ភ្នំពេញ៖ ទោះបីការបាត់បង់ជីវិត ឬពិការប្រជាជនសូម្បីតែម្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម គឺជាទុក្ខសោក និងជាការសោកស្តាយបំផុតសម្រាប់ប្រទេសជាតិទាំងមូល។ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោនាយករដ្ឋមន្ត្រី ឯកឧត្តមលី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានចូលរួមក្នុងពិធីបង្សុកូលគោរពវិញ្ញាណក្ខន្ធជនរងគ្រោះដោយសារមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ជាមួយឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងប្រទេសម្ចាស់ជំនួយ អង្គការ UNDP និងប្រតិបត្តិករដោះមីនជាតិ-អន្តរជាតិ ដទៃទៀត នៅស្ថានទូតសហរដ្ឋអាមេរិកប្រចាំ នៅរាជធានីភ្នំពេញ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ។
ក្នុងពិធីនោះឯកឧត្តមលី ធុជ បានលើកឡើងអំពីប្រសាសន៍ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ចំពោះការបាត់បង់ជីវិត ពិការភាព និងរបួសរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកដោះមីន ថា “ទោះបីការបាត់បង់ជីវិត ឬ ពិការប្រជាជនសូម្បីតែម្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម គឺជាទុក្ខសោក និងជាការសោកស្តាយបំផុតសម្រាប់ប្រទេសជាតិទាំងមូល”។
ប្រទេសកម្ពុជាតូច និងក្រីក្រមែន ប៉ុន្តែកម្ពុជាមានបេះដូងធំទូលាយ ក្នុងការចូលរួមការងារមនុស្សធម៌ និងការងាររក្សាសន្តិភាពនៅលើពិភពលោក ផងដែរ។
ឯកឧត្តមលី ធុជ សូមសម្តែងនូវការដឹងគុណចំពោះគោលនយោបាយ ឈ្នះ ឈ្នះ នៅចុងឆ្នាំ១៩៩៨ ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបាននាំមកនូវសុខសន្តិភាព និងស្ថិរភាពពេញលេញទូទាំងប្រទេសកម្ពុជា ព្រមទាំងបានអនុញ្ញាតឲ្យបងប្អូនអ្នកដោះមីនទាំងអស់ អាចបំពេញការងារបោសសម្អាតមីនមនុស្សធម៌របស់ខ្លួន នៅគ្រប់ទីកន្លែងដោយគ្មានការភ័យខ្លាចឡើយ ក្នុងចូលរួមរំដោះផ្ទៃដី និងសង្គ្រោះជីវិតប្រជាពលរដ្ឋ ពីការគម្រាមកំហែងដោយសារមីននិងគ្រាប់។
ឯកឧត្តមលី ធុជ ក៏សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់បងប្អូនអ្នកដោះមីនទាំងអស់ ដែលបានលះបង់ និងបំពេញការងារទាំងប្រថុយប្រថាននិងគ្រោះថ្នាក់បំផុត ក្រោមពន្លឺថ្ងៃក្តៅ តាមវាលស្រែ និងព្រៃភ្នំ ដើម្បីចូលរួមបង្កើតនូវពិភពលោកមួយ ពោរពេញដោយសុវត្ថិភាពសម្រាប់មនុស្សគ្រប់រូប។
ការងារដោះមីន មិនអាចទាយទុកជាមុនបានឡើយ ហើយអ្វីគ្រប់យ៉ាងអាចផ្លាស់ប្តូរក្នុងរយៈពេលតិចជាងមួយវិនាទី ដែលធ្វើអោយពួកគេអាចបាត់បង់ជីវិត ធ្លាក់ខ្លួនពិការភាព និងបាត់បង់មនុស្សជាទីស្រលាញ់ ទៀតផង។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមសូមថ្លែងអំណរគុណចំពោះ ឯកឧត្តម Patrick Murphy ចំពោះគំនិតផ្តួចផ្តើម ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំពិធីនេះ នៅក្នុងបរិវេណស្ថានទូតអាមេរិក។
