ភ្នំពេញ៖ គូស្នេហ៍ចាស់វស្សាមួយគូ បានធ្វើឲ្យកក្រើកបណ្តាញសង្គមហ្វេសប៊ុកតែម្តង បន្ទាប់ពីរូបភាពជាច្រើនសន្លឹក និងវីដេអូ ត្រូវបានគេស៊ែរតៗគ្នាឡើងព្រោងព្រាត បង្ហាញពីទិដ្ឋភាពអ្នកទាំងពីរដឹកដៃគ្នាចូលរោងការតាមប្រពៃណី កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងភូមិអូរតូច សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា កូនកំលោះឈ្មោះ នួន ខេង អាយុ ៨៧ ឆ្នាំ ខណៈកូនក្រមុំឈ្មោះ រស់ ម៉ៅ អាយុ ៦៧ ឆ្នាំ ជាក្រមុំចាស់ (មិនដែលស្គាល់រសជាតិប្តីម្តងណាសោះ) ហើយក៏ត្រូវជាប្អូនថ្លៃរបស់កូនកំលោះផងដែរ។
យ៉ាងណាមិញ បើតាមកូនប្រុសរបស់លោកតាជាកូនកំលោះ បានប្រាប់ឲ្យដឹងថា បន្ទាប់ពីម្តាយរបស់ពួកគាត់បានចែកឋានទៅអស់រយៈពេលជិត១ឆ្នាំ គាត់ និងបងស្រី២នាក់ទៀត បានសម្រេចចិត្តយកម្តាយមីងបង្កើត (កូនក្រមុំ) ដែលគ្មានកូនចៅមួយគ្រាប់មើលថែ ឲ្យមករស់នៅជាមួយ។ ប៉ុន្តែ ខណៈម្តាយមីងមករស់នៅជាមួយមិនបានប៉ុន្មានខែផង ក៏ស្រាប់តែឪពុករបស់គាត់មានចិត្តប្រតិព័ទ្ធទៅលើម្តាយមីង ហើយបានឲ្យពួកគាត់ជួយគិតគូររៀចចំអាពាហ៍ពិពាហ៍ឲ្យពួកគាត់ទាំងពីរតែម្តងទៅ។
កូនប្រុសរូបនោះក៏បានបង្ហើបឲ្យដឹងថា រាល់ការចាត់ចែងរៀបចំមង្គលការជូនឪពុក និងម្តាយមីងវ័យចំណាស់ គឺធ្វើម្ហូបទទួលភ្ញៀវចំនួន៤៥តុ ដោយមានកម្មវិធីបង្វិលពពិលកម្មវិធីចងដៃ បាចផ្កាស្លា និងកាត់នំខេក មានតន្ត្រីអកកាដង់យ៉ាងអធឹកអធម ដោយមិនចាញ់មង្គលការក្មេងៗប៉ុន្មាននោះទេ៕ ដោយ៖ លឹម ហុង