ភ្នំពេញ៖ ថ្មីៗនេះ មានហេតុការណ៍ដ៏ញាក់សាច់មួយ បង្កការភ្ញាក់ផ្អើលរត់ជាន់ជើងគ្នាពេញក្នុងទឹកតែម្តង ដោយសារតែក្មេងស្ទាវ២ក្រុមបានបើកឆាកប្រយុទ្ធគ្នាយ៉ាងសាហាវឡើងកក្រើកពេញក្នុងទឹក នៃរមណីដ្ឋានមួយកន្លែងនៅក្នុងខេត្តកំពង់ឆ្នាំងប្រៀបដូចក្រពើ និងខ្លាអ៊ីចឹង។
ហេតុការណ៍បង្កភាពអសន្តិសុខដ៏ហួសចិត្តបំផុតនេះ បើតាមអ្នកបង្ហោះវីដេអូ បានប្រាប់ឲ្យដឹងថា បានកើតឡើងនៅរមណីយដ្ឋាន «ទំនប់ទឹកគង្គារ» ស្ថិតក្នុងភូមិចាស់ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០។
ជម្លោះឈានដល់ការប្រើអំពើហិង្សាដាក់គ្នាយ៉ាងសាហាវនេះ ត្រូវបានដឹងថាគឺផ្តើមឡើងដោយសារការឌឺដងសម្តីដាក់គ្នា។ ក្នុងនោះវីដេអូអាចត្រូវបានឃើញក្មេងស្រីៗជំទង់ៗ និងយុវជនដទៃទៀត បាននាំគ្នារត់ភៀសខ្លួនស្រវេស្រវាឡើងគោកទាំងព្រលឹងចុងសក់។ ហើយជាលទ្ធផល ម្នាក់ក្នុងចំណោមភាគីជម្លោះម្ខាងដែលមានបក្ខពួកប្រមាណ ២០ នាក់ ត្រូវបែកក្បាល។
ក្រោយពីបានឃើញបែបនេះ ប្រជាពលរដ្ឋដែលទៅលេងកម្សាន្តនៅទីនោះ បាននាំគ្នារិះគន់ និងស្នើដល់អាជ្ញាធរតាមស្វែងរកចាប់ខ្លួនជនបង្កទាំង២ក្រុមមកដាក់ទោសឲ្យបានធ្ងន់ និងពិសេសគឺយកចិត្តទុកដាក់ចំពោះបញ្ហាអសន្តិសុខសណ្តាប់ធ្នាប់នៅទីនោះ ព្រោះតំបន់រមណីយដ្ឋាន ទំនប់ទឹកគង្គារ នេះ ជាតំបន់ទេសចរណ៍មួយ ដែលកំពុងតែមានការទាក់ទាញភ្ញៀវទេសចររបស់ខេត្តកំពង់ឆ្នាំង៕ ដោយ៖ លឹម ហុង