ភ្នំពេញ ៖ លោកនាយឧត្តមសេនីយ៍អគ្គស្នងការ បានបញ្ជាក់ថា ក្នុងឆ្នាំកន្លងទៅ សភាពការណ៍សន្ដិសុខ នៅកម្ពុជា លេចធ្លោរគួរកត់សម្គាល់ គឺឧបាយកលប៉ុនប៉ង ផ្ដួលរំលំរដ្ឋអំណាចស្របច្បាប់ របស់គណបក្សប្រឆាំង ដែលមានការឃុបឃិត ជាមួយបរទេស ការរីកសាយ នៃការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម បម្រើសកម្មភាពល្មើស ប៉ះពាល់ដល់សន្ដិសុខ និងការប្រើប្រព័ន្ធទូរគមនាគមន៍ ដើម្បីធ្វើសកម្មភាពជំរិតទារប្រាក់ និងសកម្មភាពភ្នាល់ល្បែងអនឡាញខុសច្បាប់ ។
ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបសភាពការណ៍ និងកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គម ប្រចាំឆ្នាំ២០១៧ និងដាក់ចេញទិសដៅការងារឆ្នាំ២០១៨ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិ បានលើកឡើងថា សភាពការណ៍សន្ដិសុខកម្ពុជានៅឆ្នាំ២០១៧ មានលក្ខណៈល្អប្រសើរ រក្សាបាននូវតួនាទីជាបុព្វបទស្នូល បម្រើឲ្យការអភិវឌ្ឍន៍ជាតិ លើគ្រប់វិស័យ និងរួមចំណែកសម្រេចកម្មវិធី នយោបាយយុទ្ធសាស្ដ្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ដោយបញ្ចៀសបាននូវអំពើភេវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន រក្សារឹងមាំខឿនឯករាជ្យជាតិ សាមគ្គីភាព ឯកភាពផ្ទៃក្នុង ប្រឆាំងនឹងការជ្រៀតជ្រែកពីបរទេសជាដើម ។
លោក បានបន្តថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ដ្រីកម្ពុជា និងការដឹកនាំរបស់ក្រសួងមហាផ្ទៃ ឧបាយកល ការប៉ុនប៉ងបដិវត្តន៍ពណ៌ ត្រូវបានទប់ស្កាត់ និងបំផ្លាញ តាមរយៈការអនុវត្តវិធានការច្បាប់ យ៉ាងម៉ឺងម៉ាត់ ដែលនាំដល់ការចាប់ខ្លួន ប្រធានគណបក្សសង្គ្រោះជាតិ ដាក់ពន្ធនាគារ គណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការ ចេញដីការំលាយ ហើយថ្នាក់ដឹកនាំគណបក្សនេះ ១១៨នាក់ ត្រូវបានហាម មិនឲ្យធ្វើសកម្មភាព នយោបាយរយៈពេល៥ឆ្នាំ ។
លោក នាយឧត្តមសេនីយ៍ បានលើកឡើងជាថ្មីថា កងកម្លាំងនគរបាលការពារដាច់ខាតនូវរដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ធានាប្រក្រតីភាពស្ថាប័នទាំងបីរបស់រដ្ឋ ឲ្យដំណើរការជាប្រក្រតី រក្សានិងលើកស្ទួយគោលនយោបាយសុខដុមនីយកម្ម ពង្រឹងសន្តិសុខផ្ទៃក្នុង រក្សាធ្លុងសាមគ្គីភាព ឯកភាពផ្ទៃក្នុងជាតិ ដោយមិនទុកឱកាសឲ្យអមិត្តណាមួយ ឆ្លៀតប្រើឧបាយកលញុះញង់បង្កើតកម្លាំងប្រដាប់អាវុធប្រឆាំង និងបំផ្លាញសមិទ្ធផល នៃសង្គមជាតិកម្ពុជាបាននោះឡើយ ៕ ដោយ៖បញ្ញាស័ក្តិ