សៀមរាប៖ បុរសម្នាក់កំពុងជិះម៉ូតូ ត្រូវជនមិនស្គាល់មុខស្ទាក់កាប់ដាច់ដៃម្ខាងរងរបួសធ្ងន់ ដេកដួលនៅក្នុងថ្លុកឈាម កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវជាតិលេខ៦ ក្នុងភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។
ជនរងគ្រោះឈ្មោះ លាវ សំណាង អាយុ៣១ឆ្នាំ មានទីកន្លែងកំណើតនៅភូមិព្រះអង្គទ្រង់ ឃុំ ល្វា ស្រុកពួក ខេត្តសៀមរាប និងមានទីលំនៅបច្ចុប្បន្ននៅភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ បុរសម្នាក់នេះ បានរងរបួសធ្ងន់ ហើយដេកដួលនៅក្នុងថ្លុកឈាម ដោយសារតែដាច់ដៃស្តាំម្ខាង បន្ទាប់ពីគូបក្ខដិបក្ខម្ខាងទៀត ដែលមិនស្គាល់អត្តសញ្ញាណបានលបកាប់ទាំងកំរោល។ ជនរងគ្រោះត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ ដឹកមកកាន់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីសង្គ្រោះបន្ទាន់។ ជនរងគ្រោះ បានជិះម៉ូតូតាមផ្លូវជាតិលេខ៦ ពីទិសកើត ទៅទិសលិច តែម្នាក់ឯង លុះមកដល់ចំណុចកើតហេតុ នៅយប់រំលងអធ្រាត្រ ក៏មានជនបង្កម្នាក់យកកាំបិតហក់កាប់ត្រូវដៃស្តាំរបស់ជនរងគ្រោះ លើកែងដៃបណ្តាលឲ្យដាច់ឆ្អឹង និងសាច់ ដោយជាប់តែស្បែកបន្តិចប៉ុណ្ណោះ ។ ជនបង្កបានជិះគេចខ្លួនបាត់។ សមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថស្រុកពួក កំពុងធ្វើការស្រាវជ្រាវ ដើម្បីឈានដល់ការចាប់ខ្លួនជនបង្កយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕ ដោយ៖បញ្ញាស័ក្តិ