ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា កម្លាំងមានសមត្ថកិច្ច បើបង្ក្រាបបទល្មើសគ្រឿងញៀន ហើយដកហូតថ្នាំញៀនសុទ្ធបាន១គីឡូក្រាម នឹងទទួលបានការជួយឧបត្ថមជាថវិកាលើកទឹកចិត្តពីក្រសួងមហាផ្ទៃចំនួន ១ម៉ឺនដុល្លារអាមេរិក ។
ការបញ្ជាក់បែបនេះរបស់សម្ដេចក្រឡាហោម បានធ្វើឡើងកាលពីរសៀលថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុង ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៨ របស់រដ្ឋបាលរាជធានី នៅសាលារាជធានីភ្នំពេញ។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ជាការលើកទឹកចិត្ត គឺបើកម្លាំងមានសមត្ថកិច្ច បង្ក្រាបបទល្មើសគ្រឿងញៀន ហើយដកហូតថ្នាំញៀនសុទ្ធបាន១គីឡូក្រាម ក្រសួងមហាផ្ទៃ នឹងជួយឧបត្ថម្ភជាថវិកាចំនួន ១ម៉ឺនដុល្លារអាមេរិក ។សម្ដេចក្រឡាហោម ៖បានអោយមន្ត្រី កងកម្លាំងទាំងអស់ គោរពនៅវិជ្ជាជីវៈ ធ្វើអ្វីអោយមានភាពពិតប្រាកដ និងត្រឹមត្រូវ ហើយថ្នាំញៀននោះជាថ្នាំញៀនសុទ្ធ បង្ក្រាបបានជាក់ស្តែង។
សម្ដេចក្រឡាហោម ស ខេងបានមានប្រសាសន៍ថា យើងត្រូវផ្សព្វផ្សាយទិសដៅការងារ ក្នុងសន្និបាតនេះអោយប្រជាពលរដ្ឋបានដឹងនិងចូលរួមមួយយើង នោះមានន័យថា យើងជោគជ័យមួយជំហានហើយ។ការពង្រឹងសន្តិសុខ សុវត្ថិភាព ស្ថេរភាពនយោបាយ
នេះជារឿងសំខាន់ ហើយសំខាន់ថែមទៀតនោះគឺការចូលរួមពីប្រជាពលរដ្ឋ មានន័យថា បើគាត់មិនបានជួយអ្វីដល់យើង យ៉ាងហោចណាស់ក៏គាត់មិនរំខានដល់ការងារយើងដែរ។
សម្ដេចក្រឡាហោម ស ខេង បានបន្តថា សមិទ្ធផលដែលរាជធានីភ្នំពេញទទួលបាននៅក្នុឆ្នាំ២០១៧កន្លងមកនេះជាជោគជ័យដ៏ធំធេង ជាមួយរាជរដ្ឋាភិបាល ហើយ អ្វីដែលយើងអនុវត្តបានល្អហើយ យើងត្រូវបន្តធ្វើទៀត ហើយអ្វីដែលនៅចន្លោះប្រហោងយើងត្រូវបំពេញបន្ថែម៕ ដោយ៖កូឡាប