នេះជាហេតុការណ៍ដ៏រន្ធត់ផង និងក៏អស់សំណើចផង នៅពេលដែលបុរសម្នាក់ត្រូវបានដឹងថា បានជួបគ្រោះដ៏មហាស៊យ ត្រូវពស់ថ្លាន់ខាំចំ «អាប្អូនតូច» ខណៈគាត់កំពុងអង្គុយនៅលើចានបង្គន់។
និស្សិតម្នាក់ឈ្មោះ Siraphop Masukarat ស្រែកឡើងក្នុងភាពឈឺចាប់ខ្លាំង នៅពេលដឹងត្រូវពស់ថ្លាន់១ក្បាល ខាំប្រដាប់ភេទរបស់គាត់ ខណៈគាត់កំពុងអង្គុយនៅលើចានបង្គន់។ គាត់មានអារម្មណ៍ឈឺអ៊ួលៗនៅលើប្រដាប់ភេទ ហើយបានរកឃើញថាពស់នោះបានខាំចុងប្រដាប់ភេទរបស់គាត់។
ក្រោយពីបានឮសម្រែករបស់កូនប្រុស ស្ត្រីជាម្តាយបានប្រញាប់ប្រញាល់រត់ទៅរកគាត់ ហើយបានធ្វើឲ្យគាត់ស្ងប់អារម្មណ៍ មុនពេលរថយន្តសង្គ្រោះមកដល់ និងយកគាត់ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ជាលទ្ធផល Siraphop ត្រូវបានពេទ្យដេរចំនួន៣ថ្នេរ នៅត្រង់ចុងប្រដាប់ភេទរបស់គាត់ ហើយគ្រូពេទ្យបានព្យាបាលមុខរបួសខាំ ដោយលាងសម្អាតអង់ទីប៊ីយ៉ូទិក ដើម្បីចៀសវាងពពួកបាក់តេរីរបស់ពស់ថ្លាន់មិនឲ្យរីករាលដាល៕ ដោយ៖ លឹម ហុង