ភ្នំពេញ៖ គណៈប្រតិភូអាជ្ញាធរអធិការកិច្ចរដ្ឋ និងប្រឆាំងអំពើពុករលួយឡាវ និងគណៈប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា បានចុះសិក្សាស្វែងយល់អំពី កំណែទម្រង់និងទំនើបកម្មនៃគោលនយោបាយពន្ធ និងរដ្ឋបាលពន្ធដាររបស់អគ្គនាយកដ្ឋានពន្ធដារ។
ដំណើរទស្សនកិច្ចនេះ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧អគ្គនាយកដ្ឋានពន្ធដារ គណៈប្រតិភូឡាវ ដឹកនាំដោយលោក ស៊ីណាយ មៀងឡាវ៉ាន់ អនុប្រធានអាជ្ញាធរអធិការកិច្ចរដ្ឋ និងប្រឆាំងអំពើពុករលួយនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោក ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតឡាវប្រចាំកម្ពុជា ។
ថ្លែងក្នុងកិច្ចប្រជុំនោះ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានជម្រាបជូនភាគីឡាវនិងចែករំលែកបទពិសោធន៍នៃការធ្វើកំណែទម្រង់របស់អគ្គនាយកដ្ឋានពន្ធដារ ដោយលោកបានបញ្ជាក់ថា ស្របតាមគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ និងការណែនាំរបស់លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារសម្រេចបានលទ្ធផលជាច្រើន ក្រោមក្របខ័ណ្ឌកម្មវិធីកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអនុវត្តយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម២០១៤ -២០១៨ ហើយលទ្ធផលគួរជាទីមោទននៃការកែទម្រង់នេះ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់មិនអាចខ្វះបាន ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិនិងកាត់បន្ថយភាពក្រីក្រ។ គោលនយោបាយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺមិនមានការដំឡើងអត្រាពន្ធឬបង្កើតប្រភេទពន្ធថ្មីឡើយ គឺមានតែពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមានតែប៉ុណ្ណោះ។ បន្ថែមពីលើនេះ គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាលតែងតែមានការលើកទឹកចិត្តចំពោះការវិនិយោគលើវិស័យកសិកម្ម វិស័យអប់រំ និងវិស័យអាទិភាពនានាផ្សេងទៀត រួមទាំងសហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម ។ គោលនយោបាយលើកទឹកចិត្តពន្ធជានិច្ចកាលតែងតែគិតគូរដល់ប្រជាពលរដ្ឋ និងអាជីវករតូចតាច។
លោកបានបញ្ជាក់ថា កំណែទម្រងរបស់អគ្គនាយកដ្ឋានពន្ធដារ គឺដើម្បីធានាបានថាអ្នកជាប់ពន្ធមានភាពងាយស្រួលទទួលបានតម្លាភាព ប៉ុន្តែលំបាកក្នុងការគេចវេះពន្ធ ដែលជាឆន្ទៈច្បាស់លាស់ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយ។
លោកប្រតិភូរាជរដ្ឋាភិបាល បានបង្ហាញថា លទ្ធផលប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារទទួលគួរជាទីមោទនៈដែលសម្រេចបាននិងលើសផែនការច្បាប់កំណត់ក្នុងរយៈពេល៦ឆ្នាំជាប់ៗគ្នា ចាប់តាំងពីឆ្នាំ២០១២។ សម្រាប់រយៈពេលពេញមួយឆ្នាំ២០១៧ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន សរុបចំនួន ៧.៧៥៤,៨១ ពាន់លានរៀល (ប្រមាណជា១.៩៣៨,៧១ លានដុល្លារអាមេរិក) ស្មើនឹង១១៣% នៃផែនការ ។ ប្រសិនបើធៀបនឹងឆ្នាំ២០១៦ឃើញថាការប្រមូលពន្ធអាករគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៧ មានការកើនឡើងចំនួន ១.៦៧៦,៣៦ពាន់លានរៀល (ប្រមាណ៤១៩,០៩លានដុល្លារ) ស្នើនឹង២៧,៨៩ភាគរយ។
គួរបញ្ជាក់ថា សមិទ្ធិផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធដារដូចបានរៀបរាប់ខាងលើ គឺផ្តើមចេញពីកិច្ចខិតខំប្រឹងប្រែង ប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើកំណែទម្រង់ និងអនុវត្តយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម២០១៤-២០១៨ ជាពិសេសការអនុវត្ត នូវមុខងារប្រតិបត្តិការស្នូល៥ រួមមាន ទី១ ការចុះបញ្ជីអ្នកជាប់ពន្ធ ទី២ ការផ្តល់សេវាអ្នកជាប់ពន្ធ ទី៣ ការចាត់ចែងលិខិតប្រកាស ទី៤ ការធ្វើសវនកម្ម និងទី៥ ការប្រមូលបំណុលពន្ធនិងបណ្តឹងតវ៉ា ព្រមទាំងមុខងារគាំទ្រ ៣ រួមមាន ទី១ ការពង្រឹងការគ្រប់គ្រងនិងរចនាសម្ព័ន្ធ ទី២ ការគ្រប់គ្រងធនធានមនុស្ស និងទី៣ បច្ចេកវិទ្យាព័ត៌មាន ហើយអគ្គនាយកដ្ឋានពន្ធដារ បានដាក់ចេញនូវយន្តការសំខាន់ៗ ៤ សម្រាប់អនុវត្ត រួមមាន ទី១ ការកែលម្អរដ្ឋបាលសារពើពន្ធ ជាពិសេសការធ្វើទំនើបកម្មព័ត៌មានវិទ្យាជាច្រើន ដែលសម្រេចបាននាពេលកន្លងមក ទី២ ការពង្រឹងអភិបាលកិច្ចល្អ ទី៣ ការកែលម្អគោលនយោបាយសារពើពន្ធ និងបទប្បញ្ញត្តិផ្សេងៗ និងទី៤ ការពង្រឹងវប្បធម៌បង់ពន្ធ។
ក្នុងឱកាសនោះដែរ លោកស៊ីណាយ មៀងឡាវ៉ាន់ អនុប្រធានអាជ្ញាធរអធិការកិច្ចរដ្ឋ និងប្រឆាំងអំពើពុករលួយ បានថ្លែងអំណរគុណចំពោះការចែករំលែកបទពិសោធន៍ ហើយបានបង្ហាញនូវចំណាប់អារម្មណ៍ និងសូមធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការកំណែទម្រង់ និងទំនើបកម្មនៃគោលនយោបាយពន្ធ និងរដ្ឋបាលពន្ធដារបស់អគ្គនាយកដ្ឋានពន្ធដារកម្ពុជា ក្នុងគោលដៅពង្រឹងនូវគ្រប់គ្រង ប្រមូលចំណូលពន្ធសម្រាប់រាជរដ្ឋាភិបាល៕ ដោយ៖កូឡាប