ភ្នំពេញ៖ “កិច្ចប្រជុំពិគ្រោះយោបល់លើកទី២” ស្តីពីការអភិវឌ្ឍផែនការមេភស្តុភារកម្មនៅកម្ពុជា ត្រូវបានធ្វើឡើងនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ជាអធិបតី រួមជាមួយនឹងគណៈប្រតិភូក្រុមជំនាញការភ័ស្តុភារកម្មនៃធនាគារពិភពលោក អង្គការJICA តំណាងមកពីក្រសួងពាក់ព័ន្ធនិងដៃគូអភិវឌ្ឍ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន វិស័យឯកជន និងស្ថាប័នសិក្សាធិការផងដែរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ថា វេទិកានេះ ធ្វើឡើងបន្តពីកិច្ចប្រជុំពិគ្រោះយោបល់លើកទី១ ដើម្បីប្រមូលធាតុចូល ក្នុងការអភិវឌ្ឍន៍ផែនការមេភស្តុភារកម្មនៅកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនដល់អ្នកចូលរួមអំពីបច្ចុប្បន្នភាពនៃការអភិវឌ្ឍគម្រោងកំពុងបន្ត និងសមិទ្ធផលថ្មីៗដែលសម្រេចបានដោយក្រសួងសាធាណការ និងដឹកជញ្ជូន រួមមាន៖ ការក្រាលកៅស៊ូផ្លូវជាតិលេខ៤ បន្ថែមដោយមានការគាំទ្រ ពីធនាគារពិភពលោក ការបញ្ចប់ដោយជោគជ័យ នៃការចរចាកិច្ចព្រមព្រៀងសម្បទានផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលនឹងត្រូវសាងសង់ឡើង តាមគោលការណ៍BoT (កសាង-ប្រតិបត្តិ-ផ្ទេរ) ការប្រគល់ជាផ្លូវការនូវបណ្តាញផ្លូវដែកជូន រាជរដ្ឋាភិបាលគ្រប់គ្រង បន្ទាប់ពីបានបញ្ចប់ការស្តារឡើងវិញ និងផែនការសាងសង់ចំណតកុងតឺន័រថ្មីជម្រៅ១៤,៥ម៉ែត្រ នៅក្រុងព្រះសីហនុ និងកំពង់ផែ បំពាក់ប្រព័ន្ធEDIគាំទ្រដោយJICA ។
លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរ អំពីដំណើរការនៃការពង្រីកផ្លូវជាតិលេខ៧ ពី២គន្លងទៅ៤គន្លង ដែលជាផ្លូវអាស៊ានហាយវេលេខ១ ក្រោមការគាំទ្រពីប្រទេសចិននិងជប៉ុន ដំណើរការស្តារផ្លូវដែកភាគខាងជើង ពីភ្នំពេញទៅប៉ោយប៉ែត ដែលនឹងត្រូវបញ្ចប់នៅឆ្នាំ២០២០ ការអភិឌ្ឍន៍ច្រកទ្វារអន្តរ ជាតិថ្មីនៅស្ទឹងបត់ ក្រោមកិច្ចព្រមព្រៀងទ្វេភាគី ជាមួយប្រទេសថៃ ដែលនឹងត្រូវបញ្ចប់នៅឆ្នាំ២០២០ ដើម្បីកាត់បន្ថយការកកស្ទះ នៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត និងសារសំខាន់នៃការប្រើប្រាស់ផ្លូវទឹកដើម្បី កាត់បន្ថយការកកស្ទះចរាចរ និងចំណាយដឹកជញ្ជូន ការបញ្ចប់ការពង្រីកផ្លូវជាតិលេខ១ ពីភ្នំពេញដល់អ្នកលឿង ក្រោមការគាំទ្រពីប្រទេសជប៉ុន និងការបញ្ចប់ការសិក្សា លើគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដោយអង្គការJICA ។
ជាមួយគ្នានេះផងដែរ លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនអង្គប្រជុំ អំពីបច្ចុប្បន្នភាព នៃការបង្កើតក្រុមប្រឹក្សាភាស្តុភារកម្មជាតិ(NLC) និងគណៈកម្មាធិការតម្រង់ទិសភស្តុភារកម្មជាតិ (NLSC)។
លោកទេសរដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះភាគីពាក់ព័ន្ធទាំងអស់ ដែលចូលរួមជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍន៍ផែនការមេ ស្តីពី ភ័ស្តុភារកម្មដែលមានលក្ខណៈទូលំទូលាយ៕ ដោយ៖បញ្ញាស័ក្តិ