ខេត្តព្រះសីហនុ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាថ្មីម្តងទៀត បានអំពាវនាវដល់ប្រតិបត្តិករទេសចរ អាជីវករ ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ ត្រូវចូលរួមសហការគ្នាថែរក្សាអនាម័យបរិស្ថានឆ្នេរសមុទ្រខេត្តនេះ ឲ្យមានសោភ័ណ្ឌភាពល្អ និងឲ្យមានអនាម័យជាប្រចាំ។ លោកថា ការថែរក្សាអនាម័យឆ្នេរឲ្យបានស្អាត និងមានសោភ័ណ្ឌភាពជាប្រចាំ ប្រយោជន៍ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរជាតិអន្តរជាតិ ឲ្យចូលមកទស្សនាខេត្តនេះ បានកាន់តែច្រើនថែមទៀតនាបណ្តាឆ្នាំខាងមុខៗទៀត។
លោកថា ភ្ញៀវទេសចរជាតិអន្តរជាតិ ដែលចូលមកទកស្សនាខេត្តព្រះសីហនុ គឺគេចង់ឃើញ ឆ្នេរ សមុទ្រស្រស់ស្អាត ជាពិសេសសោភ័ណ្ឌភាពតាមបែបធម្មជាតិ នៃជីវៈចម្រុះក្នុងបាតសមុទ្រ និងធនធម្មជាតិនានា ដែលមាននៅលើកោះនានា។
លោក ថោង ខុន បានរំលឹកដូច្នេះធ្វើឡើងនៅក្នុងពិធីប្រកាសទទួលស្គាល់ លោកឧកញ៉ា ទៀ វិចិត្រ ជាប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ប្រចាំខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ នាសាលប្រជុំសាលាខេត្តព្រះសីហនុ។
នៅក្នុងពិធីនោះដែរ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ក៏បានលើកទឹកចិត្ត លោកឧកញ៉ា ទៀ វិចិត្រ ដែលជាប់ឆ្នោតជាប្រធានសមាគមទីភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានប្រចាំខេត្តនេះ សូមឲ្យបំពេញការងារថ្មីនេះ ឈានដល់រួមចំណែកទាក់ទាញកំណើនភ្ញៀវទេសចរជាតិអន្តរជាតិ ឲ្យចូលមកទស្សនាខេត្តនេះ ឲ្យបានច្រើននាថ្ងៃខាងមុខ។
ជាងនេះទៀត ឯកឧត្តម យន្ត មីន ក៏ស្នើឲ្យលោកឧកញ៉ា ទៀ វិចិត្រ ជួយបង្កើនការយកចិត្តទុកដាក់ រំលឹកទៅសមាជិកសមាជិការ របស់សមាគម ដែលជាម្ចាស់ជលយានដឹកជញ្ជូនភ្ញៀវទេសចរទាំងអស់ ត្រូវជួយគិតគូរអំពីសុវត្ថិភាពដឹកជញ្ជូនភ្ញៀវទេសចរតាមសមុទ្រ នៅតាមក្រុមហ៊ុននីមួយៗ ឲ្យបានខ្ពស់ និងជាប្រចាំ ដើម្បីរួមចំណែកទាក់ទាញកំណើនភ្ញៀវទេសចរជាតិអន្តរជាតិ ឲ្យចូលមកទស្សនាខេត្តព្រះសីហនុ កាន់តែច្រើនថែមទៀតនាបណ្តាឆ្នាំខាងមុខ។
បន្ថែមលើនេះ ឯកឧត្តម យន្ត មីន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ មន្ត្រីរាជការនៅតាមស្ថាប័នរដ្ឋ នៃរដ្ឋបាលខេត្តព្រះសីហនុទាំងអស់ ជាពិសេសប្រតិបត្តិករទេសចរ ដែលជាម្ចាស់ជលយាន ដែលប្រកបអាជីវករដឹកជញ្ជូនភ្ញៀវតាមសមុទ្រនាខេត្តព្រះសីហនុ ត្រូវរួមគ្នាការពារថែរក្សាអនាម័យបរិស្ថានឆ្នេរ និងធនធានធម្មជាតិ ជីវៈចម្រុះ ដែលមានទាំងនៅលើកោះ និងក្នុងបាតសមុទ្រ ឬនៅតាមទីតាំងកម្សាន្តនីមួយៗ ឲ្យមានអនាម័យ និងសោភ័ណ្ឌភាពល្អជាប្រចាំ ដើម្បីរួមចំណែកទាក់ទាញកំណើនភ្ញៀវទេសចរនាថ្ងៃអនាគត។
