តាកែវ ៖ ប្រធានអនុប្រធានការិយាល័យនៃមន្ទីរអប់រំយុវជននិងកីឡាខេត្តតាកែវចំនួន ១១រូប កំពុងឈរឈ្មោះជាបេក្ខភាពក្នុងការបោះឆ្នោតជ្រើសរើជាអនុប្រធានមន្ទីរអប់រំ បន្ទាប់ពីអនុប្រធានមន្ទីរចាស់ត្រូវបានប្រកាសធ្វើជាប្រធានមន្ទីរ និងអនុប្រធានមន្ទីរមួយរូបទៀតត្រូវដល់អាយុចូលនិវត្តន៏ ដូច្នេះក្នុងចំណោមបក្ខេភាពទាំង ១១រូបដែលឈរឈ្មោះនេះ និងត្រូវជ្រើសរើស ០២រូបមកចូលកាន់មុខតំណែងជាអនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តតាកែវ ។
ការបើអោយមានការឈរឈ្មោះ និងធ្វើការវាយតម្លៃពីមន្ត្រីដែលជាបុគ្គលិករបស់មន្ទីរអប់រំខេត្តនេះ គឺបានធ្វើឡើងនៅព្រឹកថ្ងៃទី ០៧ កុម្ភៈ ២០១៨ នៅសាលប្រជុំមន្ទីរអប់រំយុវជននិងកីឡាខេត្តតាកែវតែម្តង។
លោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តតាកែវ បានអោយដឹងថា ការជ្រើសតាំងអនុប្រធានមន្ទីរនេះ គឺធ្វើឡើងបន្ទាប់ពីមានអនុប្រធានមន្ទីរចាស់មួយរូបដល់អាយុត្រូវចូលនិវត្តន៍ ហើយរូបលោកផ្ទល់ត្រូវបានប្រកាសជាប្រធានមន្ទីរថ្មី ដែលធ្វើអោយមានចន្លោះលើតំណែងអនុប្រធានមន្ទីរពីររូប ដែលត្រូវជួយសម្រួលដល់ការងារមួយចំនួនរបស់មន្ទីរ ដូច្នេះនៅក្នុងថ្ងៃនេះ រូបលោករួមជាមួយនិងមន្ត្រីបុគ្គលិករបស់មន្ទីរអប់រំ បានមូលមតិគ្នា ធ្វើការបោះឆ្នោត ដល់ប្រធាន និងអនុប្រធានការិយាល័យដែលមានអតីតភាពការងារយូរអង្វែង ដោយតម្រូវអោយមានការដាក់ពិន្ទុ ដល់បេក្ខភាពទាំង ១១រូបនេះពីមន្ត្រីនៃមន្ទីរផ្ទល់ បន្ទាប់មកតម្រូវអោយយកឯកសារទាំងនោះទៅបើកពិនិត្យដោយរដ្ឋបាលខេត្ត ក្នុងការពិនិត្យជាក់ស្តែងលើការបោះឆ្នោតរបស់មន្ត្រីអប់រំដែលសម្លេងខ្ពស់ និងត្រូវបានតែងតាំងជាអនុប្រធានមន្ទីរតែម្តង។
លោក ឡោ វីរិទ្ធិ បានបន្តថា ការធ្វើបែបនេះ គឺជានីតិវិធី ហើយមន្ត្រីនៃបុគ្គលិកអប់រំរបស់យើងទាំងអស់ក៏អាចនិងទទួលយកបានទាំងអស់គ្នាដែរ អំពីភាពសុក្រិតដែលកើតឡើងចេញមកពីការដាក់ពិន្ទុផ្ទាល់ពីអស់លោកដែលជាមន្ត្រីបុគ្គលិកនៃមន្ទីរទាំងអស់គ្នា ដូច្នេះអ្នកដែល មិនបានជាប់មិនត្រូវមានចិត្តខឹង ឬអាក់អន់ស្រពន់ចិត្តលើការងារអ្វីឡើយ ចំណែកឯអ្នកដែលជាប់ ហើយត្រូវជ្រើសតាំងជាអនុប្រធានមន្ទីរអប់រំយុវជន និងកីឡានោះ ត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ព្រោះនេះជាកាតព្វកិច្ច ដែលយើងទាំងអស់គ្នាចូលរួមកំណែទម្រង់លើវិស័យអប់រំមួយនេះអោយកាន់តែមានគុណភាព និងមានការទទួលស្គាល់៕ តាកែវ