ភ្នំពេញ៖ នៅ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ១៥១០៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧ នៅតំបន់កប់ស្រូវ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងស្នើសុំឲ្យថ្នាក់ដឹកនាំនៅតាមរោងចក្រកុំឲ្យប្រមាថកម្មករ កម្មការិនី ព្រោះមនុស្សគ្រប់រូបកើតមានកាយទទេស្អាតដូចតែគ្នានោះទេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចចង់ឃើញរោងចក្រសហគ្រាសក្លាយទៅជាសហគមមួយ ដែលជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ សម្តេចសង្ឃឹមថា ទាំងម្ចាស់រោងចក្រ និងថ្នាក់ដឹកនាំគ្រប់កម្រិត ព្រមទាំងកម្មករ កម្មការិនី នឹងរួមគ្នាថែរក្សានូវនិរន្តរភាពដំណើរការរោងចក្រនៅក្នុងប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ឲ្យពង្រីកការត្រួតពិនិត្យរកមើលបាតុភាព ដែលនាំឲ្យកម្មករ កម្មការិនីដួលសន្លប់ពេលធ្វើការងារ ដើម្បីងាយស្រួលក្នុងការដោះស្រាយ។ សម្តេចចង់ឲ្យមានការផ្តល់ថ្នាំប្រឆាំងសារធាតុពុលមុនពេលកម្មករ កម្មការិនីចូលបម្រើការងារ។
សម្តេចតេជោ បានអំពាវនាវដល់កម្មករ កម្មការិនី ត្រូវរួមគ្នាថែរក្សាប្រទេសកុំឲ្យធ្លាក់ទៅក្នុងភ្លើងសង្គ្រាមជាថ្មី ព្រោះថាគ្មានអ្នកវិនិយោគ និងអ្នកទេសចរទៅកាន់ប្រទេសមានសង្គ្រាមនោះឡើយ។សម្តេចតេជោ បានថ្លែងថា អ្នកបំផ្លាញសន្តិភាពរបស់ប្រទេស គឺត្រូវតែមានទោសតែសម្តេចក៏មិនអនុញ្ញាតឲ្យមានការបំផ្លាញសន្តិភាពនៅកម្ពុជានោះឡើយ អ្នកបំផ្លាញសន្តិភាពស្មើនឹងបំផ្លាញការវិនិយោគបំផ្លាញរោងចក្រផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលហ៊ានធ្វើគ្រប់យ៉ាង ដើម្បីចាត់ការចំពោះជនល្មើសដែលប៉ុនប៉ងបំផ្លាញសុខសន្តិភាពប្រទេសជាតិ និងសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរ។ សម្តេចតេជោ ក៏ចង់មានការធ្វើការងារជាមួយអ្នកជំនាញមកពីក្រសួងសុខាភិបាល ក៏ដូចជាអង្គការសុខភាពពិភពលោកស្រាវជ្រាវរកមូលហេតុនាំឲ្យកម្មករ កម្មការិនីដួលសន្លប់។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជំរុញឱ្យស្ថាប័នជំនាញ សហការគ្នាស្រាវជ្រាវរកមូលហេតុឱ្យច្បាស់លាស់ ដែលនាំឱ្យកម្មករ កម្មការិនីខ្មែរ ដួលសន្លប់ញឹកញាប់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «គួរសិក្សាមើល ដើម្បីស្រាវជ្រាវបញ្ហានេះ ហើយបើសិនជាយើងខ្វះសមត្ថភាព យើងអាចទាក់ទង អ្នកឯកទេសខាងសុខាភិបាល ខាងវិស័យការងារ ឱ្យគេជួយមើល ជាពិសេសអង្គការសុខភាពពិភពលោកតែម្តង ដើម្បីពិនិត្យមើលបាតុភូតដួលសន្លប់នេះ មកពីបញ្ហាអ្វីពិតប្រាកដ ដើម្បីយើងស្រាវជ្រាវបញ្ហាហ្នឹង ហើយយើងបញ្ជៀសបញ្ហាហ្នឹង»។
តាមរបាយការណ៍របស់ ក្រុមការងារទប់ស្ដាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារ (ទ.ស.ប.ក) របស់ក្រសួងការងារ ប្រចាំឆ្នាំ២០១៧ បានឲ្យដឹងថា ឆ្នាំ២០១៧ មានករណីកម្មករសន្លប់ចំនួន២២រោងចក្រ ស្មើនឹងចំនួន ១៦០៣នាក់ ក្នុងនោះ កម្មការិនី ចំនួន ១៥៩៩នាក់៕ ដោយ៖បញ្ញាស័ក្តិ