វត្តអារាម ត្រូវបានចាត់ទុកជាទីកន្លែងដ៏ពិសិដ្ឋ និងជាទីសក្ការៈ សម្រាប់ប្រជាពលរដ្ឋជាពុទ្ធបរិស័ទទូទៅចូលមកគោរពបូជា ធ្វើបុណ្យទានជាមួយព្រះសង្ឃ ដើម្បីសុំសេចក្តីសុខចំរើន និងប៉ងប្រាថ្នាផ្សេងៗ។ ក្រៅពីប្រតិបត្តិ រក្សាសីលទៅតាមជំនឿព្រះពុទ្ធសាសនា នោះប្រជាពុទ្ធបរិស័ទពុំត្រូវធ្វើអ្វីឲ្យខុសឆ្គងនៅក្នុងវត្ត ដែលក្នុងនោះដូចជាផឹកស្រា លេងល្បែង ឬ រាំរែកជាដើម ជាពិសេសនៅចំពោះមុខព្រះឡើយ។
ទោះយ៉ាងណា ទង្វើដែលមិនស្គាល់បាបបុណ្យ របស់មនុស្សស្រីៗក្មេងចាស់ទាំងនេះ បានបង្កឲ្យមានការរិះគន់យ៉ាងចាស់ៗដៃតែម្តង ដែលបានយកទីវត្តអារាមធ្វើជាឆាករាំរែកយ៉ាងសប្បាយ បន្ទាប់បញ្ចប់កម្មវិធីកាន់បិណ្ឌព្រះសង្ឃឆាន់ថ្ងៃត្រង់រួច។
ក្នុងនោះ តារាចម្រៀងមហាទើស លោក ម៉ៃ សុគន្ធ បានរិះគន់ឡើងកប់ៗយ៉ាងដូច្នេះថា៖ «ថាក្មេងទៅវាបែកស្លុយមិនដឹងខ្យល់អី នេះកញ្ជាស់ក្បាលគ្រប់គ្នាហើយ នៅមកពភ្លើល្ងីល្ងើពកថ្ងាស មិនស្គាល់វត្ត មិនស្គាល់សាលាឆាន់ បើឃ្លានរាំណាស់ ទៅរាំក្នុងចេតិយតែម្តងទៅ រាំហើយដេកក្នុងហ្នឹងតែម្តង គំរូអាក្រក់»។
ពិតណាស់ ក្រៅពីក្នុងទីកន្លែងដែលត្រូវគោរពព្រះ ពោលគឺនៅទីធ្លាខាងក្រៅវត្ត នោះពុទ្ធបរិស័ទប្រុសស្រី អាចធ្វើកម្មវិធីរាំកម្សាន្តបានតាមធម្មតា ដែលមើលទៅគួរឲ្យសមរម្យ ថ្លៃថ្នូរ ដោយគ្មានអ្នកណាគេទៅប្រកាន់នោះឡើយ តែនេះហាក់ដូចជាជ្រុលពេកហើយ ទាំងដែលនៅលើសាលាឆាន់បែបនេះ៕ ដោយ៖ លឹម ហុង