ឆ្លើយតបការអំពាវនាវនេះ លោកឧកញ៉ា ទៀ វិចិត្រ ដែលទើបប្រកាសតួនាទីជាប្រធានទីភ្នាក់ងារ ដឹកជញ្ជូន ទេសចរណ៍ជលយានប្រចាំខេត្តព្រះសីហនុ បានប្តេជ្ញាថា នឹងខិតខំបំផុសចលនា ដល់ប្រតិបត្តិករទេសចរនិងអាជីវករប្រកបអាជីវកម្មផ្សេងៗនាមូលដ្ឋាននេះ ជាសមាជិកសមាជិការ របស់សមាគមទាំងអស់ ឲ្យបង្កើនសកម្មភាពការងារថែរក្សាអនាម័យបរិស្ថានឆ្នេរសមុទ្រ និងជួយអភិរក្សការពារធនធានធម្មជាតិ ជីវៈចម្រុះបាតសមុទ្រនាខេត្តព្រះសីហនុ ឲ្យបានជាប្រចាំ និងមានការទទួលខុសត្រូវខ្ពស់។
ទន្ទឹមគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ ដែលជាស្ថាបនឹកអភិវឌ្ឍន៍ កោះឋានសួគ៌ ឆ្នេរភ្លោះ កោះរ៉ុង និងជាប្រធានក្រុមហ៊ុន ជី ធី វី ស៊ី ស្ពីដប៊ូត កម្ពុជា (G. T. V. C, Speed Boat Cambodia) ផងនោះ ក៏បានប្តេជ្ញាថា នឹងជម្រុញដល់ម្ចាស់ក្រុមហ៊ុនជលយាន ដឹកជញ្ជូនភ្ញៀវទេសចរតាមសមុទ្រទាំងអស់ នាខេត្តព្រះសីហនុ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់អំពីការការពារសុវត្ថិភាពដឹកភ្ញៀវទៅកាន់បណ្តាកោះនានា ឲ្យបានជាប្រចាំរៀងរាល់ថ្ងៃ។ ជាងនេះ ក៏នឹងជម្រុញឲ្យគ្រប់មធ្យោបាយដឹកជញ្ជូនតាមសមុទ្រទាំងអស់ ត្រូវបំពាក់សម្ភារៈសង្គ្រោះ រួមមាន៖ អាវពោងការពារ និងសម្ភារៈសង្គ្រោះផ្សេងៗទៀត ឲ្យបានគ្រប់ចំនួន នៅតាមទូក ឬកប៉ាល់ដឹកភ្ញៀវទេសចរនីមួយៗ។
លោក តាំង សុចិត្រគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថា ឆ្នាំ២០១៧កន្លងទៅ ខេត្តនេះ ទទួលបានភ្ញៀវទេសចរសរុបជិត ២លាននាក់(១,៩៩៥,២០៤)។ ភ្ញៀវជាតិមានចំនួនជាង ១លាន ៥សែននាក់ (១,៥២៥,២៨៦) និងអន្តរជាតិជិត ៥សែននាក់ (៤៦៩,៩១៨)។ ក្នុងនោះភ្ញៀវទេសចរណ៍ចេញទៅកម្សាន្តតាមកោះតាមរយៈទូកទេសចរណ៍សរុបមានចំនួនជិត ១ពាន់ជើង (៩៨២៣) និងមានចំនួនភ្ញៀវជាតិ-អន្តរជាតិសរុបជិត ៥សែននាក់ (៤០៩,៤៦០)។
លោក តាំង សុចិត្រគ្រឹះស្នា ទទួលស្គាល់ថា ការងាររួមគ្នាថែរក្សាអនាម័យបរិស្ថានឆ្នេរសមុទ្រ ឲ្យមានសោភ័ណ្ឌភាពជាប្រចាំ គឺពិតជាអាចរួមចំណែកជួយទាក់ទាញកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិ ឲ្យចូលមកទស្សនាខេត្តព្រះសីហនុ កើនខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំពិតមែន។ ជាងនេះទៀត លោកថា គួបផ្សំប្រតិបត្តិករទេសចរ មួយចំនួន បានចូលរួមសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ និងមន្ទីរទេសចរណ៍ខេត្ត ដោយបានចូលរួមបង្កើតឲ្យមានទីតាំងកម្សាន្តនៅតាមឆ្នេរសមុទ្រ នៅតាមកោះនានា ឲ្យមានសោភ័ណ្ឌភាពច្រើនកន្លែង ឬច្រើនទីតាំង ហើយសេវាបំរើផ្សេងៗជូនភ្ញៀវ មានតម្លៃសមរម្យ និងផ្តល់សន្តិសុខល្អជូនភ្ញៀវមានសុវត្ថិភាពល្អ គឺអាចជម្រុញ ឲ្យខេត្តព្រះសីហនុ នាថ្ងៃអនាគត នឹងទទួលបានការចាប់អារម្មណ៍កាន់តែច្រើនថែមទៀត ពីសំណាក់ភ្ញៀវទេសចរពិសេសភ្ញៀវទេសចរអន្តរជាតិ៕ ដែន សីមា