សហរដ្ឋអាមេរិចបានធ្វើការដាក់ក្រុមហ៊ុន និងបុគ្គលចិនចំនួន ២៤ក្នុងបញ្ជីខ្មៅ ដែលខ្លួននិយាយថា ក្រុមហ៊ុន និងបុគ្គលទាំងនោះពាក់ព័ន្ធនឹងសកម្មភាពយោធា និងការសាងសង់នៅសមុទ្រចិនខាងត្បូង។ នេះគឺជាទណ្ឌកម្មរបស់អាមេរិចលើកដំបូងប្រឆាំង នឹងទីក្រុងប៉េកាំងជុំវិញជម្លោះនៅដែនទឹកយុទ្ធសាស្ត្រ។
ក្រសួងពាណិជ្ជកម្មអាមេរិចបាននិយាយថា ក្រុមហ៊ុនចំនួន ២៤បានដើរតួយ៉ាងសំខាន់ក្នុងការជួយយោធាចិនសាងសង់ និងធ្វើយោធូនីយកម្មជាអន្តរជាតិ នៅលើកោះសិប្បនិម្មិតក្នុងសមុទ្រចិនខាងត្បូង។
ក្រសួងក៏បាននិយាយទៀតដែរថា ខ្លួននឹងចាត់វិធានការដាច់ដោយឡែក ដោយធ្វើការរឹតត្បិតទិដ្ឋការដល់បុគ្គលចិនជាច្រើន ដែលទទួលខុសត្រូវ ឬចូលដៃចូលជើងក្នុងសមុទ្រភាពនោះ និងជនដែលជាប់ពាក់ព័ន្ធនឹងការប្រើការបង្ខិតបង្ខិតរបស់ចិន ប្រឆាំងនឹងអ្នកទាមទារនៅអាស៊ីអាគ្នេយ៍ ដើម្បីរារាំងមិនឲ្យប្រទេសទាំងនោះ ចូលដែនទឹកនៅសមុទ្រចិនខាងត្បូង។
សូមបញ្ជាក់ថា នេះជាការចាត់វិធានលើកដំបូងរបស់អាមេរិច ទៅលើក្រុមហ៊ុនទាំងអស់ ដែលទំនិញរបស់ពួកគេប្រហែល ជាបានជួយដល់សកម្មភាពយោធារបស់ចិន នៅសមុទ្រចិនខាងត្បូង។
អាមេរិចបានចោទប្រកានចិនថា បានធ្វើសកម្មភាពយោធានៅសមុទ្រចិនខាងត្បូង និងព្យាយាមបំផិតបំភ័យប្រទេសអាស៊ីជិតខាង ដែលចង់ធ្វើអាជីវកម្មលើធនធានប្រេង និងឧស្ម័នរបស់ពួកគេនៅដែនទឹក៕
ប្រែសម្រួល៖ សុភ័ក្រ
ប្រភព៖ Reuters