនៃកម្មវិធីនេះគឺដើម្បីធានាថា ផ្លូវល្អជាងមុន មិនមែនមានន័យថា អ្នកបើកបរត្រូវបើកក្នុងល្បឿនលឿនជាងមុន និងមានគ្រោះថ្នាក់ច្រើនជាងមុននោះឡើយ។ កម្មវិធីនេះបានបង្កើតជាគំរូមួយស្តីពីសុវត្ថិភាពផ្លូវថ្នល់ សម្រាប់យកទៅអនុវត្តនៅតាមតំបន់ជនបទដទៃទៀតនៅក្នុងប្រទេសនេះ។
លោក Date មានប្រសាសន៍ថា “ដើម្បីសម្រេចនូវលទ្ធផលយូរអង្វែង យើងចាំបាច់ត្រូវជម្រុញឱ្យមានការចូលរួមពីសហគមន៍មូលដ្ឋាន។ ដំណើរការនេះត្រូវចាប់ផ្តើមមុនពេលដែលការងារសាងសង់ផ្លូវចាប់ផ្តើម ដើម្បីឱ្យប្រជាពលរដ្ឋនៅមូលដ្ឋានមានពេលស្វែងយល់ពីអ្វីដែលពួកគេត្រូវដឹង មុនពេលដែលបរិមាណចរាចរណ៍ និងល្បឿននៃការធ្វើចរាចរណ៍មានការកើនឡើង”។
ការសម្តែងក្នុងលក្ខណៈជាសិល្បៈ ការប្រគុំតន្ត្រី និងកម្មវិធីតាមវិទ្យុ ក្រោមប្រធានបទសុវត្ថិភាព ត្រូវបានរៀបចំឡើងដើម្បីបញ្ជូនសារដល់សហគមន៍ ដែលមានរហូតដល់ ៨០% ជាអ្នកមិនចេះអក្សរ។ អ្នកភូមិជិត ១០០.០០០ នាក់ បានទទួលការបណ្តុះបណ្តាលពីសុវត្ថិភាពចរាចរណ៍ ក្រោមផែនការសកម្មភាពរបស់ភូមិឃុំ។ វីដេអូត្រូវបានផលិតឡើង ដើម្បីពន្យល់ឱ្យបានច្បាស់ពីការបាត់បង់ជីវិត ដែលអាចកើតមានឡើងដោយសារការបើកបរហួសល្បឿនកំណត់ ការបើកបរទាំងស្រវឹង និងការមិនពាក់មួកសុវត្ថិភាព។ មនុស្សពេញវ័យបានបង្រៀនកុមារអំពីរបៀបដើរឱ្យមានសុវត្ថិភាពទៅ និងមកពីសាលារៀន ហើយត្រូវដើរបញ្ច្រាស់ទិសចរាចរណ៍។
តំបន់សុវត្ថិភាពជិតសាលារៀន ត្រូវបានកំណត់ និងមានការបំពាក់ឧបករណ៍ ដូចជា ទួលបន្ថយល្បឿន ដែលត្រូវបានដាក់នៅពេលចាប់ផ្តើម និងពេលបញ្ចប់ម៉ោងសិក្សារបស់សិស្ស ដើម្បីឱ្យយានយន្តនានាបន្ថយល្បឿនមកនៅត្រឹម ៣០ គីឡូម៉ែត្រក្នុង ១ ម៉ោង និងដើម្បីបញ្ឈប់រថយន្តទាំងនោះនៅតំបន់ដែលសិស្សឆ្លងផ្លូវ។ រហូតមកដល់ពេលនេះ មានសិស្សានុសិស្សប្រមាណជា ២៦.០០០ នាក់បានទទួលការបណ្តុះបណ្តាលអំពីអ្វីដែលត្រូវធ្វើ និងអ្វីដែលមិនត្រូវធ្វើ ពាក់ព័ន្ធនឹងសុវត្ថិភាពចរាចរណ៍។ ក្នុងព្រឹត្តិការណ៍បង្កើនការយល់ដឹងទាំងនេះ ពួកគេបានទទួលមួកការពារដោយមិនគិតថ្លៃ និងកងដៃចំណាំងផ្លាត ក៏ដូចជារង្វាន់សម្រាប់ការចូលរួមក្នុងសកម្មភាពផ្សេងៗដូចជា សកម្មភាពឆ្លើយសំណួរអំពីសុវត្ថិភាពជាដើម។
លោក អ៊ុច កុសល អាយុ ២៥ ឆ្នាំ ជាគ្រូនៅសាលាបឋមសិក្សាត្រពាំងថ្មនេះ មានប្រសាសន៍ថា “នៅពេលផ្លូវមិនល្អ មនុស្សបើកបរយឺតៗ ប៉ុន្តែឥឡូវនេះ ពួកគេបើកបរលឿនៗ។ យើងប្រាប់សិស្សឱ្យដើរនៅខាងឆ្វេងដៃបញ្ច្រាស់ទិសចរាចរណ៍ និងត្រូវនៅឱ្យឆ្ងាយពីរថយន្តធំៗ”។
