Saturday, January 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម ៖ រាជធានី​ភ្នំពេញ គឺជា​មូលដ្ឋាន​ដ៏​សំខាន់ ក្នុង​ការពង្រឹង​សន្តិភាព​និង​ស្ថេរភាព​

​ភ្នំពេញ ​៖ ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានចាត់ទុក រាជធានី​ភ្នំពេញ ជា​បេះដូង​របស់​ជាតិ និង ជា​កន្លែង​ប្រមូលផ្តុំ​នូវ​បញ្ហា​ទាំងឡាយ នា​ពេលកន្លងមក រាជធានី​ភ្នំពេញ​ពិតជា​ដើរតួ​សំខាន់​ជា​មួយ និង​ក្រសួង ស្ថាប័ន និង​សមត្ថកិច្ច ពាក់ព័ន្ធ ក្នុង​ការពង្រឹង​សន្តិភាព ស្ថេរភាព ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ តាំងពី​ថ្នាក់​ជាតិ រហូតដល់​ថ្នាក់​ក្រោម​ជាតិ ជា​ពិសេស​ការចូលរួម​របស់​ប្រជាពលរដ្ឋ​។​

​ការបញ្ជាក់​របស់​សម្ដេច​ក្រឡា​ហោម ស ខេង បាន​ធ្វើឡើង កាលពី​រសៀល​ថ្ងៃ​ពុធ ទី​៧ ខែ​កុម្ភះ ឆ្នាំ​២០១៨ ក្នុង​ពិធី​បិទ​សន្និបាត បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង លើក​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​ឆ្នាំ​២០១៨ របស់​រដ្ឋបាល​រាជធានី នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​សម្តេច​ក្រឡាហោម បានបញ្ជាក់​ថា ការចូលរួម​របស់​ប្រជាពលរដ្ឋ ដែល​មិន​ធ្វើ​អ្វី​ឱ្យ​មាន​ការរំខាន និង​ប៉ះពាល់​ដល់​សុខសន្តិភាព និង​ស្ថេរភាព​នយោបាយ​នោះ ចាត់ទុកថា ជា​ការចូលរួម​ដ៏​ធំធេង បើទោះជា​គាត់​មិនមែនជា​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក៏ដោយ តែ​បាន​ប្រកាន់​នូវ​ឥរិយាបទ មិន​ធ្វើ​អ្វី​ប៉ះពាល់​ដល់​សន្តិភាព​ដែល​បាន​កើត​មក​ដោយ​កិច្ច​ខិតខំ​ប្រឹង​ប្រែ​ដ៏​លំបាក​បំផុត​។

​​ពាក់ព័ន្ធ​និង​ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់​នៅ​រាជធានី​ភ្នំពេញ​វិញ សម្តេច​ក្រឡាហោម បាន​ទទួលស្គាល់ថា នៅ​មាន​បញ្ហា​ប្រឈម និង​ការលំបាក​ជាច្រើន តែ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការដោះស្រាយ ព្រោះថា​ជា​កន្លែង​ប្រមូលផ្តុំ​មនុស្ស​រស់​នៅ​ច្រើន រាល់​បញ្ហា​ទាំងឡាយ​គឺ​បាន​កើតមានឡើង ពិសេស បញ្ហា​សណ្តាប់ធ្នាប់​សាធារណៈ និង​បញ្ហា​ចរាចរ ដែល​កើតឡើង​ដោយសារ កំណើន​នៃ​មធ្យោបាយ និង ការ​មក​រស់នៅ​របស់​ប្រជាពលរដ្ឋ​ពី​គ្រប់ទិសទី ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។​

​ក្នុងនោះ​សម្តេច ក្រឡា​ហោម បាន​ចាត់ទុកថា នេះ​ជា​ឱកាស​របស់​កម្ពុជា​មួយ​ដែរ បើសិនជា​មិន​បាន​ជួបប្រទះ​បញ្ហា​ខាងលើ​នេះ​ទេ ប្រហែលជា​គ្មាន​ឱកាស ដើម្បី​និង​រៀបចំ​ស្ថានការណ៍​នេះ​ឱ្យ​ល្អ​ប្រសើរ​ដែរ​។ បើ​គ្មាន​ការកើនឡើង នៃ​មធ្យោបាយ ឬ មនុស្ស​នៅក្នុង​ទីក្រុង​ទេ ក៏​ជា​ការបញ្ជាក់​ថា ប្រទេស​នោះ​គ្មាន​ការអភិវឌ្ឍន៍ និង​រីកចំរើន​នោះដែរ​។​

