ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានចុះហត្ថលេខាលើកិច្ចសន្យា ជាមួយក្រុមហ៊ុន Sichuan Road and Bridge (Group) Corporation Ltd ដើម្បីលើកកម្រិត និងថែទាំផ្លូវជាតិលេខ ៣ និង លេខ ៧ គម្រោងកំណាត់ផ្លូវជាតិទាំងពីរនេះ នឹងធ្វើការលើកកម្រិតផ្លូវពីកម្រាលកៅស៊ូ DBST បច្ចុប្បន្ន ទៅជាកម្រាលកៅស៊ូ AC ហើយនិងធ្វើការស្ថាបនាលូសងខាងផ្លូវ ដើម្បីរំដោះទឹកភ្លៀងចេញ ដែលពិធីនេះធ្វើឡើងនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០១៨ នាទីស្តីការក្រសួង ។
លោក ស៊ុន ចាន់ថុល បានថ្លែងថា ការងារលើកកម្រិតដោយការងារស្ថាបនាក្រាលកៅស៊ូ AC រយៈពេល ១៨ខែ ហើយបន្តថែទាំរយៈពេល ៣៦ខែ សរុប ៥៤ខែ ដែលនឹងចាប់ផ្ដើមការដ្ឋាន ពីខែមេសា ឆ្នាំ២០១៨ រហូតដល់ ខែកញ្ញា ឆ្នាំ២០២២ ក្រោមហិរញ្ញប្រទានពីធនាគារពិភពលោក លេខ 5789-KH: គម្រោងគ្រប់គ្រងសម្បត្តិផ្លូវថ្នល់ ២ (Road Asset Management Project II – RAMP II) ដែលមានប្រវែងសរុប ១១១,៣ គីឡូម៉ែត្រ និងចំណាយទឹកប្រាក់សរុបចំនួន 16.969.422,59 ដុល្លារអាមេរិក។
លោក ស៊ុន ចាន់ថុល បានថ្លែងទៀតថា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន តែងតែគិតគូរ និងផ្ដល់សេវាសាធារណៈ ឲ្យបានល្អជូនបងប្អូនប្រជាពលរដ្ឋ កាន់តែងាយស្រួល ក្នុងការធ្វើដំណើរ។ លោករដ្ឋមន្ត្រី បានសំណូមពរដល់ប្រជាពលរដ្ឋ ម្ចាស់ក្រុមហ៊ុនដឹកទំនិញ ចូលរួមចំណែកថែរក្សាផ្លូវកុំដឹកលើសទម្ងន់ គោរពច្បាប់ចរាចរណ៍ និងត្រូវជួយការពារថែរក្សាផ្លូវផងដែរ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា នៅក្នុងគម្រោងដដែលនេះ រាជរដ្ឋាភិបាលបានស្នើទៅធនាគារពិភពលោក ដើម្បីខ្ចីហិរញ្ញប្រទានសម្បទានចំនួន១១០លានដុល្លារ បន្ថែមទៀត សម្រាប់លើកកម្រិតផ្លូវជាតិលេខ៤ ដោយក្រាលកៅស៊ូ AC ស្ថាបនាចិញ្ចើមកៅស៊ូACនិងបន្ថែមនូវប្រព័ន្ធប្រឡាយដែលចាំបាច់ ដើម្បីធានាឲ្យផ្លូវជាតិលេខ៤ អាចធ្វើដំណើរបានគ្រប់រដូវ។ បច្ចុប្បន្នក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារពិភពលោក កំពុងរៀបចំឯកសារបច្ចេកទេស សម្រាប់ហិរញ្ញប្រទាន១១០លានដុល្លារអាមេរិកនេះ ហើយនឹងដាក់ជូនក្រុមប្រឹក្សានាយកធនាគារពិភពលោក សម្រេចក្នុងខែមិថុនា ឆ្នាំ២០១៨ ដែលការដ្ឋានសាងសង់អាចដំណើរការនាដើមឆ្នាំ២០១៩៕ ដោយ៖បញ្ញាស័ក្តិ