ក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាដ៏សប្បុរស ដែលបានផ្តល់ដោយរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ក្នុងការរួមចំណែកកាត់បន្ថយការគម្រាមកំហែងដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងសង្គ្រោះជីវិតមនុស្សនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៣ ក្នុងទឹកប្រាក់ប្រមាណជាង ១៦០ លានដុល្លារអាមេរិក។
ឯកឧត្តមក៏សូមថ្លែងអំណរគុណផងដែរ ចំពោះម្ចាស់ជំនួយ និងប្រទេសជាមិត្តដ៏ឆ្នើមដទៃទៀតរបស់កម្ពុជា រួមមាន ៖ អូស្ត្រាលី អង់គ្លេស ជប៉ុន អាល្លឺម៉ង់ ស្វីស ចិន ន័រវែស កូរ៉េខាងត្បូង កាណាដា នូវែលហ្សឺឡង់ អៀរឡង់ UNDP និង UNICEF ព្រមទាំងមូលនិធិ អង្គការសង្គមស៊ីវិល និងសប្បុរសជន ផងដែរ។
យើងទាំងអស់គ្នា ត្រូវបន្តចិញ្ចឹមចិត្ត និងលើកកម្ពស់ភាពជាដៃគូ ដោយមានការប្តេជ្ញាចិត្តខ្ពស់ រវាងរាជរដ្ឋាភិបាល សហគមន៍ម្ចាស់ជំនួយ ប្រតិបត្តិករ និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធ្វើឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យគ្មានមីនត្រឹមឆ្នាំ ២០២៥។
ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូត បានបញ្ជាក់ជំហរថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងបន្តគាំទ្រជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារបោសសម្អាតមីនមនុស្សធម៌ រហូតដល់កម្ពុជារំដោះគ្រាប់មីនចុងក្រោយរបស់ខ្លួន ហើយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក គ្រោងនឹងចុះទស្សនកិច្ចចម្ការមីន នៅក្នុងខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ ផងដែរ។
ចាប់តាំងពីឆ្នាំ១៩៧៩ ដល់ខែធ្នូឆ្នាំ ២០១៩ គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម បានបណ្តាលឱ្យមនុស្សស្លាប់ និងរបួសចំនួន ៦៤.៨៥៥ នាក់។ ចំនួនអ្នកស្លាប់និងរបួស បានថយចុះយ៉ាងខ្លាំងចាប់ពី៤៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម៧៧នាក់នៅឆ្នាំ ២០១៩។
ចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២០ មានអ្នកដោះមីនចំនួន ១៥១នាក់ មកពីគ្រប់ប្រតិបត្តិករទាំងអស់ បានពលី និងគ្រោះថ្នាក់ ដោយសារការរំដោះផ្ទៃដីជាបងប្អូនប្រជាពលរដ្ឋ។
ចាប់តាំងពីឆ្នាំ១៩៩២ ប្រតិបត្តិករអ្នកដោះមីន បានបោសសម្អាតផ្ទៃដីចំនួន ២.០៤៣គីឡូម៉ែត្រក្រឡា សម្រាប់យកមកប្រើប្រាស់សម្រាប់សាងសង់លំនៅដ្ឋាន កសិកម្ម កាត់បន្ថយគ្រោះថ្នាក់ និងការងារអភិវឌ្ឍន៍ដទៃទៀត និងបានរកឃើញនិងបំផ្លាញមីនប្រឆាំងមនុស្ស មីនប្រឆាំងរថក្រោះ និងសំណល់ជាតិផ្ទុះពីសង្គ្រាម រាប់លានគ្រាប់ ព្រមទាំងមានអ្នកទទួលផលផ្ទាល់និងប្រយោលប្រមាណជាង ៥.៧លាននាក់៕ដោយ៖កូឡាប