ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូឡាវ លោកនៃ ប៉េណា បានថ្លែងអំណរគុណចំពោះភាគី នៃគណៈប្រតិភូអាជ្ញាធរអធិការកិច្ចរដ្ឋ និងប្រឆាំងអំពើពុករលួយឡាវ ដែលបានស្នើសុំឲ្យមានការផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក លើការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ រវាងប្រទេសទាំងពីរ គឺកម្ពុជាឡាវ និងជាពិសេសលើការងារគណបក្សដែលសម្រេចបានដោយជោគជ័យនាពេលកន្លងមក។
លោកនៃ ប៉េណា សមាជិកគណៈអចិន្ត្រៃយ៍ នៃគណបក្សប្រជាជានកម្ពុជា សមាជិកគណៈប្រចាំការគណៈកម្មាធិការកណ្តាល និង ជាប្រធានគណៈកម្មាធិការគណៈត្រួតពិនិត្យនៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១នៃព្រឹទ្ធសភា បានជួបពិភាក្សាការងារជាមួយលោកស៊ីណាយមៀង ឡាវ៉ាន់ អនុប្រធានអាជ្ញាធរអធិការកិច្ចរដ្ឋនិងប្រឆាំងអំពើពុករលួយ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាព្រឹកថ្ងៃអង្គារ ទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្នាក់ការកណ្តាល គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា (គ៨៥) ។
ក្នុងឱកាសនោះដែរលោក ស៊ីណាយមៀង ឡាវ៉ាន់ បានមានប្រសាសន៍ថា ៖ ឆ្លងតាមរយៈនៃដំណើរទស្សនកិច្ច និងក្នុងពេលស្នាក់អាស្រ័យ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលនេះ លោកនិងគណៈប្រតិភូ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះសភាពការណ៍រីកចម្រើនលើគ្រប់វិស័យ នូវសមិទ្ធផលនានា ដែលគណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខិតខំសម្រេចបាន នៅក្នុងរយៈពេលមក និងក៏ដូចជា ក្នុងពេលបច្ចុប្បន្ននេះដែរ។
លោកប្រធានគណៈប្រតិភូឡាវ បានបន្តថា៖ រដ្ឋាភិបាល និងគណបក្ស នៃប្រទេសយើងទាំងពីរ ពិតជាធ្លាប់បានឆ្លងកាត់ នូវឧបសគ្គលំបាកលំបិនដូចគ្នា ហើយក៏ជាប្រទេសមានភូមិផងរបងជាមួយគ្នា ដែលប្រជាជនមានប្រពៃណីប្រហាក់ប្រហែលគ្នា តាំងពីយូរលង់ណាស់មកហើយ ។ លោកក៏បានកើតសរសើរផងដែរចំពោះទីក្រុងភ្នំពេញ ដែលមានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេសក្នុងការគ្រប់គ្រងភ្ញៀវទេសចរ បានយ៉ាងល្អប្រសើរ។ ដូចគ្នានេះដែរ លោកបានបញ្ជាក់ថាក្នុងពេលទៅទស្សនាកម្សាន្តនាខេត្តសៀមរាប បានពិនិត្យឃើញថា មានភ្ញៀវទេសចរបរទេសយ៉ាងច្រើនបានមកទស្សនាទីក្រុងអង្គរ។
ជាកិច្ចសា្វគមន៍លោកនៃ ប៉េណា បានជម្រាបជូនភាគីឡាវថា៖ នេះជាមោទនភាពណាស់ចំពោះ ដែលកម្ពុជា ឈានទៅសម្រេចបានជោគជ័យ នូវគោលដៅចុងក្រោយ ក្នុងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង តាមរយៈការអភិវឌ្ឍ បានធ្វើឲ្យកំណើនសេដ្ឋកិច្ចជាតិ ក្នុងរង្វង់៧% ។ ទាក់ទងទៅនឹងការងាររចនាសម្ព័ន្ធ គណបក្សវិញ លោកនៃ ប៉េណា ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានថ្លែងថា៖ ចំពោះការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ នៅកម្ពុជា បច្ចុប្បន្នរាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តច្បាប់យ៉ាងសកម្ម លើការងារអនុវត្តច្បាប់ ដូចជា ការសំអាតប្រាក់ និងអំពើស៊ីសំណូកនានា ដែលជា កក្តានាំឲ្យមានការរាំងស្ទះ ដល់កិច្ចដំណើរការអភិវឌ្ឍប្រទេស ហើយកន្លងមកនេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺអនុវត្តន៍បានយ៉ាងខ្ជាប់ខ្ជួនលើការងារនេះ ប្រសិនបើមានការកំហុសឆ្គង សូម្បីតែបុគ្គលណាក៏ដោយ ឬជាសមាជិកគណបក្សក៏ដោយ នឹងត្រូវបានដាក់ទោសទណ្ឌដូចគ្នា នឹងប្រជាពលរដ្ឋដែលមានកំហុសដែរ។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនោះលោកស្រី ម៉ែន សុធារី ជាសមាជិកគណៈកម្មាធិការកណ្តាល និងជាសមាជិកគណៈកម្មាធិការត្រួតពិនិត្យ នៃគណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា “ក្នុងជំនួបនោះថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានពិភាក្សាលើបញ្ហាធំៗចំនួនពីរគឺភាគីឡាវ ចង់ថា ការគ្រប់គ្រងសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេលកន្លងមកនោះតែគណបក្សបានធ្វើរបៀបយ៉ាងម៉េច និងចំណុចមួយទៀតដែលមន្ត្រីគណបក្សប្រជាជនកម្ពុជាដែលប្រព្រឹត្តខុសឆ្គងនោះ តើគណបក្សធ្វើដូចរបៀបម៉េច”។ បើតាមលោកស្រី លើកឡើងថា លោកនៃ ប៉េណា បានរាយការណ៍ជូនមិត្តឡាវ ៖ “ពីស្ថានភាពទូទៅប្រទេសកម្ពុជា គណបក្សប្រជាជនកម្ពុជា និងខ្លឹមសារមហាសន្និបាតវិសាមញ្ញ ជាពិសេសការងារត្រួតពិនិត្យទៅលើការអនុវត្តគោលនយោបាយ សារាចរនិងសេចក្តីសម្រេចរបស់គណបក្សទៅលើមន្ត្រី និងការប្រព្រឹត្តខុសឆ្គងរបស់មន្ត្រីសមាជិកបក្ស និងការដាក់ពិន័យរបស់មន្ត្រីគណបក្សប្រជាជនកម្ពុជា បានអនុវត្តនាពេលកន្លងមកតាមលក្ខន្តិកៈចំនួនបី គឺស្តីបន្ទោស ដកតួនាទី និងបណ្តេញពីបក្ស”៕ ដោយ៖កូឡាប