ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដ៏ធំជាងគេក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតរបស់ខ្មែរយើង ដែលមានរយៈពេល ១៥ ថ្ងៃ គិតចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ហើយឆ្នាំនេះត្រូវបានប្រារព្ធឡើង គឺគិតចាប់ពីថ្ងៃទី៣ ដល់ទី១៧ ខែកញ្ញា ឆ្នាំ២០២០។
ជាការពិតណាស់ ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ នោះបងប្អូនប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស បាននាំគ្នាធ្វើបាយសម្លទៅតាមវេនរៀងៗខ្លួន យកទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសដល់សាច់ញាតិ ឬ គ្រួសារដែលបានចែកឋាន។
ទោះយ៉ាងណា មុននេះ២ថ្ងៃ ពោលគឺបិណ្ឌទី១០ មានរឿងរ៉ាវមួយបង្កឲ្យមានការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំងតែម្តង ខណៈព្រះសង្ឃ១អង្គព្រោះទ្រាំចិត្តពុំបានក៏បានបង្ហោះឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមបានដឹង បន្ទាប់ពីមានអ្នកនៅក្បែររបងវត្ត ស្រាប់តែបានរិះគន់រឿងលោកចាក់មេក្រូ បង្កការរំខានរកដេកពួនពុំបាន។
ក្នុងនោះ តាមរយៈគណនីហ្វេសប៊ុកព្រះសង្ឃមួយមានព្រនាមថា «ភិក្ខុភទ្ទបណ្ឌិតោ ផូ សុភ័ក្ត្រ» បានបង្ហោះគួរឲ្យអស់សំណើចថា៖ «ម្យ៉ាងម្នាក់ទេញោម មួយឆ្នាំមានម្ដងញោមថាថ្លង់ ចុះផ្ទះញោមញាតិជុំវិញវត្ត ដាក់ធុងបាស់ច្រៀងរាល់ថ្ងៃ ភ្លេងការឮរាល់ថ្ងៃ តើឲ្យញោមណា មកយល់អារម្មណ៍លោកវិញ?»។
ជាមួយគ្នានេះផងដែរ អ្នកនិយមលេងហ្វេសប៊ុកជាច្រើន បានសម្តែងការហួសចិត្តទៅកាន់អ្នករអ៊ូថ្លង់បែបនេះថា «លោកបងលេងឈឺៗហ្មេស បើមិនចូលចិត្តម៉េចមិននៅឲ្យឆ្ងាយពីវត្តទៅ!, ចាក់ធម៌ឲ្យស្ដាប់ ខឹងលោកទៀត ប្រោសមិនបានទេញ៉ោម, នេះជាប្រពៃណីខ្មែរយើងតាំងពីដួនតាមកម្លេះ សូមអព្យាស្រ័យផងទៅ, ចូលក្លឹបម្តងៗនិយាយគ្នាមិនចង់ឮនៅតែត្បុរក្បាលគ្នាចូល គ្រាន់តែប៉ុណ្ណឹងក៏ស្រែកម្លេះ, មួយឆ្នាំមានតែ១៥ថ្ងៃទេ ចាក់ឲ្យស្តាប់ដាស់តឿនរាល់ថ្ងៃហើយ នៅមិនដឹងមិនយល់គុណម៉ែឪផង ហើយឆ្លៀតមកនិយាយមិនដឹងខុសត្រូវអ៊ីចឹងទៀត, ….»។
ដោយឡែក អ្នករិះគន់លោកវិញ បានលើកឡើងបែបនេះថា៖ «បន្ថយម៉ោងតិចទៅលោកបង ម៉ោង៣ជាងអី កន្លះខែពេញ អ្នកនៅក្បែរវត្តប្រហែលត្រូវខ្យល់គរអស់ហើយ អាណិតគ្នាអ្នកត្រូវធ្វើការដល់យប់ៗខ្លះផង, គេនិយាយត្រូវហើយ បើបើកល្មមៗទៅវាថី? ខ្ញុំយល់អារម្មណ៍ផ្ទះនៅជិតវត្តណាស់»៕ ដោយ៖ លឹម ហុង