ភ្នំពេញ៖ វិស័យសំណង់នៅកម្ពុជា នៅតែបន្តមមាញឹក និងមានសកម្មភាពសាងសង់ជារៀងរាល់ថ្ងៃនៅឡើយ បើទោះបីជំងឺកូវីដ១៩មិនទាន់ចប់ក៏ដោយ ខណៈដែលមានគម្រោងអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើង នៅតែបន្តសាងសង។
របាយការណ៍អំពីគម្រោងសាងសង់សំណង់នៅកម្ពុជានៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញឱ្យដឹងថា នៅក្នុងឆមាសទី១ ឆ្នាំ២០២០ គម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់ឡើង នៅទូទាំងប្រទេសមានចំនួន ២១៦គម្រោងស្មើនឹង ២៣៤ អគារ ក្នុងនោះអគារចាប់ពី ០៥ ជាន់ ទៅ ០៩ ជាន់ មានចំនួន ១២០ អគារ ពី១០ ជាន់ ទៅ ១៩ជាន់ មានចំនួន ៧៣ អគារ ពី ២០ ជាន់ ទៅ ២៩ ជាន់ មានចំនួន ២៤ អគារ ពី ៣០ ជាន់ទៅ ៣៩ ជាន់ មានចំនួន១០អគារ និងពី ៤០ ជាន់ឡើងទៅមានចំនួន៤អគារ។
របាយការណ៍បានបង្ហាញថា ក្រៅពីគម្រោងខាងលើ ការសាងសង់ ប្រភេទបុរីលំនៅឋាន និងបណ្ដុំលំនៅឋាន លក្ខណៈបុរី នៅទូទាំងប្រទេស មានចំនួន ៣៦គម្រោង ស្មើជាង ៦ពាន់ខ្នង មានផ្ទៃក្រឡាសំណង់ជិត ២លានម៉ែត្រការរ៉េ ក្នុងតម្លៃប៉ាន់ស្មានទុនវិនិយោគជាង ៦០០លានដុល្លារ ។
របាយការណ៍បានបង្ហាញទៀតថា អគារស្នាក់នៅ រួមមាន ៨២គម្រោង ក្នុងតម្លៃប៉ាន់ស្មានទុនវិនិយោគជាង ៥០០ លានដុល្លារ សំណង់អគាររោងចក្រនៅទូទាំងប្រទេស មានតម្លៃប៉ាន់ស្មានទុនវិនិយោគជាង ៣០០ លានដុល្លារ និងប្រភេទសំណង់សណ្ឋាគារនៅទូទាំងប្រទេស មានចំនួន ១៩ គម្រោង ស្មើជាង២៤ម៉ឺនម៉ែត្រការ៉េ ក្នុងតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ១៤៥ លានដុល្លារ។
សំណង់អគារពាណិជ្ជកម្ម មានចំនួន២២០ គម្រោង លើតម្លៃទំហំប៉ាន់ស្មានទុន វិនិយោគប្រមាណ១៣០០លានដុល្លារ សំណង់អគារផ្ទះល្វែងនៅទូទាំងប្រទេស មានចំនួនជិត៩ពាន់ល្វែង មានតម្លៃប៉ាន់ស្មានលើទុនវិនិយោគប្រមាណ១ ២០០លានដុល្លារ។ ចំណែកសំណង់អគារពហុមុខងារ នៅទូទាំងប្រទេស ក្នុងរយៈពេលនេះដែរ មានចំនួន៤៥គម្រោង ស្មើជាង១,៧លានម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មានលើទុនវិនិយោគប្រមាណ១ ០០០លានដុល្លារ៕
ដោយ៖CEN