ភ្នំពេញ ៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានប្រកាសថា ចិនមិនគាំទ្រចំពោះជនជាតិខ្លួន ដែលចង់បង្កើត China Town នៅប្រទេសកម្ពុជានិងប្រឆាំងចំពោះជនជាតិចិនណាមួយ ដែលចង់សាងសង់កាស៊ីណូ នៅក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងទាក់ទាញជនជាតិចិន មកលេងល្បែងស៊ីសង។
ថ្លែងក្នុងសន្និសីទកាសែតមួយ នៅស្ថានទូតចិនប្រចាំនៅកម្ពុជា នារសៀល ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ លោក ស្យុង ប៉ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា “មានមតិមួយចំនួនបានលើកឡើងថា នៅពេលមានប្រជាជនចិនជាច្រើនរស់នៅ ខេត្តព្រះសីហនុ នឹងធ្វើឱ្យខេត្តព្រះសីហនុ ក្លាយជាទីក្រុងស៊ិនចិនទី២ ឬក៏ China Town ទី២ នៅកំពង់សោម។ ភាគីចិនមិនទទួលយក ឬមិនគាំទ្រ មតិដូចអញ្ចឹងទេ។ លោកបានបន្តថា “ខ្ញុំសូមប្រកាសជាផ្លូវការថា ភាគីចិន ស្ថានទូតចិន អត់គាំទ្រដល់ជនជាតិចិនណាមួយ ដែលមានគម្រោងចង់សាងសង់ China Town ណាមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា”។
លោកអគ្គរដ្ឋទូតចិន បានលើកឡើងថា គ្រាន់តែប្រៀបធៀប គឺយកខេត្តព្រះសីហនុ ប្រៀបធៀបទៅនឹងខេត្តសិនចិន ប្រទេសចិន គឺចង់បង្ហាញឱ្យឃើញថា តួនាទីកំពង់សោម ក៏ដូចជាតួនាទីរបស់ទីក្រុងសិនចិន គឺក្លាយទៅជាកំពង់ផែអន្តរជាតិ នាំមកនូវការទាក់ទាញវិនិយោគិន កាន់តែច្រើនពីខាងក្រៅ មកបណ្តាក់ទុនវិនិយោគ នៅកម្ពុជា។
លោកអគ្គរដ្ឋទូតបានថ្លែងថា ចំពោះជនជាតិចិន ណាមួយដែលចង់បង្កើតកាស៊ីណូ ចង់បង្កើត China Town នៅក្នុងប្រទេសកម្ពុជា សំដៅពិសេសប្រមូលប្រជាជនចិន ជាក្រុមៗមកដល់កម្ពុជា ដើម្បីលេងល្បែងស៊ីសង ដែលការអូសទាញជនជាតិចិនមកលេងល្បែងបែបនេះ ធ្វើឱ្យខាតប្រយោជន៍របស់ជនជាតិចិន ហើយអំពាវនាវឱ្យប្រជាជនចិន ត្រូវចៀសឱ្យឆ្ងាយពីការលេងល្បែងស៊ីសង។
លោកបានថ្លែងថា ចំពោះជនណាមួយ ដែលជួលផ្ទះ ឬគ្រឹះស្ថាននៅកម្ពុជា ប្រើប្រាស់បរិក្ខារ សម្ភារៈចាប់ជំរិតទារលុយពីប្រជាជនចិន នៅកម្ពុជាគឺជាបទល្មើស គឺចិននឹងបង្ក្រាបជាដាច់ខាត៕ ដោយ៖បញ្ញាស័ក្តិ