ប៉ុន្តែ សម្រាប់កុមារតូចៗ ពួកគេងាយនឹងវិលទៅរកទម្លាប់ចាស់ៗមិនល្អវិញណាស់។ ដូច្នេះ អ្នកដែលទទួលបានការគោរពនៅក្នុងសហគមន៍ ដូចជា ចាស់ព្រឹទ្ធាចារ្យក្នុងភូមិ មន្ត្រីនគរបាល និងមេឃុំ បានលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់ផ្លូវក្នុងភូមិ គោរពច្បាប់ចរាចរណ៍ ឈប់បើកបរហួសល្បឿន ពាក់មួកសុវត្ថិភាព និងមិនត្រូវបើកបរក្រោយពេលប្រើជាតិស្រវឹងឡើយ។
ព្រះសង្ឃក៏បានជួយពង្រឹងគោលគំនិតទាំងនេះនៅវត្តអារាមផងដែរ ជាពិសេសក្នុងកំឡុងពិធីបុណ្យសាសនា ដូចជា បុណ្យភ្ជុំបិណ្យ នៅពេលដែលប្រជាពលរដ្ឋកម្ពុជាធ្វើដំណើរទៅស្រុកកំណើត ដើម្បីធ្វើបុណ្យដល់ញាតិការ ដែលបានចែកឋានរបស់ពួកគេជាដើម។
សារអប់រំទាំងនេះត្រូវបានយល់ជ្រួតជ្រាប៖
ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានច្រើន ត្រូវការពេលវេលា និងកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត។ ប៉ុន្តែបើតាមលោក សុង សុផល ដែលជាអ្នកគ្រប់គ្រងគម្រោងកែលំអផ្លូវជនបទរបស់ក្រសួងអភិវឌ្ឍន៍ជនបទ សារអប់រំទាំងនេះកំពុងត្រូវបានយល់ជ្រួតជ្រៀបដោយប្រជាពលរដ្ឋ។ ផ្លូវថ្នល់ដែលមានសុវត្ថិភាពជាងមុនមានន័យថា ប្រជាពលរដ្ឋដូចជា ម្ចាស់ហាង អ្នកស្រី កង រ៉ុន អាយុ ៦៣ ឆ្នាំ អាចទទួលបានប្រយោជន៍ពេញលេញ ពីការភ្ជាប់ទំនាក់ទំនងដឹកជញ្ជូនល្អប្រសើរជាងមុនបែបនេះ។
អាជីវកម្មរបស់គាត់នៅតំបន់ប្រជុំជនទំនប់ ជាអ្នកលក់ប្រហុក និងគ្រឿងឧបភោគបរិភោគ និងគ្រឿងទេសដទៃទៀត មានការរីកចម្រើន ៣ ដង។ ផ្សារដែលធ្លាប់តែមានដីហុយទ្រលោម ឥឡូវនេះ បានក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏រស់រវើក។ គាត់បាននិយាយថា “នៅពេលផ្លូវល្អ មនុស្សធ្វើដំណើរច្រើន ហើយឥឡូវនេះ អ្នកណាក៏ឆ្លងកាត់តំបន់នេះដែរ”។ អត្ថប្រយោជន៍ទាំងនេះនឹងសាយភាយបន្តិចម្តងៗក្នុងសហគមន៍ ជាពិសេសនៅពេលដែលការគោរពច្បាប់ចរាចរណ៍ ក្លាយជាទម្លាប់ធម្មតារបស់ប្រជាពលរដ្ឋដែលរស់នៅតាមជនបទក្នុងប្រទេសកម្ពុជា។
ប្អូនស្រី ថា គន្ធា កំពុងខិតខំប្រឹងប្រែងដើម្បីឱ្យមានការគោរពច្បាប់ចរាចរណ៍បែបនេះ។ “ឥឡូវនេះ ខ្ញុំគោរពច្បាប់ចរាចរណ៍ ហើយខ្ញុំនឹងខិតខំឱ្យបងប្អូនប្រុសស្រីទាំង ៤ នាក់របស់ខ្ញុំ គោរពច្បាប់ចរាចរណ៍ដែរ”៕ ដោយ៖បញ្ញាស័ក្តិ