​សម្តេច​ក្រឡាហោម​បញ្ជាក់ទៀតថា កម្ពុជា​សុទ្ធចិត្ត​ទទួលយក នូវ​បញ្ហា​ប្រឈម​ទាំងនោះ ដើម្បី​ធ្វើ​ការសិក្សា ស្រាវជ្រាវ ពី​មូលហេតុ​ពិតប្រាកដ ហើយ​ដាក់​ចេញ​នូវ​វិធានការ​សមស្រប ដោះស្រាយ​ជា​បន្តបន្ទាប់ ដូចដែល​បាន​ធ្វើ​ក្នុង​ឆ្នាំ​២០១៧​កន្លងទៅ រួមមាន​៖ ការអនុវត្ត​ច្បាប់​ចរាចរ​ផ្លូវគោក ការបង្ក្រាប​គ្រឿងញៀន ល្បែងស៊ីសង​ខុសច្បាប់ អំពើចោរកម្ម ជាដើម​។​សម្តេច​បាន​សង្កត់ធ្ងន់​ថា រាជធានី​ភ្នំពេញ ក៏​ដូចជា​បណ្តា​ខេត្ត​នានា ការរក្សាបាន​នូវ​សន្តិសុខ​សម្រាប់​បំរើ​ឱ្យ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ក្នុង​ឆ្នាំ​២០១៧ កន្លងទៅនេះ គឺជា​ព្រឹត្តការដ៏​អស្ចារ្យ​មួយ សម្រាប់​ប្រទេស​ដែល​ទើបតែ​ចេញពី​សង្គ្រាម​ដូច​កម្ពុជា ហើយ​កន្លង​ទៅនេះ បាន​អនុវត្ត នូវ​លិទ្ធិ​ប្រជា​ធិ​តេ​យ្យ សេរី​ពហុបក្ស ធ្វើ​ការបោះឆ្នោត​ទទួលបាន​ជោគជ័យ​ជា​ច្រើនលើក ដែល​ជាមោ​ទ ន​ភាព​របស់​ជាតិ​។​

​សម្តេច​ឧបនាយករដ្ឋមន្ត្រី​បន្ថែមថា សម្រាប់​ឆ្នាំ​២០១៨​នេះ ក៏​ជា​ឆ្នាំ​ដ៏​សំខាន់ ដែល​កម្ពុជា នឹង​មាន​ការបោះឆ្នោតរ​ហូត​ដល់​ទៅ​២ គឺ​ការបោះឆ្នោត​ព្រឹទ្ធសភា​និតិ​កាល​ទី​៤ និង ការបោះឆ្នោត​ជ្រើសរើស តំណាងរាស្ត្រ និតិ​កាល​ទី​៦ ដែល​ជា​ព្រឹត្តិការ​នយោបាយ​ដ៏​ធំ ដែល​អាច​ជា​ការបកស្រាយ និង​ពន្យល់​ដល់​មតិសាធារណៈ ពិសេស​អន្តរជាតិ ឱ្យឃើញថា កម្ពុជា​នៅតែ​បន្ត​ដើរ​លើ​ផ្លូវ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​យ៉ាង​ពិតប្រាកដ​។ មួយវិញទៀត កម្ពុជា​បាន​ចូលរួម​អនុវត្ត នយោបាយ​កំណែទម្រង់ របស់​រាជរដ្ឋាភិបាល ក្នុងនោះ កំណែទម្រង់ វិមជ្ឈការ និង វិសហមជ្ឈការ ដែល​ត្រូវបាន​មជ្ឈដ្ឋាន​ទូទៅ យកចិត្តទុកដាក់ ពិសេស​កំណែទម្រង់​ពាក់ព័ន្ធ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ជាដើម​។ ដោយឡែក កំណែទម្រង់ វិមជ្ឈការ និង វិសហមជ្ឈការ ដែល​ជា​កំណែទម្រង់​មួយ​មាន​អត្ថន័យ​ជ្រាលជ្រៅ ដល់​ការពង្រឹង​ស្ថេរភាព​នយោបាយ ការពង្រឹង​លទិ្ធប្រជាធិបតេយ្យ ពង្រឹង​ភាព​ធ្វើ​ជា​ម្ចាស់​របស់​ប្រជាពលរដ្ឋ និង​ការ​ជម្រុញ​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។​

​ក្នុងឱកាស​នោះ​សម្តេច ក្រឡា​ហោម បាន​បញ្ជាក់បន្ថែម​ថា រាល់​សមិទ្ធិផល​ដែល​រាជធានី​ភ្នំពេញ​សម្រេច បាន​ក្នុង​ឆ្នាំ​កន្លងទៅនេះ គឺ​បាន​រួមចំណែក​យ៉ាង​ពិតប្រាកដ ទៅក្នុង​ជោគជ័យ​រួម​របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្តេច តេ​ជោ នាយករដ្ឋមន្ត្រី និង​បាន​ធ្វើឱ្យ​សុខ​សន្តិភាព​មាន​យ៉ាងរឹងមាំ មាន​ស្ថេរភាព​នយោបាយ យ៉ាង​ល្អប្រសើរ មាន​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​រីកចំរើន គួរឱ្យកត់សម្គាល់ និង​ជា​មោទនភាព​។ សម្តេច​ក្រឡាហោម សុំ​ឱ្យ​ថ្នាក់ដឹកនាំ និង​គ្រប់​ភាគី​ពាក់ព័ន្ធ បន្ត​យកចិត្តទុកដាក់​អនុវត្ត​សកម្មភាព​នេះ​តទៅទៀត ដើម្បី​ប្រយោជន៍ ប្រជាជន និង​ប្រទេសជាតិ​៕​ ដោយ​៖​កូឡាប​

×