ម្ចាស់ក្សត្រីជប៉ុនម្នាក់ឈ្មោះ Mako បានសម្រេចពន្យាពេលរៀបការជាមួយនឹងបុរសសាមញ្ញម្នាក់ រហូតដល់ឆ្នាំ ២០២០ ដោយសារតែមិនមានពេលគ្រប់គ្រាន់ ដើម្បីរៀបចំគំរោងរៀបការ។ នេះបើតាមការចេញផ្សាយរបស់ BBC។
ម្ចាស់ក្សត្រី Mako វ័យ ២៦ឆ្នាំ ដែលជាចៅស្រីរបស់ព្រះចៅអធិរាជ្យជប៉ុនបច្ចុប្បន្ន មុនដំបូង មានគំរោងរៀបអាពាហ៏ពិពាហ៏ជាមួយនឹងបុរសសាមញ្ញា ដែលបំរើការនៅក្រុមហ៊ុនច្បាប់មួយ នៅក្នុងខែវិច្ឆការខាងមុខ។
បើតាមសារព៌តមានជប៉ុន Jiji បានរាយការណ៏ថា គូសង្សារទាំងពីរ បានប្រកាសពីការពន្យាពេលថ្ងៃរៀបការរបស់ពួកគេ ព្រោះដោយសារគ្មានពេលរៀបចំឲ្យបានល្អ។ ម្ចាស់ក្សត្រីរូបនោះ នឹងបាត់ងារជាសមាជិករបស់អធិរាជ្យ នៅពេលរៀបការជាមួយនឹងរាស្ត្រសាមញ្ញ។
សូមបញ្ជក់ផងដែរថា ការប្រកាសពន្យាពេលនេះ ទំនងដោយសារតែ ការមមាញឹករបស់គ្រួសាររាជ្យវង្ស ព្រោះព្រះចៅអធិរាជ្យជប៉ុន Emperor Akihito គ្រោងនឹងធ្វើការដាក់រាជ្យនៅឆ្នាំក្រោយនេះ។
គូសង្សារ ដែលម្នាក់ជាខ្សែស្តេច និងម្នាក់ជារាស្ត្រសាមញ្ញាបានជួបគ្នា និងចាប់ផ្តើមមានទំនាក់ទំនងស្នេហានឹងគ្នា នៅក្នុងឆ្នាំ ២០១២៕ សុភ័ក្ត្រ