ភ្នំពេញ៖ កម្ពុជា-ឡាវ បានឯកភាពង្កើនការសហការផ្នែកច្បាប់ និងផ្នែកផ្សេងៗ ឲ្យកាន់តែល្អប្រសើរ ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។
ដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូនៃអាជ្ញាធរអធិការកិច្ចនិងប្រឆាំងអំពើពុករលួយនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងទី៤ ដល់ទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងថា កម្ពុជា-ឡាវ បានឯកភាពគ្នាបន្ថែមទៀត លើបង្កើនការសហការផ្នែកច្បាប់ និងផ្នែកផ្សេងៗទៀត ឲ្យកាន់តែល្អប្រសើរលើវិស័យប្រឆាំងអំពើពុករលួយ។
ក្នុងជំនួបនោះ លោក ស៊ីណាយ មៀងឡាវ៉ាន់ អនុប្រធានអាជ្ញាធរអធិការកិច្ចរដ្ឋ និងប្រឆាំងអំពើពុករលួយឡាវ បានថ្លែងថា ឡាវបានយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើកិច្ចការងារប្រកាសទ្រព្យសម្បត្តិរបស់អង្គភាពប្រឆាំងអំពើពុកលួយ នៅកម្ពុជា មិនតែប៉ុណ្ណោះភាគីឡាវ នឹងចែករំឡែកបទពិសោធន៍ល្អដែលខ្លួនទទួលបានពីបរទេសលើវិស័យប្រឆាំងពុករលួយ ដល់កម្ពុជា លើការងារស៊ើបអង្កេតនានាពាក់ព័ន្ធបទល្មើសប្រឆាំងអំពើពុករលួយដែលខ្លួនមានស្រាប់។ លោក ស៊ីណាយ មៀងឡាវ៉ាន់ ក៏បានចែករំឡែកបទពិសោធន៍នៅក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយអន្តរជាតិផងដែរ បើសិនជាមានចំណុច ណាល្អភាគីទាំងពីរ នឹងយកទៅរៀនសូត្រតាមគ្នា។
លោក ឱម យិនទៀង បានបញ្ជាក់ថា កន្លងមកកម្ពុជា-ឡាវ មិនទាន់មានបទល្មើសកើតឡើង សម្រាប់ដោះស្រាយរួមគ្នា តែបទល្មើសអាចនឹងកើតមាន ទើបខាងឡាវមកបំពេញទស្សនកិច្ចផ្លូវការនេះ៕ ដោយ៖កូឡាប