កំពង់ចាម៖ បុរសម្នាក់ដែលជាប់សារធាតុញៀន និងបានបង្កជម្លោះជាមួយប្រពន្ធនៅលើរថយន្តក្រុងកំពុងតែធ្វើដំណើរលើផ្លូវជាតិលេខ៦ ក៏ស្ទុះរត់ទៅទាញបួងចង្កូតរថយន្ត ដែលកំពុងបើកបរនោះ បណ្តាលឲ្យឡើងលើសួនច្បារទ្រូងផ្លូវត្រង់ចំណុចគីឡូលេខ៧០ ក្នុងភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨។
ហេតុការណ៍នេះបង្កឲ្យអ្នកធ្វើដំណើរជាច្រើននាក់ ទាំងខ្មែរ និងបរទេសដែលកំពុងជិះលើរថយន្តក្រុងនោះ ភ័យស្លន់ស្លោចង់លោះព្រលឹង។ បន្ទាប់ពីបង្កហេតុ បុរសរូបនោះ ត្រូវបានអ្នកដំណើរជិះលើរថយន្តក្រុង ស្វាគមន៍ម្នាក់មួយដៃមួយជើង ឡើងបែកមុខចេញឈាម ហើយត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចាត់វិធានការតាមច្បាប់។
លោកវរសេនីយ៍ឯក ប្រាក់ សុគុណ អធិការនគរបាលស្រុកជើងព្រៃ ប្រាប់ឲ្យដឹងថា រថយន្តក្រុងដឹកអ្នកដំណើរ ម៉ាកហ៊ីយ៉ានដាយមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3A-1863 បើកបរដោយឈ្មោះ ភុំ ណាក់ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិចុងដូង ឃុំចុងដូង ស្រុកបារាយរណ៍ ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី៥ ខែកុម្ភៈ បានដឹកអ្នកដំណើរខ្មែរ និងបរទេស ពេញរថយន្ត ចេញពីរាជធានីភ្នំពេញ ដើម្បីឆ្ពោះទៅកាន់ខេត្តសៀមរាប។ នៅវេលាម៉ោងប្រហែល៩ព្រឹក រថយន្តក្រុងបានធ្វើដំណើរមកដល់ត្រង់ចំណុចភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ស្រាប់តែមានអ្នកដំណើរម្នាក់ឈ្មោះ សំ សុជាន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិគោកចាន់ ឃុំតាសោម ស្រុកអង្គជុំ ខេត្តសៀមរាប បានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធឈ្មោះ តឹប នីន អាយុ២៩ឆ្នាំ។ បុរសនោះបានខឹងប្រពន្ធខ្លាំងពេក ក៏ស្ទុះទៅចាប់ទាញចង្កូតរថយន្តក្រុង ដែលកំពុងបើកបរធ្វើឲ្យរថយន្តរេចង្កូតចុះឡើងៗ និងបានឡើងលើសួនច្បារពុះទ្រូងផ្លូវជាប់គាំងទៅមុខលែងរួច។ ពេលនោះអ្នកដំណើរលើរថយន្តក្រុង មានបរទេស និងខ្មែរ នាំគ្នាភ័យលោះព្រលឹង។ ដោយសារតែខឹងពេក អ្នកធ្វើដំណើរជាច្រើននាក់ នាំគ្នាវ៉ៃជនរូបនោះឡើងទ្រមខ្លួន ដែលប្រព្រឹត្តអំពើផ្តេសផ្តាសក្នុងបំណងអ្នកដំណើរលើរថយន្តមានគ្រោះថ្នាក់ ហើយបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ សួរនាំ។ សមត្ថកិច្ចបានធ្វើតេស្តទឹកនោមលើបុរសរូបនោះ ដោយរកឃើញមានសារធាតុញៀន។
លោកឧត្តមសេនីយ៍ត្រី សោម រស់ ស្នងការរងនគរបាលទទួលផែនសណ្តាប់ធ្នាប់ បានប្រាប់ឲ្យដឹងដែរថា ជនបង្កនេះ នឹងត្រូវបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាម នឹងអាចដាក់ពន្ធនាគារ ដើម្បីឲ្យរាងចាល៕ ដោយ៖បញ្ញាស័ក្តិ