ភ្នំពេញ-ទោះបីជាច្រៀងរាំពេញមួយថ្ងៃមិនទទួលកម្រៃក្តី ក៏គេសង្កេតឃើញក្រុមគ្រួសារតារាកម្ពុជា ប្រមាណជាង៥០ នាក់ នាំគ្នាស្រែកច្រៀង ក្រឡុកឡើងផ្អើល សាលាកសិកម្មចំការដូង កាលពីថ្ងៃទី៥ កុម្ភៈ កន្លងមក។ សកម្មភាពនេះ ត្រូវបានគេសង្កេតឃើញជារឿយៗ ដែលក្រុមគ្រួសារតារាកម្ពុជា ធ្វើឡើងដើម្បីបំផុសចលនាបរិចា្ចកឈាម ដើម្បីសង្គ្រោះជីវិត។
តារាល្បីជាច្រើនដួងរួមមាន អ្នកនាង ខាត់ សុឃីម អ្នកនាង ម៉ៅ ស៊ីណាត អ្នកនាង ឈួន សុវណ្ណឆៃ លោក ម៉េង ប៊ុនលី លោក លាង ឧត្តម កញ្ញា ប៉ុបពី លោក ម៉ាដូណា លោក ហាក់ ធៀមុន្នី ក្រុមកំប្លែងយេៗ តារាចម្រៀង ត្រកូលឱក អ្នកនាង ឆ័យ លីដាឡែន លោក សុគន្ធ ដេវីដ កញ្ញា យ៉ែម ស្រីពេជ្រ និង តារាសម្តែង តារាចម្រៀង ពន្លកថ្មីសរុបជាង៥០រូប។
សូមរំលឹកថា នេះជាឆ្នាំទី២ របស់គ្រួសារតារាកម្ពុជា និងសាលាកសិកម្មចំការដូង ដែលបានរៀបចំបើកយុទ្ធនាការប្រមូលកញ្ចប់ឈាម តាមរយៈការបំផុសនិស្សិត និងអ្នកចូលរួមទស្សនា ឲ្យបរិច្ចាកឈាម។ គិតមកដល់ពេលនេះ គេមិនទាន់សរុបកញ្ចប់ឈាមបានប៉ុន្មាននោះទេ ព្រោះការបរិច្ចាកត្រូវបានធ្វើឲ្យដល់ល្ងាចថ្ងៃទី៧ កុម្ភៈ ២០១៨នេះ៕ ដោយ-គីម ស្រីរ័ត្ន