ភ្នំពេញ៖ កញ្ញា រ៉ូលីន ឬ ហៅថា Miss PhotoCity នោះគ្រប់គ្នាប្រាកដជាបានស្គាល់ច្បាស់រួចហើយ ដែលតារាប្រុសតុបតែងខ្លួនជាស្រីរូបនេះ តែងតែផ្តល់នូវសំណើចសប្បាយរីករាយមិនចេះរីងស្ងួត តាមរយៈទេពកោសល្យដុងសិល្បៈដ៏ពូកែទាំងពហុច្រៀង និងការនិយាយកំប្លែងដ៏ម្ញ៉ិម្ញ៉ក់។
ដោយឡែក កាលពីពេលថ្មីៗនេះ រ៉ូលីន ស្រាប់តែធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង ក្រោយពីល្បីពាក់នាឡិកាតម្លៃជាង ១២ ម៉ឺនដុល្លារ ដែលកើតចេញពីការខិតខំរកប្រឹងប្រែងរបស់លោក។
នេះបើតាមទំព័រហ្វេសប៊ុកឈ្មោះ Watch Enthusiast-Vintage បានបញ្ចេញឲ្យដឹងថា រ៉ូលីន AKA Miss Photocity, TV Host និងជាអ្នកកំប្លែង ត្រូវបានប្រទះឃើញពាក់នាឡិកា Richard Mille 011 Flyback Chronograph ដែលមានតម្លៃប្រហែល ១២៥,០០០ ដុល្លារ។
តែយ៉ាងណាមិញ ទន្ទឹមនឹងមានពាក្យសរសើរថា រ៉ូលីន ពូកែរកលុយ ហើយក៏ស្រាប់តែមានអ្នកខ្លះបានរិះគន់ប្រមាថធ្ងន់ៗថា៖ «ប្រយ័ត្នធ្លាក់ខ្លួនដើរសុំជំនួយ» ជាហេតុធ្វើឲ្យ រ៉ូលីន ទប់ចិត្តពុំបានក៏បានបង្ហោះសារតបទៅវិញយ៉ាងដូច្នេះថា៖ «អានcomment មួយចំនួនហើយឈឺចិត្តណាស់ហេតុអ្វីមនុស្សមួយចំនួនមានគំនិតអគតិចំពោះអ្នកសិល្បះយ៉ាងនេះ បើគ្នាមានបានហើយម្តេចក៏មិនជូនពរឲ្យគ្នាមានបានរហូតទៅ ចាំបាច់មុសានិងពាក្យ ( ប្រយ័ត្នធ្លាក់ខ្លួនដើរសុំជំនួយ) ហើយអ្នកឯងមួយចំនួនដែលថាឲ្យខ្ញុំនឹងធ្លាប់បានជួយអ្នកលិល្បៈណាហើយ? អត់ទោសបើសិនជាឃើញបងប្អូនកូនក្មួយរបស់ អ្នករកសើមានបានអ្នកជូនពរគេដោយពាក្យអ៊ីចឹងដែរមែន?ផ្ទះ ឡាន នាឡិកា សុទ្ធសឹងតែជាកម្លាំងញើសឈាមរបស់ខ្ញុំដែលខ្ញុំខំរកលុយខ្ញុំ ខ្ញុំគ្មានសិទ្ធិទិញមែន? ហើយ FacebookនិងInstagram គេបង្កើតមកសម្រាប់ឲ្យស៊ែរឲ្យផុសមិនចឹងហ៎? ហេតុអីមកថាខ្ញុំអួត? សូមអ្នករៀនបើកចិត្តឲ្យទូលាយ រៀនមើលគេក្នុងផ្លូវល្អ មនុស្សម្នាក់មានឧត្តមគតិរៀងៗខ្លួន កុំយកអ្នកនេះប្រដូចទៅហ្នឹងអ្នកនោះ ជួនកាលខ្ញុំអាចសល់លើសអ្វីដែលអ្នកបានឃើញនេះផង ជាចុងក្រោយខ្ញុំសូមផ្តាំទៅអ្នក comment អគតិចំពោះខ្ញុំថា(សូមកុំសើចនិងបងប្រយ័ត្ន ពៀរឆ្លងម្តងម្នាក់) ហើយក៏សូមអរគុណអ្នកដែលស្រឡាញ់គាំទ្រខ្ញុំរហូតមកបើគ្មានអ្នកទាំងអស់គ្នាក៏គ្មានRolinថ្ងៃនេះដែរ»។
ក្រោយពីបានឃើញបែបនេះ អ្នកគាំទ្រ រ៉ូលីន បានខមិនថា៖ «មែនតើ ពិតជាស្អប់អ្នក cmt បែបនេះណាស់ សួរថាមនុស្សម្នាក់ៗចង់ធ្លាក់ខ្លួនឈឺរហូតដល់សុំជំនួយគេមែន? អ្នកខ្លះមិនដែលជួយទេ តែនិយាយមកគ្មានការគិតសោះ ធ្វើដូចខ្លួនឯងហ្នឹងអ្នកមានចិត្តណាស់ តែការពិតចាំតែទើសពេលគេមានបាន»៕ ដោយ៖ លឹម ហុង