តាកែវ៖ សមាជិក្រុមប្រឹក្សាខេត្តតាកែវស្នើសុំអោយមន្ទីរអប់រំយុវជន និងកីឡា ពង្រឹងបន្ថែមលើការងារអធិការកិច្ចជាមួយនិងគ្រូបង្រៀនស្របពេលដែលគុណភាពអប់រំនៅក្នុងខេត្តតាកែវ មានការធ្លាក់ចុះខ្លាំងនៅឆ្នាំសិក្សា ២០១៦ ២០១៧នេះ ចំពោះអាត្រាសិស្សជាប់បាក់ឌុបមានការថយចុះច្រើនដោយក្នុងចំណោម២៥ខេត្តក្រុង គឺខេត្តតាកែវជាប់លេខរៀងទី២៤ នៃចំនួនសិស្សដែលជាប់សញ្ញាប័ត្រទុតិយភូមិក្នុងឆ្នាំកន្លងទៅមិញនេះ ។
ឯកឧត្តម ឥត សារុន សមាជិកក្រុមប្រឹក្សាខេត្តតាកែវបានលើកឡើងនៅក្នុងអង្គប្រជុំសាមាញ្ញលើកទី ៤៥ អណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី ០៥ កុម្ភៈ ២០១៨នេះថា បច្ចុប្បន្ននេះកត្តាអប់រំគឺជារឿងមួយសំខាន់ណាស់ដែលយើងទាំងអស់គ្នា ត្រូវអោយគ្រូបង្រៀនទាំងអស់ត្រូវយកចិត្តទុក្ខដាក់លើការបង្រៀន និងរៀនរបស់សិស្ស មិនមែនយកម៉ោងបង្រៀនរបស់រដ្ឋគេចវេសពីការបង្រៀន មិនសូវយកចិត្តទុក្ខដាក់ក្នុងការបង្រៀនដល់សិស្សហើយ តែបែជាជម្រុញអោយសិស្សចូលរៀនគួរបន្ថែមក្រៅម៉ោងសិក្សាដើម្បីបានប្រាក់កម្រៃបន្ថែមទៀតនោះទេ បញ្ហានេះកំពុងតែជះឥតទ្ធិពលយ៉ាងខ្លាំងទៅលើមាតបីតាសិស្ស ឬអាណាព្យាបាល ជាពិសេសសិស្សដែលពួកគាត់មានជីវភាពនៅមានកំរិតនោះគឺមានការលំបាកខ្លាំង ។
ជាកិច្ចឆ្លើយតបនិងការលើកឡើងរបស់សមាជិកក្រុមប្រឹក្សាខេត្ត លោក អ៊ូច ភា អភិបាលរងខេត្តតាកែវ បានមានប្រសាសន៏ថា ពាក់ព័ន្ធជាមួយនិងគុណភាពអប់រំដែលធ្វើអោយមានអាត្រាសិស្សជាប់បាក់ឌុបមានការថយចុះនេះ គឺមន្ទីរជំនាញ បាននិងកំពុងរៀបចំធ្វើការប្រជុំ និងពង្រឹងលើការងារចុះអធិការកិច្ចជាមួយនិងគ្រូបង្រៀនថែមទៀតហើយ ជាមួយគ្នានេះដែរមន្ទីរក៏បានធ្វើកំណែទម្រង់លើការអនុវត្តជាច្រើនចំនុចដែលក្នុងនោះគឺពាក់ព័ន្ធជាមួយនិងការបង្រៀនរបស់គ្រូ និងការរៀនរបស់សិស្ស ។ យើងឃើញថាកន្លងមកការយកចិត្តទុក្ខដាក់បង្រៀនសិស្សគឺតែងតែមានជានិច្ច រវាងគ្រូនិងសិស្ស ក៏ប៉ុន្តែបើសិនជាសិស្សមិនមានការសហការជាមួយនិងគ្រូ ក្នុងការរៀននិងបង្រៀនក៏វាពិបាកនិងទៅរួចនោះដែរ ដូច្នេះដើម្បីអោយគុណភាពអប់រំរបស់យើងទទួលបានលទ្ធផលល្អប្រសើរឡើងវិញនោះ គឺគ្រូបង្រៀនត្រូវ តែយកចិត្តទុកដាក់អោយមែនទេនក្នុងម៉ោងបង្រៀនព្យាយាមពន្យល់ពីមេរៀននិមួយៗអោយបានច្បាស់លាស់ មិនត្រូវធ្វើអ្វីដែលផ្ទុយចាកពីវិន័យរបស់អង្គភាពឡើយ ចំណែកឯសិស្សគឺត្រូវចូលរួមស្តាប់ និងខិតខំប្រឹងប្រែងសិក្សាបន្ថែមទៀត មិនថាក្នុងម៉ោងរៀន ឬក្រៅម៉ោងសិក្សានោះទេ ៕ តាកែវ