ភ្នំពេញ៖ ប្រភេទកូនឈឺធ្នង់ធំៗ ដែលមានទំហំប៉ុនកំភួនជើង ប្រមាណជិត២០០០ដើម អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងដាំនៅតាមខាងបណ្ដោយផ្លូវ២១៧ ចាប់ពីរង្វង់មូលគួរស្រូវដល់ផ្លូវចូលជើងឯក ក្នុងខណ្ឌដង្កោ នៅសប្តាហ៍ក្រោយ ដើមខែកញ្ញាឆ្នាំ២០២០នេះហើយ ដើម្បីធ្វើឲ្យរាជធានីភ្នំពេញជាទីក្រុងដែលមានពណ៌បៃតងនិងបរិស្ថានល្អប្រសើរ ហើយការងារនេះត្រូវបានលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ សម្រេចឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញជាអ្នកដាំដោយសហការជាមួយមន្ទីរកសិកម្មរាជធានីនិងអាជ្ញាធរមូលដ្ឋានផងដែរ។
នេះបើតាមការបញ្ជាក់របស់លោកឃួង ស្រេង ក្នុងកិច្ចប្រជុំមួយ ជាមួយអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធនៅសាលារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៨ សីហា ឆ្នាំ២០២០នេះ។
លោកសំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា ក្រោមការដឹកនាំពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គឺសម្រេចអោយអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញជាអ្នកដាំ ដោយសហការជាមួយមន្ទីរកសិកម្មនិងអាជ្ញាធរមូលដ្ឋាន ហើយឈើដែលត្រូវដាំ មិនមែនកូនឈើតូចៗនោះទេ គឺជាប្រភេទកូនឈឺធ្នង់ធំៗ ដែលមានទំហំប៉ុនកំភួនជើងប្រមាណពី១៥០០ដើមទៅ២០០០ដើម ដោយដាំអមសងខាងផ្លូវចន្លោះពីគ្នាប្រមាណ៨ម៉ែត្រតាមបណ្ដោយផ្លូវ២១៧ ក្នុងខណ្ឌដង្កោ ចាប់ផ្ដើមដាំពីផ្លូវចូលមជ្ឈមណ្ឌលជើង រហូតដល់រង្វង់មូលគួរស្រូវ ជាប់ព្រំប្រទល់ខេត្តកណ្ដាល លើចម្ងាយផ្លូវប្រវែង៧គីឡូម៉ែត្រសងខាង (ស្មើ ១៤គីឡូម៉ែត្រ)។
លោកឃួង ស្រេង ក៏បានធ្វើការណែនាំទៅដល់អាជ្ញាធរខណ្ឌ មន្ទីរកសិកម្ម មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី ចុះណែនាំធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវ២១៧នេះ ចូលរួមសហការនិងថែទាំដើមឈើដែលបានដាំ នៅមុខផ្ទះរបស់ពួកគាត់ឲ្យបានល្អ។
គួរបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងការដាំដើមឈើប្រណិតៗនេះដែរ នៅ ក្នុងកិច្ចប្រជុំដែលបានធ្វើឡើងកាលពីថ្ងៃទី៣មិថុនាកន្លងទៅនេះ លោកឃួង ស្រេងក៏បានណែនាំដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវតែសិក្សាឲ្យបានច្បាស់លាស់មុននៃការដាំដើមឈើទាំងនេះ ដោយត្រូវគិតគូរឲ្យបានរួចរាល់អំពីទំហំនៃគម្រោងពង្រីកផ្លូវខាងលើក៏ដូចជា គិតគូរពីការដាក់ប្រព័ន្ធលូឲ្យហើយស្រេច ជៀសវាងមានបញ្ហា យើងកាប់ដើមឈើចោល វាពិតជាសោកស្តាយ ។
លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ ក៏បានមានប្រសាសន៍ គាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងនៃការដាំដើមឈើប្រណិតៗនៅតាមបណ្តោយផ្លូវ២១៧នេះ។លោកស្រីអះអាងថា ការដាំដើមឈើនេះយើងអាចការពារបាននូវការរំលោភចំណីផ្លូវពីសំណាក់ប្រជាពលរដ្ឋមួយចំនួន ៕ ដោយ៖កូឡាប