ស្ត្រីម្នាក់បានបង្កឲ្យមានការហួសចិត្តយ៉ាងខ្លាំង និងត្រូវបានគេដាក់នៅក្នុងបញ្ជីខ្មៅ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន បន្ទាប់ពីវីដេអូមួយបង្ហាញឲ្យឃើញស្ត្រីរូបនេះ បានឡើងដើរនៅលើស្លាបយន្តហោះយ៉ាងរំភើយ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា បន្ទាប់ពីយន្តហោះចុះចតនៅព្រលាន Boryspil ក្នុងទីក្រុង Kiev ប្រទេសអ៊ុយក្រែន មកពីប្រទេសទួរគី ស្ត្រីជាម្តាយកូន២រូបនេះ ព្រោះតែមានអារម្មណ៍ថាក្តៅស្អុះស្អាប់នៅក្នុងយន្តហោះ នាងក៏បានសម្រេចចិត្តបើកសោទៅច្រកចេញបន្ទាន់ នៅលើយន្តហោះ Boeing 737-86N ដើម្បីចេញមកខាងក្រៅដកយកខ្យល់អាកាសឲ្យត្រជាក់ស្រួលខ្លួន។
យោងតាមកាសែត The Sun អ្នកទេសចរម្នាក់បានពន្យល់ប្រាប់អ្នកយកព័ត៌មានថា អ្នកដំណើរស្ទើរតែទាំងអស់បានចុះពីលើយន្តហោះនៅពេលចុះចត។ ពួកគេបានបន្តទៀតថា ស្ត្រីនោះបានដើរពីកន្ទុយរហូតដល់ជួរចេញយ៉ាងបន្ទាន់ ហើយបើកទ្វារចេញទៅខាងក្រៅភ្លាមៗតែម្តង។
កូនពីរនាក់របស់នាងបានឈរនៅខាងក្រៅមើលសកម្មភាពម្តាយរបស់ពួកគេ ហើយបាននិយាយទៅកាន់អ្នកទេសចរថា ស្ត្រីនោះជាម្តាយរបស់ពួកគេ។ ទោះយ៉ាងណា ក្រោយពីបានឃើញបែបនេះ អ្នកបើកយន្តហោះបានហៅរថយន្តសង្គ្រោះបន្ទាន់ ប៉ូលិស និងសន្តិសុខយាមល្បាត មកកាន់កន្លែងកើតហេតុ។
បន្ទាប់ពីនាងឡើងលើយន្តហោះដោយសុវត្ថិភាព នាងបានប្រាប់អាជ្ញាធរថា នាងមានអារម្មណ៍ក្តៅខ្លាំងណាស់។ ដោយសារមានការសង្ស័យ ពួកគេក៏បានធ្វើតេស្តរកសារធាតុអាល់កុល និងគ្រឿងញៀន ប៉ុន្តែ ពុំរកឃើញអ្វីទាំងអស់។
ទោះយ៉ាងណា ឥឡូវនេះ UIA បានចុះឈ្មោះស្ត្រីរូបនេះនៅក្នុងបញ្ជីខ្មៅរបស់ពួកគេ ដោយចោទប្រកាន់នាងពីបទរំលោភច្បាប់សុវត្ថិភាពអាកាសចរណ៍។ ក្រុមហ៊ុនអាកាសចរណ៍ក៏បានលើកឡើងផងដែរថា គួរតែមានការពិន័យផ្នែកហិរញ្ញវត្ថុខ្ពស់ទៅលើស្ត្រីរូបនេះឲ្យធ្ងន់ ដែលមិនគួរណាធ្វើគំរូអាក្រក់បែបនេះចំពោះកូនៗរបស់នាងឡើយ៕ ដោយ៖ លឹម ហុង