ប៉ូលីសថៃនាពេលនេះ បានពិចារណាដាក់ការចោទប្រកាន់ប្រឆាំងនឹងម្ចាស់ហាងកាហ្វេ Nina Coffe ស្ថិតក្នុងស្រុក Sattahip ខេត្ត Chonburi ដែលបានផុសរូបភាព និងវីដេអូ បង្ហាញឲ្យឃើញស្ត្រីអ្នកបំរើៗសេវាដល់ភ្ញៀវ ដោយស្ថិតក្នុងស្ថានភាពគ្មានសម្លៀកបំពាក់សមរម្យ ដោយគ្រាន់តែបិទកេរ្តិ៍ជាមួយអាវអៀមចុងភៅ និងខោទ្រនាប់ប៉ុណ្ណោះ ។
The Nation រាយការណ៍ថា មេប៉ូលីសលោក Thanachai Usahakit និយាយថា ម្ចាស់ហាងកាហ្វេនោះដែលមានឈ្មោះ Prasong Sukkorn អាចប្រឈមមុខជាប់ពន្ធនាគាររហូតដល់ ៥ ឆ្នាំ ហើយក៏អាចរងការផាកពិន័យជាប្រាក់ចំនួន ១ម៉ឺនបាត (ស្មើនឹង ៣,១៦៨ ដុល្លារ) ចំពោះការបំពានច្បាប់កុំព្យូទ័ររបស់ប្រទេស ដែលគាត់បានផុសបណ្តារូបភាពមិនសមរម្យទាំងនោះនៅលើអនឡាញ ។
យោងតាម Coconut Bangkok , អាជ្ញាធរបានកោះហៅម្ចាស់ហាងកាហ្វេនោះ កាលពីថ្ងៃអាទិត្យ រួមជាមួយតារាម៉ូដែលស្រី២រូប ដែលមានត្រូវបានស្គាល់មានឈ្មោះថា Arisa Suwannawong និង Minggomut “Ming” Kongsawas ដែលបង្ហាញមុខមាត់ជាពិសេសនៅក្នុងរូបភាព និងវីដេអូ ដែលបានរីករាលដាលនៅលើហ្វេសប៊ុក កាលពីសប្តាហ៍មុន ។ នៅចំពោះមុខប៉ូលីស ម្ចាស់ហាងអាយុ ៥០ ឆ្នាំ បានពន្យល់ថា គោលបំណងនៃការផ្សាយពាណិជ្ជកម្ម គឺពិតជាសិចស៊ី ប៉ុន្តែ មិនមែនជា «ការរំលោភបំពាន ឬ ធ្វើឲ្យអាប់មុខមាត់សង្គមជាតិ» នោះទេ ។
ម្ចាស់ហាងដែលមានទីតាំងស្ថិតនៅក្បែរផ្លូវប្រសព្វ Kasempol ក្នុងតំបន់ Tambon Plu Ta Luang បានបន្ថែមថា គំនិតនៃការបង្ហោះពាណិជ្ជកម្មសិចស៊ីនេះនៅលើហ្វេសប៊ុក កើតឡើងចំពោះគាត់ គឺបន្ទាប់ពីម្នាក់ក្នុងចំណោមតារាម៉ូឌែលទាំងពីរ បានស្ម័គ្រចិត្តជួយបុរសម្នាក់ប្រូម៉ូតអាជីវកម្មរបស់គាត់ ដែលជាថ្នូរផឹកកាហ្វេដោយឥតគិតថ្លៃ ។
នាង Suwannawong បានប្រាប់ Coconuts Bangkok ថា រូបនាង និងដៃគូ Kongsawas ចង់ជួយម្ចាស់ហាងនេះ ប្រូម៉ូតកាលក់ដូរ ហើយពួកនាងធ្វើវាដោយស្ម័គ្រចិត្តប៉ុណ្ណោះ ។
Suwannawong និយាយថា៖ «ខ្ញុំបាននិយាយទៅកាន់ម្ចាស់ហាង ហើយគាត់បាននិយាយថា គ្មាននរណាម្នាក់មកកាន់ហាងកាហ្វេរបស់គាត់ទេ ព្រោះវាស្ថិតនៅឆ្ងាយពីទីក្រុងពេក! ហេតុដូច្នេះ ខ្ញុំក៏ស្ម័គ្រចិត្តជួយផលិតវីដេអូ ដើម្បីគាត់ (ម្ចាស់ហាង) អាចចែករំលែកវានៅលើបណ្តាញសង្គម» ។
នាងបន្តថា៖ «ខ្ញុំមិនទទួលបានប្រាក់សេវាកម្មអ្វីទាំងអស់ ។ ខ្ញុំគ្រាន់តែធ្វើឡើងជាការគាំទ្រ សម្រាប់តែការថតរូប និងស្លៀកសិចស៊ីប៉ុណ្ណោះ» ។
ទោះបីគោលបំណងរបស់គាត់យ៉ាងណាក៏ដោយ តែលោក Thanachai និយាយថា គាត់បានប្រព្រឹត្តការរំលោភបំពានច្បាប់អ៊ីនធើរណេតរួចទៅហើយ បើទោះបីជាគាត់បានលុបចេញរូបភាពទាំងនោះ និងវីដេអូ ពីបណ្តាញសង្គមក៏ដោយ ៕ ចន្ទី