ភ្នំពេញ៖លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ បានស្នើឱ្យអភិបាលរាជធានី-ខេត្តទាំង២៥ ចាត់ចែងឱ្យមានកម្លាំងសមត្ថកិច្ចចុះយាមកាមនៅតាមមណ្ឌលចត្តាឡីស័កទាំងឡាយនៅទូទាំងប្រទេសកម្ពុជា ដើម្បីបង្កើនការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋបន្ថែមទៀត ទោះបីប៉ុន្មានថ្ងៃនេះ កម្ពុជាមិនមានករណីឆ្លងជំងឺកូវីដ-១៩ថ្មីទៀតក៏ដោយ។
ការស្នើឱ្យមានចំណាត់ការបន្ថែមបែបនេះ គឺដើម្បីធានាបាននូវការគ្រប់គ្រងប្រជាពលរដ្ឋ និងជនបរទេសដែលកំពុងធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅតាមមណ្ឌលចត្តាឡីស័កកម្រិត១ កម្រិត២ និងនៅតាមសណ្ឋាគារ ដែលបានកំណត់ដោយក្រុមអន្តរវិស័យ រួមមានផ្នែកសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច។
បើយោង លិខិតរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជម្រាបជូនអភិបាលរាជធានី-ខេត្តទាំង២៥៖ សេចក្តីដូចមានចែងក្នុងកម្មវត្ថុខាងលើ ក្រសួងសុខាភិបាល សូមជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី -ខេត្តទាំងអស់ជ្រាបថា ក្រសួងសុខាភិបាលសូមកោតសរសើដោយស្មោះដល់ ក្រុមគ្រូពេទ្យ ក្រុមការងារឆ្លើយតបបន្ទាន់ និងមន្ត្រី -បុគ្គលិកគ្រប់ស្ថាប័នពាក់ព័ន្ធនៅទូទាំងប្រទេស ដែលបានខិតខំ យកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យសុខភាព ការយកវត្ថុសំណាកសម្រាប់វិភាគរកវីរុសកូវីដ-១៩ នៅមន្ទីរពិសោធន៍ និង ការអនុវត្តវិធានការចត្តាឡីស័កចំនួន ១៤ថ្ងៃ សម្រាប់បងប្អូនប្រជាពលរដ្ឋ រួមទាំងជនបរទេសទាំងអស់ដែលតម្រូវឲ្យ ធ្វើចត្តាឡីស័ក ដែលបានធ្វើដំណើរចូលមកក្នុងប្រទេសកម្ពុជា តាមច្រកព្រំដែនគោក និងតាមផ្លូវអាកាស ដោយ អនុវត្តតាមគោលការណ៍ណែនាំប្រតិបត្តិស្តង់ដារសម្រាប់ការគ្រប់គ្រង និងអនុវត្តការងារនៅក្នុងមណ្ឌលត្រួតពិនិត្យ សុខភាពនៅតាមព្រំដែនគោក និងតាមព្រំដែនអាកាស ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ -១៩។
លោករដ្ឋមន្ត្រី បន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល កម្ពុជា ការខិតខំប្រឹងប្រែង និងស្មារតីសាមគ្គីភាពរបស់មន្ត្រី បុគ្គលិកគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ក្នុងការត្រងត្រាប់ អនុវត្តតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល បានធ្វើឲ្យប្រទេសកម្ពុជាអាចទប់ស្កាត់បាននូវការឆ្លងរាតត្បាតវីរុស កូវីដ-១៩ នៅក្នុងប្រទេស ហើយយើងក៏សង្កេតឃើញដែរថា មិនទាន់មានការចម្លងវីរុសកូវីដ-១៩ ចូលក្នុងសហគមន៍ នៅឡើយទេ មកដល់ពេលនេះ។ ដូច្នេះ ដើម្បីធានាបាននូវការគ្រប់គ្រងបងប្អូនប្រជាពលរដ្ឋ និងជនបរទេស ដែល កំពុងធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅតាមមណ្ឌលចត្តាឡីស័ក កម្រិត១ កម្រិត២ និងនៅតាមបណ្តាសណ្ឋាគារ ដែលបានកំណត់ដោយក្រុមការងារអន្តរវិស័យដែលមានផ្នែកសុខាភិបាល និងអជ្ញាធរមានសមត្ថកិច្ចផងដែរនោះ សូម ឯកឧត្តម លោកជំទាវអភិបាលនៃគណៈអភិបាលរាជធានី -ខេត្តទាំងអស់ ចាត់ចែងឲ្យមានកម្លាំងសមត្ថកិច្ច ដើម្បី យាមប្រចាំការជាប់ជាប្រចាំ និងឃ្លាំមើលសកម្មភាពពីខាងក្រៅមណ្ឌលចត្តាឡីស័ក ជួយការពារសន្តិសុខ សណ្តាប់ ធ្នាប់នៅតាមមណ្ឌលចត្តាឡីស័កទាំងអស់នៅទូទាំងប្រទេសឲ្យបានហ្មត់ចត់ជាទីបំផុត ត្រូវមានការកំណត់ម៉ោងពេលសម្រាប់ឲ្យក្រុមគ្រួសារសួរសុខទុក្ខអ្នកដែលកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលចត្តាឡីស័កនានាត្រូវធ្វើតាមរយៈ ទូរស័ព្ទ និងត្រូវការពារឲ្យបានម៉ឺងម៉ាត់ ជាទីបំផុត កុំឲ្យអ្នកកំពុងធ្វើចត្តាឡីស័ក រត់គេចចេញពីមណ្ឌលចត្តាឡីស័ក មុន កាលកំណត់ជាដាច់ខាត។
ប្រសិនបើមានបុគ្គលណា មិនអនុវត្តតាមវិធានការចត្តាឡីស័ករបស់ក្រសួងសុខាភិបាល សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ត្រូវអនុវត្តច្បាប់ និងបទដ្ឋានគតិយុត្តដែលមាន ជាធរមាន ដូចជា អនុក្រឹត្យលេខ ១២៩ អនក្រ. បក ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជា អន្តរជាតិនៃជំងឺនៅតាមច្រកចេញ-ចូល៕ ដោយ៖កូឡាប