ភ្នំពេញ៖ ដូចដែលបងប្អូនប្រិយមិត្តជាច្រើនបានទទួលជ្រាបរួចហើយ កាលពីពេលថ្មីៗនេះ ពោលគឺថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ អ្នកប្រើប្រាស់បណ្តាញសង្គម ជាពិសេសអ្នកដែលបានស្គាល់ ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈអតីស្វាមីតារាចម្រៀង ទួច ស្រីលក្ខណ៍ ដែលជាជនបរទេសឈ្មោះ Morten Kvammen ស្រាប់តែបញ្ចេញលិខិត២ច្បាប់ជាភាសាអង់គ្លេស និងខ្មែរដើម្បីបំភ្លឺជុំវិញរឿងរ៉ាវមួយចំនួនហាក់អយុតិធម៌សម្រាប់ខ្លួនលោកក្រោយពីអ្នកទាំងពីរបានចែកផ្លូវគ្នា។
នៅក្នុងលិខិតបំភ្លឺនោះ លោក Morten Kvammen បានធ្វើការច្រានចោលរាល់ការនិយាយមួលបង្កាត់បំភ្លៃការពិតផ្សេងៗរបស់ ទួច ស្រីលក្ខណ៍ ដើម្បីកេរ្តិ៍ឈ្មោះខ្លួនឯង ដែលបានបញ្ចេញនៅលើបណ្តាញសង្គមនិងប្រព័ន្ធផ្សព្វផ្សាយដោយលោកនិយាយថា លោកពុំមានស្រីថ្មីដូចចោទប្រកាន់នោះទេ ពោលគឺលោកត្រូវបាន ស្រីលក្ខណ៍ បណ្តេញចេញពីផ្ទះបន្ទាប់ពីមានរឿងប្រេះឆារស់នៅមិនចុះសម្រុងនឹងគ្នា។
លោក Morten បន្តថា លោកមានសង្សារថ្មី គឺបន្ទាប់ពី ទួចស្រីលក្ខណ៍បានបង្ហាញមុខប្រុសស្នេហ៍ថ្មីមុន ដែលបានបង្ហោះឲ្យឃើញនៅលើបណ្តាញសង្គម បន្ទាប់ពីលោកបានបញ្ចប់ទំនាក់ទំនងជីវិតប្តីប្រពន្ធមួយនេះ។ លោក Morten ចោទប្រកាន់ ទួច ស្រីលក្ខណ៍ ថាបានគំរាមនឹងទូរស័ព្ទទៅប៉ូលីស ប្រសិនបើលោកមកផ្ទះដែលរូបលោកជាអ្នករកស៊ីទិញកាលជីវិតនៅជាប្តីប្រពន្ធ គ្រាន់តែដើម្បីមកជួបមុខកូនប្រុសប៉ុណ្ណោះ ។ លោកថា ទួច ស្រីលក្ខណ៍ ក៏បានចោទប្រកាន់លោកថា បានព្យាយាមចាប់ជំរិតកូនប្រុស ពេលដែលលោកនិយាយជាមួយកូន អំឡុងពេលដែលកូនកំពុងលេងនៅតាមផ្លូវ។
មិនត្រឹមតែប៉ុណ្ណឹង លោក Morten នៅបានទម្លាយចេញពីរឿងជាច្រើនទៀតដែលលោកបានផ្តល់ឲ្យ និងធ្វើល្អចំពោះ ទួច ស្រីលក្ខណ៍ យ៉ាងច្រើន។ ជាមួយគ្នានោះ លោក Morten ក៏ហ៊ានប្រឈមមុខនឹង ទួច ស្រីលក្ខណ៍ និងអះអាងថា លោកមានឯកសារនានាមកបញ្ជាក់ ទៅលើអ្វីដែលលោកបានលើកឡើងទាំងអស់នេះ។
យ៉ាងណាមិញ ក្រោយពីបានឃើញលិខិតបំភ្លឺខាងលើរបស់អតីតស្វាមី ហាក់និយាយយកត្រូវតែខ្លួនឯង ស្រាប់តែអ្នកនាង ទួច ស្រីលក្ខណ៍ បានឆ្លើយតបតាមរយៈរូបភាពបង្ហាញពីសកម្មភាពម្តាយជាស្ត្រីមេម៉ាយម្នាក់នេះទោះលំបាកយ៉ាងណា ក៏ត្រូវតែតស៊ូដើម្បីកូនប្រុសជាទីស្រឡាញ់ម្នាក់គត់ និងភ្ជាប់សារដ៏ចាក់ដោតបែបនេះថា៖ «ខ្ញុំនឹងធ្វើបទចម្រៀងមួយបទនៅក្នុងពេលឆាប់ខាងមុខនេះ ។ ១- បងទុកអូនចោលមានស្រីថ្មីទៀត បងប្រើគ្រប់ស្នៀតបង្ខូចឈ្មោះស្រី បង្ហោះ Facebook ចោទទាំងបំភ្លៃតើត្រូវដែរឬអី ឈ្មោះប្តីចោលអូន ២- បើចង់ដឹងពិត បងប្អូនត្រូវគិត ត្រូវឬយ៉ាងណា គេបោះបង់កូនឲ្យរងឈឺផ្សារវេទនាកយ៉ាងណា រយៈពេលពីរឆ្នាំ ៣- បងដើចោលអូន បងដើរចោលកូន ភ្ជាប់ពាក្យស្រីថ្មី ចុះចេញពីផ្ទះគ្មានមូលហេតុអ្វី សំខាន់លោកប្តីមិនទាន់លែងលះ ។ ទោះជាបែបណាខ្ញុំត្រូវតែរឹងមាំសម្រាប់តែកូនរបស់ខ្ញុំមួយមុខ សូមបងប្អូនគិតចុះ បើអ្នកតាមដានរូបខ្ញុំប្រាកដជាយល់ច្បាស់ណាស់»៕ ដោយ៖ លឹម ហុង